លោក​យ៉ូប (៣៥)

លោកអេលីហ៊ូចោទលោកយ៉ូបថានិយាយមិនបានការ
១ លោកអេលីហ៊ូមានប្រសាសន៍
ទៀតថា៖
២ «តើលោកស្មានថាលោកត្រូវទាំងស្រុងឬ?
តើលោកអាចពោលថា លោកសុចរិត
ជាងព្រះជាម្ចាស់ឬ?
៣ លោកបានទូលព្រះអង្គថា:
“បើទូលបង្គំមិនប្រព្រឹត្តអំពើបាបសោះ
នោះគ្មានប្រយោជន៍អ្វីសំរាប់ព្រះអង្គទេ
ហើយទូលបង្គំក៏មិនចំណេញអ្វីដែរ!”។
៤ ខ្ញុំសូមឆ្លើយទៅលោក
ព្រមទាំងមិត្តភក្ដិរបស់លោកដូចតទៅ:
៥ សូមលោកសម្លឹងមើលទៅលើមេឃ
សូមមើលទៅពពក
ថាតើវាខ្ពស់ជាងលោកប៉ុនណា!
៦ បើលោកប្រព្រឹត្តអំពើបាប
តើលោកធ្វើអោយព្រះអង្គអំពល់យ៉ាងណា
បើលោកបំពានលើវិន័យ*កាន់តែច្រើនឡើងៗ
តើព្រះអង្គខ្វល់ខ្វាយឬទេ?
៧ បើលោកជាមនុស្សសុចរិត
តើបានផលអ្វីចំពោះព្រះអង្គ?
តើព្រះអង្គទទួលអ្វីពីលោក?
៨ តាមពិតអំពើអាក្រក់ដែលលោកប្រព្រឹត្ត
ផ្ដល់តែទុក្ខទោសដល់មនុស្សដូចលោកប៉ុណ្ណោះ
ហើយអំពើសុចរិតដែលលោកប្រព្រឹត្ត
ក៏ផ្ដល់ផលប្រយោជន៍សំរាប់តែមនុស្សដែរ។
៩ ពេលណាមានការជិះជាន់សង្កត់សង្កិនច្រើន
មនុស្សតែងតែស្រែកថ្ងូរ
ហើយពេលណាអ្នកកាន់អំណាចប្រព្រឹត្ត
អំពើឃោរឃៅកាន់តែខ្លាំងឡើងៗ
មនុស្សតែងតែស្រែកហៅគេជួយ
១០ តែពុំមាននរណាម្នាក់ពោលថា:
“ព្រះជាម្ចាស់ដែលបានបង្កើតខ្ញុំ
ហើយធ្លាប់ដាស់តឿនខ្ញុំ
អោយស្មូត្រទំនុកតម្កើងនៅពេលរាត្រីនោះ
តើព្រះអង្គគង់នៅឯណា”?
១១ ព្រះអង្គប្រៀនប្រដៅអោយយើងមានចំណេះ
ជាងសត្វដែលរស់នៅលើដី
ព្រះអង្គប្រទានអោយយើងមានប្រាជ្ញា
ជាងបក្សាបក្សីដែលហើរនៅលើមេឃ។
១២ ពេលគេស្រែករកព្រះអង្គ
ព្រោះតែអំនួត និងអំពើអាក្រក់របស់គេ
ព្រះអង្គមិនឆ្លើយទេ
១៣ គេស្រែករកព្រះអង្គ
តែឥតបានផលអ្វីឡើយ
ព្រោះព្រះអង្គមិនព្រមស្ដាប់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
មិនរវីរវល់នឹងគេទេ។
១៤ លោកពោលថា លោកមិនឃើញព្រះអង្គ
លោកបានផ្ញើសំណុំរឿងទៅព្រះអង្គ
ហើយលោកនៅរង់ចាំ។
១៥ លោកគិតថាព្រះអង្គមិនដាក់ទោស
ហើយព្រះអង្គក៏មិនចាប់ភ្លឹកនឹងការបះបោរ
របស់លោកដែរ។
១៦ អ្វីៗដែលលោកយ៉ូបនិយាយសុទ្ធតែឥតបានការ
លោកចេះតែពោលពាក្យសំដីឥតខ្លឹមសារ»។