លោក​យ៉ូប (០៤)

ប្រសាសន៍របស់លោកអេលីផាស: អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ ពិតជាមានសុភមង្គលមិនខាន!
១ លោកអេលីផាស ជាអ្នកស្រុកតេម៉ន
ពោលឡើងថា៖
២ «ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់
តើលោកធុញទ្រាន់នឹងស្ដាប់ឬទេ?
ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត?
៣ លោកបានទូន្មានមនុស្សជាច្រើន
ហើយលោកក៏បានជួយមនុស្សជាច្រើន
អោយមានកម្លាំងឡើងវិញដែរ។
៤ ពាក្យដែលលោកមានប្រសាសន៍
បានធ្វើអោយអ្នកដែលដួលអាចងើបឡើងវិញ
លោកក៏បានធ្វើអោយអ្នកដែលទន់ជង្គង់
អាចឈរមាំមួនឡើងវិញដែរ។
៥ ឥឡូវនេះ ដល់វេនលោក
លោកបែរជាបាក់ទឹកចិត្ត
ពេលហេតុការណ៍នេះកើតមានដល់លោក
លោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។
៦ លោកគោរពកោតខ្លាចព្រះជាម្ចាស់
ហើយរស់នៅដោយទៀងត្រង់
ដូច្នេះ ចូរមានសង្ឃឹម និងផ្ញើជីវិតលើព្រះអង្គចុះ។
៧ សូមលោកគិតមើលចុះថា
តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ
ហើយមនុស្សសុចរិតដែលអន្តរាយឬទេ?
៨ ខ្ញុំធ្លាប់ឃើញថា អស់អ្នកដែលភ្ជួររាស់
សាបព្រោះអំពើអាក្រក់ និងអំពើទុច្ចរិត
រមែងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តជានិច្ច
៩ គឺពួកគេវិនាសដោយសារព្រះពិរោធរបស់
ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេ ដូចព្យុះសង្ឃរា។
១០ ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា
តែព្រះអម្ចាស់នឹងបំបិទមាត់
ហើយបំបាក់ចង្កូមរបស់ពួកគេ។
១១ សិង្ហសាហាវនឹងវិនាសទៅដោយអត់អាហារ
កូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
១២ ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗ
ហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយ
យ៉ាងស្រាលៗ។
១៣ ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់
គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។
១៤ ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វសព៌ាង្គកាយ
១៥ គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹង
ផ្ទៃមុខរបស់ខ្ញុំ ធ្វើអោយខ្ញុំព្រឺសម្បុរ។
១៦ មានម្នាក់ឈរនៅក្បែរខ្ញុំ
តែខ្ញុំមើលមិនស្គាល់ថាជានរណាទេ
មានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំ
ហើយក្នុងភាពស្ងប់ស្ងាត់នោះ
ខ្ញុំឮសំឡេងមួយបន្លឺឡើងថា:
១៧ “តើមនុស្សដែលតែងតែស្លាប់
សុចរិតជាងព្រះជាម្ចាស់
តើគេបរិសុទ្ធជាងព្រះដែលបានបង្កើតខ្លួនឬ?
១៨ សូម្បីតែពួកទេវទូត ជាអ្នកបំរើរបស់ព្រះអង្គ
ក៏ព្រះអង្គទុកចិត្តពុំបានទៅហើយ
ព្រោះព្រះអង្គទតឃើញគេមានកំហុស
១៩ នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ
កើតមកពីធូលីដី
ហើយដែលគេអាចជាន់កំទេចដូចដង្កូវនេះ
តើអោយព្រះអង្គទុកចិត្តដូចម្ដេចបាន?
២០ ក្នុងពេលតែមួយថ្ងៃ មនុស្សត្រូវអន្តរាយ
ហើយវិនាសសូន្យទៅ
ដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។
២១ ពេលខ្សែជីវិតរបស់គេត្រូវដាច់
គេស្លាប់ទៅ ទាំងមិនយល់អ្វីទាំងអស់”។