លោក​យ៉ូប (៤២)

ចម្លើយចុងក្រោយរបស់លោកយ៉ូប
១ លោកយ៉ូបទូលព្រះអម្ចាស់ថា៖
២ «ទូលបង្គំទទួលស្គាល់ថា
ព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន
ហើយគ្មានការអ្វីមួយដែលធ្វើអោយព្រះអង្គ
ទាល់ព្រះតម្រិះឡើយ។
៣ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា
“ម្ដេចក៏អ្នកសង្ស័យលើគំរោងការរបស់យើង
ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?”
ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី
ដ៏អស្ចារ្យដោយពុំដឹងខ្លួន
គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា
ដែលទូលបង្គំអាចយល់ និងអាចស្គាល់។
៤ ព្រះអង្គមានព្រះបន្ទូលទៀតថា
“ចូរស្ដាប់សេចក្ដីដែលយើងថ្លែង
យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ”
៥ កាលពីមុនទូលបង្គំគ្រាន់តែបានឮគេនិយាយ
អំពីព្រះអង្គ
ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គ
ផ្ទាល់នឹងភ្នែកតែម្ដង។
៦ ហេតុនេះទូលបង្គំសូមសារភាពកំហុស
ហើយដាក់ខ្លួន
ដោយក្រាបនៅក្នុងធូលីដី និងផេះ»។

ព្រះអម្ចាស់​ប្រទាន​ពរ​អោយ​លោក​យ៉ូប​សា​ជា​ថ្មី
 ក្រោយ​ពេល​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ទាំង​នេះ​មក​កាន់​លោក​យ៉ូប​ហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​អេលី​ផាស​​ជា​អ្នក​ស្រុក​តេម៉ន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្តភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ​ដូច​យ៉ូប ជា​អ្នក​បំរើ​របស់​យើង​ឡើយ។ ៨ ដូច្នេះ ចូរ​យក​គោ​បា​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បំរើ​របស់​យើង ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល*​សំរាប់​អ្នក​រាល់​គ្នា​ចុះ។ យ៉ូប​ជា​អ្នក​បំរើ​របស់​យើង​នឹង​ទូលអង្វរ​អោយ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យាស្រ័យ​ដល់​យ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា អោយ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​យ៉ូប​ជា​អ្នក​បំរើ​របស់​យើង​ឡើយ»។

 លោក​ អេលីផាស​ជា​អ្នក​ស្រុក​តេម៉ន លោក​ប៊ីលដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់។ ពេល​នោះ ព្រះអម្ចាស់​ក៏​អធ្យាស្រ័យ​ដល់​លោក​យ៉ូប។

១០ នៅ​ពេល​ដែល​លោក​យ៉ូប​ ទូលអង្វរ​អោយ​មិត្តភក្ដិ​របស់​លោក ព្រះអម្ចាស់​ប្រោសប្រណី​លោក​អោយ​បាន​ចំរុងចំរើន​ឡើង​វិញ។ ព្រះអម្ចាស់​ប្រទាន​អោយ​លោក​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។ ១១ បង​ប្អូន​ប្រុស​ស្រី​ ទាំង​ប៉ុន្មាន​របស់​លោក និង​ញាតិមិត្ត​ទាំង​អស់​ដែល​លោក​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​លោក ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​លោក នៅ​ក្នុង​ផ្ទះ​របស់​លោក។ ពួក​គេ​សំដែង​ការ​អាណិតអាសូរ និង​សំរាល​ទុក្ខ​លោក ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់​បាន​បណ្ដាល​អោយ​កើត​មាន​ដល់​លោក។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ​មក​ជូន​លោក។ ១២​ព្រះអម្ចាស់ ប្រទាន​ពរ​ដល់​លោក​យ៉ូប​លើក​នេះ ច្រើន​ជាង​មុន​ទៅ​ទៀត គឺ​លោក​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់​ក្បាល អូដ្ឋ​ប្រាំ​មួយ​ពាន់​ក្បាល គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់​ក្បាល។ ១៣ លោក​មាន​កូន​ប្រុស​ប្រាំពីរ​នាក់ និង​កូន​ស្រី​បី​នាក់។ ១៤ លោក​ដាក់​ឈ្មោះ​កូន​ស្រី​ទី​មួយ​ថា «យេមីណា» កូន​ស្រី​ទី​ពីរ «កេស៊ីតា» និង​កូន​ស្រី​ទី​បី «កេរេន-ហាពូក»។ ១៥ នៅ​ក្នុង​ស្រុក​នោះ​ ទាំង​មូល​គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត​ដូច​កូន​ស្រី​របស់​លោក​យ៉ូប​ទេ។ លោក​យ៉ូប ជា​ឪពុក​ក៏​បាន​ចែក​មត៌ក​អោយ​នាង​ទាំង​បី ដូច​បង​ប្អូន​ប្រុសៗ​ទាំង​ប្រាំពីរ​នាក់​ដែរ។

១៦ ក្រោយ​មក​លោក​យ៉ូប​រស់​បាន​មួយ​រយ​សែសិប​ឆ្នាំ​ទៀត លោក​បាន​ឃើញ​កូន​ចៅ​របស់​លោក​រហូត​ដល់​បួន​តំណ។ ១៧ បន្ទាប់​ពី​មាន​អាយុ​យឺនយូរ​សម្បូណ៌​សប្បាយ​មក លោក​យ៉ូប​ក៏​លា​ចាក​លោក​នេះ​ទៅ៕