លោក​យ៉ូប (២៦)

ចម្លើយរបស់លោកយ៉ូបទៅកាន់លោកប៊ីលដាដ:
លោកប៉ិនប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន!
១ លោកយ៉ូបឆ្លើយវិញថា៖
២ «លោកប៉ិនប្រសប់ជួយ
អ្នកដែលគ្មានកម្លាំងមែន!
លោកប៉ិនប្រសប់ជួយស្រោចស្រង់
មនុស្សទន់ខ្សោយ!
៣ លោកក៏ប៉ិនប្រសប់ជួយយោបល់
អ្នកដែលគ្មានប្រាជ្ញាដែរ!
លោកពូកែណែនាំគេអោយចេះរិះគិតណាស់!
៤ តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា?
នរណាបណ្ដាលចិត្តលោកអោយថ្លែងដូច្នេះ?

អំណាចរបស់ព្រះជាម្ចាស់
៥ អស់អ្នកដែលស្លាប់ទៅហើយ
នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ
និងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។
៦ ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះព្រះភក្ត្រ
របស់ព្រះអង្គឡើយ
ព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។
៧ ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាស
ព្រះអង្គព្យួរផែនដីនៅលើលំហ។
៨ ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពក
តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។
៩ ព្រះអង្គលាតត្រដាងពពក
បាំងបល្ល័ង្ករបស់ព្រះអង្គ។
១០ ព្រះអង្គគូសរង្វង់មួយនៅលើផ្ទៃទឹក
ត្រង់ព្រំប្រទល់រវាងពន្លឺ និងងងឹត។
១១ សសររបស់មេឃរញ្ជួយ និងភ័យតក់ស្លុត
នៅពេលឮព្រះអង្គស្រែកគំរាម។
១២ ព្រះអង្គបង្ក្រាបសមុទ្រ
ដោយសារព្រះចេស្ដារបស់ព្រះអង្គ។
ព្រះអង្គកំទេចសត្វដ៏សំបើមនៅក្នុងសមុទ្រ
ដោយសារព្រះតម្រិះរបស់ព្រះអង្គ។
១៣ ព្រះអង្គធ្វើអោយផ្ទៃមេឃប្រែជាស្រឡះ
ដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គ
ព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន
ដោយសារព្រះហស្ដរបស់ព្រះអង្គ។
១៤ នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ
ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ
ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ
តើនរណាអាចស្វែងយល់បាន?»។