លោក​យ៉ូប (២៣)

ចម្លើយរបស់លោកយ៉ូបទៅកាន់លោកអេលីផាស:
ព្រះអង្គមិនព្រមចរចាជាមួយខ្ញុំទេ!
១ លោកយ៉ូបឆ្លើយវិញថា៖
២ «នៅថ្ងៃនេះទៀត
ទោះបីខ្ញុំយកដៃខ្ទប់ពាក្យត្អូញត្អែររបស់ខ្ញុំក្ដី
ក៏ខ្ញុំរអ៊ូរទាំកាន់តែខ្លាំងថែមទៀត។
៣ បើខ្ញុំដឹងថា ព្រះអង្គនៅទីណា
បើខ្ញុំអាចទៅដល់កន្លែងដែលព្រះអង្គគង់នៅ
៤ នោះខ្ញុំនឹងនាំសំណុំរឿងទៅទូលព្រះអង្គ
ខ្ញុំនឹងថ្លែងប្រាប់ព្រះអង្គអោយអស់សេចក្ដី។
៥ ខ្ញុំមុខជាដឹងសេចក្ដីដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ
ព្រមទាំងយល់សេចក្ដីដែលព្រះអង្គ
សព្វព្រះហឫទ័យមានព្រះបន្ទូលមកខ្ញុំ។
៦ តើព្រះអង្គនឹងប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ
ដើម្បីចោទប្រកាន់ខ្ញុំឬ?
ទេ! ព្រះអង្គមុខជាស្ដាប់ខ្ញុំពុំខាន។
៧ ខ្ញុំនឹងជជែកតវ៉ាជាមួយព្រះអង្គ
ព្រោះខ្ញុំជាមនុស្សទៀងត្រង់
ពេលនោះ ព្រះអង្គដែលជាចៅក្រមរបស់ខ្ញុំ
នឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។
៨ ប្រសិនបើខ្ញុំទៅទិសខាងកើត
ព្រះអង្គមិនគង់នៅទីនោះទេ
ប្រសិនខ្ញុំទៅទិសខាងលិច
ក៏មិនឃើញព្រះអង្គនៅទីនោះដែរ។
៩ តើព្រះអង្គរវល់នៅទិសខាងជើងឬ
បានជាខ្ញុំមិនអាចឃើញព្រះអង្គ?
ឬមួយព្រះអង្គពួននៅទិសខាងត្បូង
ហើយខ្ញុំមិនអាចឃើញព្រះអង្គ។
១០ ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ
ប្រសិនបើព្រះអង្គល្បងលមើលខ្ញុំ
ព្រះអង្គមុខជាឃើញថា
ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
១១ ខ្ញុំដើរតាមគន្លងរបស់ព្រះអង្គ
ខ្ញុំនៅជាប់នឹងមាគ៌ារបស់ព្រះអង្គជានិច្ច
ឥតងាកចេញឡើយ។
១២ ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលព្រះអង្គបង្គាប់
ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ព្រះអង្គ
គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
១៣ ប្រសិនបើព្រះអង្គសំរេចធ្វើការអ្វីមួយ
គ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់ព្រះអង្គបានទេ
ព្រះអង្គចង់ធ្វើអ្វីមួយ ព្រះអង្គធ្វើការនោះ។
១៤ ព្រះអង្គវិនិច្ឆ័យទោសខ្ញុំយ៉ាងណា
ព្រះអង្គនឹងដាក់ទោសខ្ញុំយ៉ាងនោះ
ហើយនៅមានការវិនិច្ឆ័យជាច្រើនទៀត
ដែលព្រះអង្គគ្រោងទុកដែរ។
១៥ ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុត
នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ
ពេលណាខ្ញុំរិះគិតដូច្នេះ
ខ្ញុំភ័យខ្លាចព្រះអង្គកាន់តែខ្លាំងឡើងៗ។
១៦ ព្រះអង្គបានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំ
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ធ្វើអោយខ្ញុំភ័យតក់ស្លុតជាខ្លាំង។
១៧ ទោះបីសេចក្ដីងងឹតនៅជុំវិញខ្ញុំ
ទោះបីភាពអន្ធការគ្របបាំងលើខ្ញុំ
ក៏ខ្ញុំមិននៅស្ងៀមដែរ។