លោក​យ៉ូប (០៣)

ពាក្យសន្ទនារវាងលោកយ៉ូបនឹងមិត្តភក្ដិរបស់លោក
សំណោករបស់លោកយ៉ូបៈ រស់នៅបានប្រយោជន៍អ្វី?
១ បន្ទាប់មក ទើបលោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។ ២ លោកយ៉ូបមានប្រសាសន៍ថា៖
៣ «សូមអោយថ្ងៃដែលខ្ញុំបានកើតមកនោះ
ក្លាយទៅជាថ្ងៃអពមង្គល!
រីឯយប់ដែលគេពោលថា
មានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ
ជាយប់អពមង្គលដែរ!
៤ សូមអោយថ្ងៃនោះ ប្រែទៅជាងងឹត
ហើយកុំអោយព្រះជាម្ចាស់
ដែលគង់នៅស្ថានលើ រវីរវល់នឹងថ្ងៃនោះ
ហើយក៏កុំអោយមានពន្លឺបំភ្លឺថ្ងៃនោះឡើយ!
៥ សូមអោយភាពងងឹត និងភាពអន្ធការ
គ្របបាំងថ្ងៃនោះ
ហើយសូមអោយមានភាពអាប់អួរគ្របបាំងព្រះអាទិត្យ!
៦ រីឯយប់នោះវិញ ក៏សូមអោយភាពងងឹត
គ្របបាំងវាដែរ!
សូមកុំអោយគេរាប់បញ្ចូលយប់នោះទៅក្នុង ខែ និងឆ្នាំឡើយ!
៧ សូមអោយយប់នោះប្រៀបបាននឹងស្ត្រីអារ
ហើយក៏កុំអោយមានសំរែកអរសប្បាយ
នៅយប់នោះដែរ!
៨ សូមអោយយប់នោះត្រូវបណ្ដាសា
របស់គ្រូនក្ខត្តឫក្ស
និងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ!
៩ សូមអោយផ្កាយព្រឹកប្រែជាងងឹតសូន្យ!
យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ
ហើយក៏មិនឃើញអរុណរះដែរ
១០ ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនអោយកើត
ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ
ចេញពីមុខខ្ញុំដែរ!
១១ ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ?
ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេល
ចេញពីផ្ទៃម្ដាយ?
១២ ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ
ហើយមានដោះចាំបំបៅខ្ញុំដូច្នេះ?
១៣ ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ
ម៉្លេះសមខ្ញុំបានសំរាកយ៉ាងសុខស្រួលក្នុងផ្នូរ
១៤ រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី
ជាអ្នកដែលបានកសាងប្រាសាទសិលាទុកសំរាប់ខ្លួន។
១៥ ខ្ញុំមុខជាបានសំរាកជាមួយពួកមេដឹកនាំ
ដែលមានមាសប្រាក់ពេញផ្ទះ។
១៦ ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត
ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ
នោះប្រសើរជាង។
១៧ នៅក្នុងផ្នូរមនុស្សអាក្រក់លែងមាន
សកម្មភាពទៀតហើយ
រីឯអ្នកដែលនឿយហត់ អស់កម្លាំងនឹងនាំគ្នាសំរាក។
១៨ អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្ត
គឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។
១៩ អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នា
ទាសករក៏លែងនៅក្រោមអំណាច
ម្ចាស់របស់ខ្លួនទៀតដែរ។
២០ ហេតុអ្វីព្រះជាម្ចាស់ប្រទានអោយ
មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ
ហើយផ្ដល់ជីវិតអោយអ្នកដែលស្គាល់តែ
ទុក្ខលំបាក?
២១ គេទន្ទឹងរង់ចាំសេចក្ដីស្លាប់
តែមិនឃើញសេចក្ដីស្លាប់មកទេ។
គេប្រាថ្នាចង់បានសេចក្ដីស្លាប់
ជាងទ្រព្យសម្បត្តិទៅទៀត។
២២ ប្រសិនបើគេរកបានផ្នូរសំរាប់ខ្លួន
នោះគេមុខជាសប្បាយរីករាយឥតឧបមា។
២៣ ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច
ដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។
២៤ ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារ
សំរែកឈឺចាប់របស់ខ្ញុំ
ចេះតែហូរចេញមកដូចទឹក។
២៥ ខ្ញុំភ័យខ្លាចការអ្វី ការនោះកើតមានដល់ខ្ញុំ
ហើយខ្ញុំជួបប្រទះនឹងហេតុការណ៍ណាដែលខ្ញុំមិនចង់ជួប។
២៦ ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល
ហើយក៏មិនបានសំរាកដែរ
គឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។