លោក​យ៉ូប (៣១)

លោកយ៉ូបប្រកាសខ្លួនលោកថាជាមនុស្សស្លូតត្រង់
១ ខ្ញុំបានសន្យាយ៉ាងម៉ឺងម៉ាត់ថា
ខ្ញុំនឹងមិនសម្លឹងមើលទៅ
ស្ត្រីក្រមុំណាម្នាក់
ដោយចិត្តស្រើបស្រាលឡើយ។
២ ដូច្នេះ តើព្រះជាម្ចាស់នឹងបម្រុងរង្វាន់អ្វី
ពីស្ថានលើទុកសំរាប់ខ្ញុំ
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
នឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅស្ថានបរមសុខ?
៣ មនុស្សទុច្ចរិតរមែងជួបទុក្ខវេទនា
អស់អ្នកប្រព្រឹត្តអំពើអាក្រក់រមែងអន្តរាយ។
៤ ព្រះជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរ
ហើយព្រះអង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។
៥ ខ្ញុំពុំដែលបោកប្រាស់គេ
ឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។
៦ សូមព្រះជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីងដ៏ត្រឹមត្រូវចុះ
នោះព្រះអង្គនឹងឃើញថា ខ្ញុំគ្មានកំហុសអ្វីទេ។
៧ ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ
ប្រសិនបើចិត្តខ្ញុំបណ្ដោយអោយភ្នែកអូសទាញ
ប្រសិនបើមានអំពើសៅហ្មងណាមួយ
នៅជាប់នឹងដៃរបស់ខ្ញុំ
៨ នោះពេលខ្ញុំសាបព្រោះអ្វី
សូមអោយអ្នកផ្សេងមកទទួលយកផល
ហើយរំលើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។
៩ ប្រសិនបើចិត្តខ្ញុំវង្វេង ព្រោះតែស្ត្រីណាម្នាក់
ប្រសិនបើខ្ញុំឃ្លាំមើលប្ដីគេមិននៅផ្ទះ
១០ នោះសូមអោយប្រពន្ធខ្ញុំទៅបំរើប្រុសផ្សេង
ហើយអោយគេរួមរ័កជាមួយនាងទៅចុះ
១១ ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុត
ជាអំពើដែលចៅក្រមត្រូវដាក់ទោស។
១២ អំពើនេះប្រៀបបាននឹងភ្លើង
ឆេះរាលដាលរហូតដល់រណ្ដៅនៃសេចក្ដីវិនាស
ហើយអាចឆេះកំទេចអ្វីៗទាំងអស់ដែលខ្ញុំមាន។
១៣ ប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបំរើប្រុសស្រី
នៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំ
១៤ ពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោស
តើអោយខ្ញុំធ្វើដូចម្ដេច
ពេលព្រះអង្គសួរចម្លើយ
តើអោយខ្ញុំឆ្លើយដូចម្ដេចបាន?
១៥ ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា
ព្រះអង្គបានបង្កើតអ្នកបំរើប្រុសស្រីមក
យ៉ាងនោះដែរ
គឺព្រះតែមួយដែលបានសូនយើង
ក្នុងផ្ទៃម្ដាយដូចគ្នា។
១៦ ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រ
ខ្ញុំមិនដែលធ្វើអោយស្ត្រីមេម៉ាយអស់សង្ឃឹម។
១៧ ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯង
ដោយឥតចែកអោយក្មេងកំព្រាទេ
១៨ គឺតាំងពីខ្ញុំនៅក្មេង ខ្ញុំបីបាច់ថែរក្សាគេ
ហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមក
ខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ច។
១៩ ពេលខ្ញុំឃើញជនអនាថាខ្វះសម្លៀកបំពាក់
ហើយឃើញជនទុគ៌តខ្វះភួយដណ្ដប់
២០ ខ្ញុំតែងតែអោយសម្លៀកបំពាក់បិទបាំងកាយ
និងអោយរោមចៀមទៅគេដណ្ដប់
ហើយគេក៏ដឹងគុណខ្ញុំ។
២១ ប្រសិនបើខ្ញុំវាយធ្វើបាបក្មេងកំព្រា
ដោយដឹងខ្លួនថា ចៅក្រមមុខជាការពារខ្ញុំ
២២ សូមអោយដៃរបស់ខ្ញុំដាច់ចេញពីស្មា
ហើយសូមអោយកំភួនដៃរបស់ខ្ញុំ
ដាច់ចេញពីកែងដៃទៅចុះ!
