មាតិកា

ព្យាការីយ៉ូអែល

ពាក្យលំនាំ

ទោះបីយើងពុំដឹងថា  ព្យាការីយ៉ូអែល​ជានរណា​  ​ហើយក៏ពុំដឹងពិតប្រាកដថាលោករស់នៅជំនាន់ណា​ក្តី ក៏ខ្លឹមសារនៃសេចក្តីដែល លោកថ្លែង  ប្រកបដោយថាមពលវិសេស ។ ​គោលដ៏សំខាន់នៃសេចក្តីដែល​មាននៅក្នុងក័ណ្ឌគម្ពីរនេះ  ​គឺការប្រកាសអំពីថ្ងៃដែលព្រះ​អម្ចាស់យាងមកសំដែង ប្ញទ្ធានុភាព​របស់ព្រះអង្គ​ដោយវិនិច្ឆ័យទោសជាតិសាសន៍នានា   ​និង​ វិនិច្ឆ័យទោសជនជាតិអ៊ីស្រាអែលតាម​គោលជំហរដែលពួកគេ​ប្រកាន់យក  នៅចំពោះ ព្រះភ័ក្ត្រព្រះអង្ គ។ ​មុនពេលព្រះអម្ចាស់យាងមកវិនិច្ឆ័យទោស  ​មានកើតអព្ភូត​ហេតុ​អស្ចារ្យផ្សេងៗ  ​និង​មហន្តរាយ ។   ​ការរាតត្បាត របស់សត្វល្អិត   ​ការរាំងស្ងួត  ​អគ្តីភ័យ​និង​ការឈ្លាន​ពាន​របស់កងទ័ពបច្ចាមិត្ត​  ជាសញ្ញា​សំគាល់នៃថ្ងៃរបស់ព្រះអម្ចាស់  ​  ​(១.​២​-​១២​;​  ១៥​-​១៨​;  ​២.​១-​១១)។

ព្យាការីប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល​ដែលបាត់បង់អ្វីៗទាំងអស់  ​អោយវិលមករកព្រះអម្ចាស់​វិញ  (១.​១៣​-​១៤​;  ១៩-២០​;  ២.​១២​-​១៧)  ​    ​ដើម្បីទទួលការសង្គ្រោះ។  ​ ប្រសិនបើពួកគេវិលមករក​ព្រះអង្គនោះ  ​ព្រះអង្គសន្យានឹងប្រទានភាពសម្បូណ៌​សប្បាយដល់​ពួកគេ  (២.​១៨​-​២៧​;  ​៣.​១​-​៥;  ​៤.​១៧​-២១)  ​បើមិនដូច្នោះទេ  ​ពួកគេត្រូវខ្វះខាត  ​ហើយរងនូវព្រះពិរោធរបស់ព្រះអង្គទៀតផង។

ប្រជាជាតិនានា  នឹងត្រូវវិនាសសូន្យ   (៤.​១​-​១៦)   ​រីឯប្រជាជាតិអ៊ីស្រាអែលវិញ​នឹងយល់ថា   វត្តមាន​របស់ព្រះអម្ចាស់ក្នុងចំណោម​ពួក​គេ​នាំមក នូវព្រះពរយ៉ាងណាខ្លះ ។ ​ក័ណ្ឌគម្ពីរយ៉ូអែលប្រកាសទៀតថា​ថ្ងៃមួយ  ព្រះជាម្ចាស់នឹងគង់ជាមួយមនុស្សគ្រប់ៗរូប  ​ដោយ​ព្រះអង្គចាក់បង្ហូរ ព្រះវិញ្ញាណ របស់ព្រះអង្គទៅ​លើពួកគេ  (៣.​១​-​២​) ។ ​គ្រីស្តបរិស័ទនៅបឋមសម័យ​បានទទួលព្រះបន្ទូលសន្យានេះ​នៅ​បុណ្យថ្ងៃទី​ហាសិប  (កិច្ចការ  ២.  ១​-​២១)។