លោក​យ៉ូប (៤០)

ព្រះជាម្ចាស់ឆ្លើយនឹងប្រសាសន៍របស់លោកយ៉ូប
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់
លោកយ៉ូបទៀតថា៖
២ «អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ
តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត?
អ្នកចូលចិត្តជជែកតវ៉ាជាមួយ
ព្រះជាម្ចាស់ដូច្នេះ
តើអ្នកមានចម្លើយឬទេ?»។
៣ លោកយ៉ូបទូលព្រះអម្ចាស់ថា៖
៤ «ទូលបង្គំជាមនុស្សទន់ទាបណាស់
តើអោយទូលបង្គំឆ្លើយទៅព្រះអង្គវិញ
ដូចម្ដេចបាន?
ទូលបង្គំនឹងយកដៃខ្ទប់មាត់។
៥ ទូលបង្គំបាននិយាយម្ដងរួចមកហើយ
ទូលបង្គំមិននិយាយទៀតទេ
ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ
ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។
៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពី
ក្នុងខ្យល់ព្យុះដូចតទៅ៖
៧ «ចូររៀបចំខ្លួនអោយបានដូចមនុស្សអង់អាច
យើងនឹងសួរអ្នក
ហើយអ្នកត្រូវតែឆ្លើយអោយយើងដឹងផង!
៨ តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌
ហើយអ្នកចង់ថ្កោលទោសយើង
ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
៩ តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់
ហើយមានសំឡេងដូចផ្គរលាន់
ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ?
១០ តើអ្នកមានភាពថ្កុំថ្កើង និងភាពឧត្ដុង្គឧត្ដម
ហើយពោរពេញទៅពន្លឺរស្មីដ៏រុងរឿង
ដូចព្រះជាម្ចាស់ឬ?
១១ ចូរក្រឡេកមើលមនុស្សមានអំនួត
ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេ
និងបន្ទាបពួកគេទាំងអស់គ្នាទៅ។
១២ ចូរក្រឡេកមើលមនុស្សមានអំនួត
ហើយបន្ថោកពួកគេទាំងអស់គ្នា!
ចូរជាន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងទៅ។
១៣ ចូរយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នា
ចូរឃុំពួកគេទុកក្នុងរណ្ដៅងងឹត។
១៤ ពេលនោះ យើងនឹងលើកតម្កើងអ្នក
ដ្បិតអ្នកបានទទួលជោគជ័យ
ដោយឫទ្ធិបារមីរបស់អ្នកផ្ទាល់។
១៥ ចូរមើលទៅសត្វដំរីទឹក
ដែលយើងបានបង្កើតមកដូចជាអ្នកដែរ
វាស៊ីស្មៅដូចគោ
១៦ កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះ
សន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វា
១៧ កន្ទុយរបស់វារឹងដូចដើមតាត្រៅ
សរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នា
១៨ ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិន
ហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។
១៩ វាជាស្នាព្រះហស្ដដ៏វិសេសរបស់ព្រះជាម្ចាស់
មានតែព្រះដែលបង្កើតវាទេ
ដែលអាចបង្ក្រាបវាបាន។
២០ វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែល
សត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។
២១ វាដេកនៅក្រោមស្លឹកឈូក
ហើយសំងំនៅតាមដើមត្រែងក្នុងត្រពាំង។
២២ ម្លប់ស្លឹកឈូកបាំងលើវា
ដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។
២៣ ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភ
ទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំង
ក៏វាមិនព្រួយដែរ។
២៤ គ្មាននរណាអាចចាប់វាបាន
ក្នុងពេលដែលវាកំពុងតែបើកភ្នែក
ហើយគ្មាននរណាអាចយកអ្វីទៅខ្លុះច្រមុះ
របស់វាបានដែរ។
២៥ តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេចក្រពើ
ហើយយកខ្សែទៅចងអណ្ដាត់របស់វាបានឬ?
២៦ តើអ្នកអាចយកចន្លុះទៅដាក់ច្រមុះវា
ហើយយកដែកទៅចោះថ្ពាល់របស់វាបានឬ?
២៧តើអ្នកស្មានថាវានឹងទទូចអង្វរអ្នក
ហើយនិយាយមកអ្នកដោយទន់ភ្លន់ឬ?
២៨ តើវាចេះចុះខសន្យាជាមួយអ្នក
ហើយអ្នកប្រើវាជាទាសករបានរហូតឬ?
២៩ តើអ្នកអាចលេងជាមួយវា ដូចលេងចាប
ឬ ក៏អាចចងវា ទុកឲ្យកូនស្រីរបស់អ្នក
មើលកម្សាន្ស?
៣០ តើពួកអ្នករកស៊ីអាចយកវាទៅលក់
ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ?
៣១ តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា
ហើយយកស្នចាក់ត្រីមកចាក់ក្បាល់វាបានឬ?
៣២ ចូរលូកដៃពាល់វាមើល៍
ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា
នោះអ្នកមុខជាលែងហ៊ានពាល់វា
ទៀតមិនខាន!