ព្យាការីយ៉ូអែល (០១)


១ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយ៉ូអែល ជាកូនរបស់លោកពេទូអែល។

សត្វកណ្ដូបស៊ីបង្ហិនភោគផល
២ ពួកព្រឹទ្ធាចារ្យអើយ ចូរស្ដាប់!
អ្នកទាំងអស់គ្នាដែលរស់នៅក្នុងស្រុកអើយ
ចូរផ្ទៀងត្រចៀកស្ដាប់!
តើហេតុការណ៍នេះធ្លាប់កើតមាន
នៅជំនាន់អ្នករាល់គ្នា
ឬនៅជំនាន់ដូនតារបស់អ្នករាល់គ្នា?
៣ ចូររៀបរាប់ហេតុការណ៍នេះ
ប្រាប់កូនចៅរបស់អ្នករាល់គ្នា
ហើយអោយកូនចៅរបស់អ្នករាល់គ្នា
រៀបរាប់ប្រាប់កូនចៅរបស់ខ្លួន
រួចអោយអ្នកទាំងនោះរៀបរាប់ប្រាប់ជាបន្ត
ទៅកូនចៅនៅជំនាន់ក្រោយៗ។
៤ អ្វីៗដែលដង្កូវទុកអោយនៅសល់
នោះមានកណ្ដូបស៊ីបង្ហិន
អ្វីៗដែលកណ្ដូបទុកអោយនៅសល់
នោះមានចង្រិតស៊ីបង្ហិន
ហើយអ្វីៗដែលចង្រិតទុកអោយនៅសល់
នោះមានក្រាស៊ីបង្ហិន។
៥ មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង
ហើយនាំគ្នាយំសោក!
អស់អ្នកចំណូលស្រាអើយ
ចូរសោកសង្រេងទៅ!
អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។
៦ មានកណ្ដូបមួយហ្វូង លើកគ្នាដូចកងទ័ពមួយ
មកប្រហារស្រុករបស់យើង
ពួកវាខ្លាំងពូកែ និងមានចំនួនច្រើនឥតគណនា
មានចង្កូម ដូចចង្កូមរបស់សិង្ហឈ្មោល
និងមានថ្គាមដូចថ្គាមរបស់សិង្ហញី។
៧ ពួកវាបំផ្លាញចំការទំពាំងបាយជូររបស់យើង
ពួកវាកំទេចដើមឧទុម្ពររបស់យើង
ពួកវាស៊ីសំបក និងជំរុះស្លឹកអស់
បន្សល់ទុកតែមែកខូចខាតប៉ុណ្ណោះ។
៨ ចូរសោកសង្រេង ដូចស្រីក្រមុំយំកាន់ទុក្ខ
ព្រោះគូដណ្ដឹងរបស់នាងស្លាប់។
៩ គ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ
មកថ្វាយព្រះអម្ចាស់ក្នុងព្រះដំណាក់ទៀតទេ
ពួកបូជាចារ្យដែលបំពេញមុខងារបំរើ
ព្រះអម្ចាស់នាំគ្នាកាន់ទុក្ខ។
១០ចំការទាំងឡាយត្រូវហិនហោចអស់
សូម្បីតែដីក៏កាន់ទុក្ខដែរ
គ្មានស្រូវ គ្មានស្រាទំពាំងបាយជូរថ្មី
ហើយក៏គ្មានប្រេងទៀតផង។
១១អ្នកភ្ជួររាស់បាក់ទឹកចិត្ត
អ្នកដាំចំការទំពាំងបាយជូរសោកសង្រេង
ព្រោះគ្មានស្រូវ គ្មានដំណាំអ្វីដុះទេ
ហើយនៅរដូវចំរូត ក៏គ្មានអ្វីច្រូតដែរ។
១២ ដើមទំពាំងបាយជូរស្វិតអស់
ដើមឧទុម្ពរក្រៀមស្ងួតអស់
រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុត
ព្រមទាំងដើមឈើឯទៀតៗនៅតាមចំការ
ក៏ងាប់អស់ដែរ
ធ្វើអោយមនុស្សម្នាបាត់បង់អំណរសប្បាយ។
១៣ ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវ
ហើយកាន់ទុក្ខទៅ!
អ្នករាល់គ្នាដែលបំពេញមុខងារបំរើអាសនៈ
ចូរសោកសង្រេងទៅ!
អស់អ្នកដែលបំរើព្រះរបស់ខ្ញុំអើយ
ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ
ដ្បិតគ្មាននរណាយកម្សៅ
ឬស្រាទំពាំងបាយជូរ
មកថ្វាយព្រះរបស់អ្នករាល់គ្នា
នៅក្នុងព្រះដំណាក់ទៀតឡើយ។
១៤ ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ
ហើយប្រកាសពិធីបុណ្យដ៏ឱឡារិក។
ចូរប្រមូលពួកព្រឹទ្ធាចារ្យ និងប្រជាជន
នៅក្នុងស្រុកទាំងមូល
អោយមកជួបជុំគ្នាក្នុងដំណាក់របស់ព្រះអម្ចាស់
ជាព្រះរបស់អ្នករាល់គ្នា
ហើយស្រែកអង្វរសូមព្រះអង្គជួយទៅ!
១៥ ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ!
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ
គឺជាថ្ងៃដែលព្រះដ៏ឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
យាងមកបំផ្លាញអ្វីៗទាំងអស់។
១៦ ពួកយើងឃើញម្ហូបអាហាររលាយបាត់
ពីមុខពួកយើង
ហើយនៅក្នុងដំណាក់របស់ព្រះនៃយើង
ក៏លែងមានអំណរ និងការសប្បាយរីករាយ
ទៀតដែរ។
១៧ គ្រាប់ពូជនៅក្នុងដីក្រៀមស្ងួតអស់
ជង្រុកស្រូវនៅទទេ
ឃ្លាំងទុកភោគផលខូចខាតអស់
ដ្បិតគ្មានស្រូវនៅសល់ឡើយ។
១៨ ហ្វូងសត្វនាំគ្នាស្រែកថ្ងូរ
ហ្វូងគោខ្ចាត់ព្រាត់ទៅគ្រប់ទីកន្លែង
ព្រោះគ្មានស្មៅស៊ី
សូម្បីតែហ្វូងចៀមក៏រីងរៃទៅៗដែរ។
១៩ ព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ
ដ្បិតភ្លើងឆេះកំទេចវាលស្មៅ
អណ្ដាតភ្លើងឆាបឆេះដើមឈើទាំងប៉ុន្មាន
នៅតាមចំការ។
២០ សូម្បីតែសត្វព្រៃក៏បែរមុខទៅរកព្រះអង្គដែរ
ដ្បិតប្រភពទឹកទាំងឡាយរីងស្ងួតអស់
ហើយវាលស្មៅក៏ត្រូវភ្លើងឆាបឆេះអស់ដែរ។