ព្យាការីយ៉ូអែល (០៤)

ការវិនិច្ឆ័យទោសប្រជាជាតិនានា
(៣)១ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«នៅគ្រានោះ គឺនៅពេលដែលយើង
ស្ដារស្រុកយូដា និងក្រុងយេរូសាឡឹម
ដូចដើមឡើងវិញ
២ យើងនឹងប្រមូលប្រជាជាតិទាំងអស់
អោយមកជួបជុំគ្នានៅជ្រលងភ្នំយ៉ូសាផាត។
នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ
ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ
អ៊ីស្រាអែល ជាប្រជារាស្ត្រ
និងជាចំណែកមត៌ករបស់យើង
ដោយកំចាត់កំចាយអោយទៅនៅក្នុងចំណោម
ជាតិសាសន៍ទាំងឡាយ។
យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ
យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។
៣ ពួកគេយកប្រជារាស្ត្ររបស់យើង
ទៅចាប់ឆ្នោតចែកគ្នា
ពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យា
ពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។
៤ រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុស
អ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាន
នៃស្រុកភីលីស្ទីន
តើអ្នករាល់គ្នាចង់ធ្វើអ្វីយើង?
តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ?
ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើង
នោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយ
ហើយយ៉ាងឆាប់រហ័ស
តាមអំពើដែលអ្នករាល់គ្នា
ប្រព្រឹត្តប្រឆាំងនឹងយើង។
៥ អ្នករាល់គ្នាបានយកមាស និងប្រាក់របស់យើង
គឺអ្វីៗដ៏មានតម្លៃ
ទៅទុកនៅក្នុងវិហាររបស់អ្នករាល់គ្នា។
៦ អ្នករាល់គ្នាបានលក់ប្រជាជនស្រុកយូដា
និងអ្នកក្រុងយេរូសាឡឹម ទៅអោយជនជាតិក្រិក
ដើម្បីយកពួកគេចេញឆ្ងាយពីទឹកដីរបស់ខ្លួន។
៧ ប៉ុន្តែ យើងនាំពួកគេចាកចេញពីស្រុក
ដែលអ្នករាល់គ្នាលក់គេទៅនោះ
អោយវិលត្រឡប់មកវិញ។
យើងនឹងដាក់ទោសអ្នករាល់គ្នា
តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត។
៨ យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
ទៅអោយប្រជាជនស្រុកយូដា
ហើយប្រជាជនយូដានឹងលក់ពួកគេ
ទៅអោយអ្នកស្រុកសេបា
ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ:
ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក!
ចូរប្រមូលទាហានដ៏ពូកែ!
ចូរអោយអ្នកចំបាំងចេញទៅសមរភូមិ!
១០ ចូរយកផាលនង្គ័លមកដំធ្វើដាវ
ចូរយកកណ្ដៀវមកដំធ្វើផ្លែលំពែង!
ចូរអោយអ្នកទន់ខ្សោយពោលថា
“ខ្ញុំជាមនុស្សខ្លាំងពូកែ!”។
១១ ប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញអើយ
ចូរប្រញាប់ប្រញាល់នាំគ្នាមក
ចូរប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ!
ព្រះអម្ចាស់អើយ
សូមអោយកងពលរបស់ព្រះអង្គចុះមក!។
១២ «ចូរអោយប្រជាជាតិនានាក្រោកឡើង
ទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយ៉ូសាផាត
ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិ
ទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។
១៣ ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត!
ធុងសំរាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយ
ចូរនាំគ្នាមកជាន់!
ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ!
ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។
១៤ មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់
ជ្រលងភ្នំវិនិច្ឆ័យទោស
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ ជិតមកដល់
នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!
១៥ ព្រះអាទិត្យ និងព្រះច័ន្ទនឹងងងឹតសូន្យ
រីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។
១៦ ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន
ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម
ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក
តែព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាជំរករបស់ជនជាតិអ៊ីស្រាអែល។
១៧ «ពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថា
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
យើងស្ថិតនៅលើភ្នំស៊ីយ៉ូន
ជាភ្នំដ៏វិសុទ្ធរបស់យើង
ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ
ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន
ក្រុងនេះទៀត។
១៨ នៅគ្រានោះ នឹងមានចំការទំពាំងបាយជូរ
ពាសពេញភ្នំ ផ្ដល់ទឹកទំពាំងបាយជូរដ៏ហូរហៀរ។
នៅតាមភ្នំតូចៗក៏មានហ្វូងសត្វយ៉ាងច្រើន
ដែលផ្ដល់ទឹកដោះដ៏ហូរហៀរដែរ។
ទឹកនឹងហូរសាជាថ្មី
នៅតាមជ្រោះទាំងប៉ុន្មាន ក្នុងស្រុកយូដា។
មានប្រភពទឹកមួយហូរចេញ
ពីព្រះដំណាក់របស់ព្រះអម្ចាស់
ទៅស្រោចស្រពជ្រលងភ្នំគីទីម។
១៩ ស្រុកអេស៊ីបនឹងក្លាយទៅជាទីស្មសាន
ស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថាន
ដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅ
ដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដា
ហើយបង្ហូរឈាមប្រជាជនស្លូតត្រង់
នៅក្នុងស្រុករបស់គេ។
២០ រីឯស្រុកយូដានឹងមានមនុស្សរស់នៅរហូតតទៅ
ហើយក្រុងយេរូសាឡឹមក៏មានមនុស្សរស់នៅ
អស់កល្បជាអង្វែងតរៀងទៅដែរ។
២១ យើងនឹងចាត់ទុកប្រជាជននេះ
ថាគ្មានទោសទៀតឡើយ។
យើងជាព្រះអម្ចាស់ នឹងគង់នៅក្រុងស៊ីយ៉ូន»។