២៣ ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់
ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើង
របស់ព្រះអង្គបានឡើយ។
២៤ ខ្ញុំមិនដែលផ្ញើជីវិតលើមាស
ហើយយកមាសសុទ្ធធ្វើជាទីពឹងទេ។
២៥ ខ្ញុំក៏គ្មានអំនួត ព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដម្ភ
ដែលខ្ញុំរកបាននោះដែរ។
២៦ ពេលសម្លឹងមើលទៅព្រះអាទិត្យ
ដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាច
ហើយមើលទៅព្រះច័ន្ទជះពន្លឺរស្មីយ៉ាងស្រទន់
២៧ ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរព
ថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។
២៨ ធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោស
ព្រោះខ្ញុំដូចជាបានបោះបង់ចោលព្រះជាម្ចាស់
ដែលគង់នៅស្ថានដ៏ខ្ពស់។
២៩ ខ្ញុំមិនដែលសប្បាយចិត្ត
ពេលឃើញសត្រូវខ្ញុំ រងទុក្ខវេទនា
ហើយខ្ញុំក៏មិនដែលលោតកព្ឆោង
ពេលឃើញគេជួបអន្តរាយឡើយ។
៣០ ខ្ញុំមិនដែលបណ្ដោយខ្លួនអោយមានបាប
ព្រោះតែពាក្យសំដី
គឺខ្ញុំមិនដែលដាក់បណ្ដាសាគេ
ប្រាថ្នាអោយគេស្លាប់នោះឡើយ។
៣១ អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំ
តែងតែពោលថា ខ្ញុំអោយអាហារ
ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។
៣២ តាមពិតខ្ញុំតែងតែបើកទ្វារផ្ទះរបស់ខ្ញុំ
ទទួលអ្នកដំណើរ
ទោះបីខ្ញុំមិនស្គាល់គេក្ដី ក៏ខ្ញុំមិនទុកអោយគេ
ដេកនៅខាងក្រៅផ្ទះឡើយ។
៣៣ ខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំ
ដូចមនុស្សឯទៀតៗ
ដែលបង្កប់កំហុសទុកនៅក្នុងចិត្ត។
៣៤ ខ្ញុំមិនដែលខ្លាចបណ្ដាជនត្មះតិះដៀល
ខ្លាចគ្រួសារឯទៀតៗមាក់ងាយ
ហើយខ្ញុំក៏មិនដែលសំងំនៅស្ងៀម
មិនហ៊ានចេញពីផ្ទះដែរ។
៣៥ ខ្ញុំចង់អោយនរណាម្នាក់ព្រមស្ដាប់ខ្ញុំ
ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ!
សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ឆ្លើយតបមកខ្ញុំផង!
រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក
ដើម្បីចោទប្រកាន់ខ្ញុំ
៣៦ ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំ
ហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដ។
៣៧ ខ្ញុំនឹងទូលព្រះអង្គ នូវគ្រប់អំពើដែលខ្ញុំប្រព្រឹត្ត
ខ្ញុំនឹងចូលទៅជិតព្រះអង្គ ដោយឥតអាម៉ាស់។
៣៨ ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ
ប្រសិនបើគន្លងនង្គ័លនាំគ្នាយំសោក
៣៩ ប្រសិនបើខ្ញុំបរិភោគផល
ដែលដុះចេញពីដីនោះ ដោយមិនបង់ប្រាក់
ហើយធ្វើអោយម្ចាស់ដីរីងរៃនៅក្នុងដួងចិត្ត
៤០ នោះសូមអោយមានតែបន្លា និងស្រងែ
ដុះនៅក្នុងស្រែជំនួសស្រូវ»។
– ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ –