លោក​យ៉ូប (២០)

ប្រសាសន៍លើកទីពីររបស់លោកសូផារ:
ទុក្ខវេទនារបស់មនុស្សអាក្រក់
១ លោកសូផារជាអ្នកស្រុក
ណាម៉ាពោលឡើងថា៖
២ «ការរិះគិតរបស់ខ្ញុំ ធ្វើអោយខ្ញុំទ្រាំមិនបាន
គឺខ្ញុំត្រូវតែឆ្លើយតបនឹងលោកវិញ។
៣ ពាក្យស្ដីបន្ទោសរបស់លោក
ដូចជាបន្តុះបង្អាប់យើងខ្ញុំជ្រុលពេកហើយ
ហេតុនេះខ្ញុំត្រូវតែយកគំនិតប្រាជ្ញារបស់ខ្ញុំ
មកឆ្លើយតប។
៤ លោកមិនជ្រាបទេឬថា តាំងពីបុរាណរៀងមក
គឺចាប់ពីពេលដែលព្រះជាម្ចាស់ដាក់មនុស្ស
នៅលើផែនដីនេះ
៥ មនុស្សអាក្រក់មានជ័យជំនះតែមួយស្របក់ទេ
ហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។
៦ ទោះបីគេមានកំពស់រហូតដល់មេឃ
ហើយក្បាលរបស់គេទើសពពកក្ដី
៧ ក៏គេមុខជាវិនាសរហូតតទៅ
ដូចលាមករបស់ខ្លួនដែរ។
អស់អ្នកដែលធ្លាប់ស្គាល់អ្នកនោះនឹងពោលថា
“តើគាត់ទៅណាបាត់ហើយ?”
៨ គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ
គ្មាននរណាឃើញគេទៀតឡើយ
គេនឹងរលាយសូន្យទៅ
ដូចសុបិននិមិត្តនៅពេលយប់។
៩ អ្នកដែលធ្លាប់ឃើញគេ
នឹងលែងឃើញគេទៀតហើយ
នៅកន្លែងដែលគេធ្លាប់ស្នាក់អាស្រ័យ
ក៏គ្មាននរណាឃើញគេទៀតដែរ។
១០ គេនឹងប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរឹបអូសបាន
ទៅអោយម្ចាស់ដើមវិញ
ហើយកូនចៅរបស់គេក៏ត្រូវសងប្រាក់ជនក្រីក្រ
តទៅមុខទៀត។
១១ រូបរាងកាយរបស់គេពោរពេញ
ដោយកម្លាំងរបស់យុវវ័យ
តែកម្លាំងនេះនឹងរលាយទៅជាធូលីដី
ជាមួយគេដែរ។
១២ ទោះបីអំពើអាក្រក់មានរសជាតិផ្អែម
នៅក្នុងមាត់របស់គេ
ទោះបីគេលាក់វានៅក្រោមអណ្ដាត
១៣ ទោះបីគេខំរក្សាទុក ដោយមិនលេប
គឺបៀមទុកនៅក្នុងមាត់ក្ដី
១៤ គង់តែអាហារនោះរលាយ
ក្លាយដូចជាពិសរបស់ពស់អាសិរពិស
នៅក្នុងពោះរបស់គេ។
១៥ គេបានលេបទ្រព្យសម្បត្តិចូលទៅក្នុងពោះ
តែគេនឹងក្អួតចេញមកវិញ
គឺព្រះជាម្ចាស់នឹងហូតយកទ្រព្យសម្បត្តិនោះ
ចេញពីពោះរបស់គេ។
១៦ គេជញ្ជក់ពិសរបស់ពស់អាសិរពិស
គេនឹងត្រូវស្លាប់ដោយពស់វែកចឹក។
១៧ គេនឹងលែងឃើញទឹកឃ្មុំ និងទឹកដោះគោ
ដ៏សម្បូណ៌ហូរហៀរ
ដូចទឹកជ្រោះ ទឹកទន្លេទៀតហើយ។
១៨ អ្វីៗដែលគេខំស្វែងរកនោះនឹងបាត់បង់ទៅវិញ
គឺគេមិនអាចរក្សាទុកឡើយ
ហើយគេក៏មិនបានសប្បាយនឹងទ្រព្យសម្បត្តិ
ដែលគេរកស៊ីបាននោះដែរ។
១៩ គេជិះជាន់ និងបោះបង់ចោលជនក្រីក្រ
គេរឹបអូសយកផ្ទះដែលខ្លួនមិនបានសង់។
២០ គេមានចិត្តលោភលន់មិនចេះស្កប់
តែគេមិនអាចរក្សាទុកនូវអ្វីៗ
ដែលគេពេញចិត្តនោះបានឡើយ។
២១ គេត្របាក់លេបអ្វីៗទាំងអស់ឥតមានសល់
តែភាពចំរុងចំរើនរបស់គេ
នឹងមិននៅស្ថិតស្ថេររហូតទេ។
២២ ក្នុងពេលកំពុងតែសម្បូណ៌សប្បាយ
នោះគេបែរជាខ្វះខាតវិញ
ទុក្ខវេទនាទាំងអស់នឹងគ្របសង្កត់លើគេ។
២៣ នៅពេលដែលគេកំពុងតែបំពេញក្រពះ
នោះព្រះជាម្ចាស់ស្រោចព្រះពិរោធដ៏ខ្លាំងក្លា
របស់ព្រះអង្គទៅលើគេទុកជាអាហារ។
២៤ ប្រសិនបើគេរត់គេចពីអាវុធដែក
នោះធ្នូលង្ហិននឹងបាញ់ព្រួញទៅទម្លុះគេ
២៥ ប្រសិនបើគេដកព្រួញចេញពីខ្លួន
នោះមុខដាវដ៏មុតនឹងចាក់ទម្លុះ
រហូតដល់ថ្លើមរបស់គេ។
ការភ័យតក់ស្លុតនឹងកើតមានដល់គេ។
២៦ ទ្រព្យសម្បត្តិរបស់គេនឹងវិនាសបាត់
ក្នុងភាពងងឹតអន្ធការ
ភ្លើងដែលគ្មាននរណាបញ្ឆេះ នឹងមកបំផ្លាញគេ
អ្វីៗដែលនៅសេសសល់ក្នុងផ្ទះរបស់គេ
ក៏ឆេះអស់ដែរ។
២៧ ផ្ទៃមេឃលាតត្រដាងកំហុសរបស់គេ
ផែនដីក្រោកឡើងប្រឆាំងនឹងគេ។
២៨ នៅថ្ងៃដែលព្រះជាម្ចាស់សំដែងព្រះពិរោធ
ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ
នឹងត្រូវអ្នកដទៃរឹបអូសយកទៅអស់។
២៩ នេះជាចំណែកមត៌កដែលព្រះជាម្ចាស់
បម្រុងទុកសំរាប់មនុស្សអាក្រក់»។