លោក​យ៉ូប (៣០)

ទុក្ខលំបាករបស់លោកយ៉ូប
១ ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ
សើចចំអកអោយខ្ញុំ!
ឪពុករបស់អ្នកទាំងនោះ
សុទ្ធតែជាមនុស្សប្រើការមិនកើត
សូម្បីតែប្រើអោយកៀងហ្វូងសត្វ
ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
២ អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេ
ដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។
៣ ដោយខ្វះខាត និងឃ្លានខ្លាំងពេក
ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន
រាំងស្ងួតតាំងពីយូរយារមកហើយ។
៤ ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត
យកមកធ្វើជាអាហារ
សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
៥ មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន
ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។
៦ ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យ
នៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាច
និងនៅតាមរូងភ្នំ តាមក្រហែងថ្ម។
៧ ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុ
ហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។
៨ អ្នកទាំងនោះសុទ្ធតែជាមនុស្សមិនដឹងខ្យល់ឥតពូជ ឥតអំបូរ
ហើយត្រូវប្រជាជនដេញចេញពីស្រុក។
៩ ប៉ុន្តែ ឥឡូវនេះ ពួកគេបែរជានាំគ្នា
ច្រៀងឡកឡឺយ និងនិយាយបន្តុះបង្អាប់ខ្ញុំ។
១០ ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំ
ពួកគេមិនញញើតនឹងស្ដោះទឹកមាត់ដាក់ខ្ញុំឡើយ។
១១ ព្រះជាម្ចាស់ធ្វើអោយខ្ញុំធ្លាក់ខ្លួនខ្សោយ
ព្រះអង្គបន្ទាបបន្ថោកខ្ញុំ
ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ
តាមចិត្តរបស់ពួកគេ។
១២ ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំ
ពួកគេទាត់ជើងខ្ញុំ
ហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកំទេចខ្ញុំ។
១៣ ពួកគេឃាំងផ្លូវខ្ញុំ មិនអោយរត់រួច
ពួកគេប្រាថ្នាធ្វើអោយខ្ញុំវិនាស
ដោយមិនបាច់មាននរណាជួយពួកគេឡើយ។
១៤ ពួកគេលើកគ្នាសំរុកមកលើខ្ញុំ
ដូចកងទ័ពទម្លុះកំពែង
សំរុកចូលវាយក្រុងមួយ។
១៥ ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ
កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់
ភាពចំរុងចំរើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
១៦ ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់
គ្មានអ្វីសំរាលទុក្ខវេទនារបស់ខ្ញុំបានទេ។
១៧ នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំ
ឥតមានពេលល្ហែសោះឡើយ
១៨ ការឈឺចាប់នេះមានកំរិតខ្លាំងពេក
រហូតដល់ធ្វើអោយទក់សម្លៀកបំពាក់របស់ខ្ញុំ
ហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។
១៩ ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំ
ខ្ញុំមិនខុសពីធូលីដី និងផេះទេ។
២០ ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយ
តែព្រះអង្គមិនឆ្លើយមកទូលបង្គំទេ
ពេលទូលបង្គំក្រោកឈរ
ព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។
២១ ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ
ព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមី
ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
២២ ព្រះអង្គលើកទូលបង្គំឡើង
ហើយអោយខ្យល់ផាត់ទូលបង្គំយកទៅ
ព្រមទាំងអោយខ្យល់ព្យុះបក់បោក
មកលើទូលបង្គំផង។
២៣ ទូលបង្គំដឹងហើយថាព្រះអង្គនាំទូលបង្គំ
ទៅរកសេចក្ដីស្លាប់
គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
២៤ អ្នកដែលកំពុងតែវិនាស និងមានអាសន្ន
តែងតែលើកដៃអង្វរអោយគេជួយ។
២៥ ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសំរក់ទឹកភ្នែក
រួមជាមួយនរណាម្នាក់ជួបទុក្ខលំបាក
ហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់
កំសត់ទុគ៌តទេឬ?
២៦ ខ្ញុំសង្ឃឹមថាបានសុភមង្គល
តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ
ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា
កើតមានដល់ខ្ញុំទៅវិញ។
២៧ ចិត្តរបស់ខ្ញុំតប់ប្រមល់ឥតឈប់ឈរ
ទុក្ខលំបាកកើតមានដល់ខ្ញុំរៀងរាល់ថ្ងៃ។
២៨ មុខខ្ញុំឡើងខ្មៅ
តែមិនមែនដោយសារកំដៅថ្ងៃទេ
ខ្ញុំក្រោកឈរនៅទីប្រជុំជន
ស្រែកហៅគេអោយជួយ។
២៩ ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃ
និងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។
៣០ ស្បែករបស់ខ្ញុំឡើងខ្មៅ
គ្រុនក្ដៅឆាបឆេះរហូតដល់ឆ្អឹងរបស់ខ្ញុំ។
៣១ ពិណរបស់ខ្ញុំលេងបានតែបទទំនួញ
សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ
អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។