យ៉ូហាន១ (០១)

ព្រះបន្ទូល​នៃ​ជីវិត
 ព្រះបន្ទូល​ដែល​ផ្ដល់​ ជីវិត​ គង់​នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​ព្រះបន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់  (ដ្បិត​ជីវិត​នេះ​បាន​លេច ​មក​អោយ​យើង​ឃើញ ហើយ​យើង​សូម​ផ្ដល់​សក្ខីភាព និង​សូម​ជូន​ដំណឹង​មក​បង​ប្អូន អំពី​ជីវិត​អស់កល្ប​ជានិច្ចដែល​បែរ​ទៅ​រក​ ព្រះបិតា និង​លេច​មក​អោយ​យើង​ឃើញ)។ ៣ យើង​សូម​ជូន​ដំណឹង​អំពី​ ព្រះបន្ទូល​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​ដល់​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង រីឯ​យើង​វិញ យើង​ក៏​រួម​រស់​ជា​មួយ​ព្រះបិតា និង​ជា​មួយ​ព្រះយេស៊ូគ្រីស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ។ ៤ យើង​សរសេរ​សេចក្ដី​ទាំង​នេះ​មក​ជូន​បង​ប្អូន ដើម្បី​អោយ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។

ព្រះជាម្ចាស់​ជា​ពន្លឺ
 ដំណឹង​ដែល​យើង​បាន​ឮ​ពី​ ព្រះយេស៊ូគ្រីស្ដ* ហើយ​យក​មក​ជំរាប​ជូន​បង​ប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅៈ ព្រះជាម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។ ប្រសិន​បើ​យើង​ពោល​ថា យើង​រួម​រស់​ជា​មួយ​ព្រះអង្គ តែ​យើង​បែរ​ជា​រស់​ ក្នុង​សេចក្ដី​ងងឹត​ទៅ​វិញ​នោះ យើង​និយាយ​កុហក​ហើយ គឺ​យើង​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ព្រះអង្គ​ផ្ទាល់​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះលោហិត​របស់​ព្រះយេស៊ូ ជា​ព្រះបុត្រា​របស់​ព្រះអង្គ​ជំរះ​យើង​អោយ​បាន​បរិសុទ្ធ* រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។

អំពើ​បាប និង​ការ​អត់ទោស
 ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​ក៏​មិន​ស្ថិត​នៅ​ក្នុង​យើង​ដែរ។ ៩ ប៉ុន្តែ បើ​យើង​ទទួល​សារភាព​អំពើ​បាប​របស់​យើង នោះ​ព្រះជាម្ចាស់​ដែល​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ និង​សុចរិត* ទ្រង់​​នឹង​អត់ទោស​យើង​អោយ​រួច​ពី​បាប ព្រម​ទាំង​ជំរះ​យើង​អោយ​​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ ១០ ប្រ​សិន​​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​ដូច​ជា​យើង​ចោទ​ថា ព្រះជាម្ចាស់​កុហក​ទៅ​វិញ ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​យើង​ទេ។