លោក​យ៉ូប (០២)

ទុក្ខ​លំបាក​ទី​ពីរ​របស់​លោក​យ៉ូប
 ថ្ងៃ​មួយ ពួក​ទេវទូត*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអម្ចាស់ ហើយ​មារ​សាតាំង​ក៏​មក​គាល់​ព្រះអង្គ​ជា​មួយ​ពួក​គេ​ដែរ​។ ២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​មារ​សាតាំង​ថា៖ «តើ​អ្នក​មក​ពី​ណា?»។ សាតាំង​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កំសាន្ត​ជុំវិញ​ផែនដី»។ ៣ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ទៅ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បំរើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី​នេះ គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ យ៉ូប​នៅ​តែ​ទៀង​ត្រង់​ជានិច្ច អ្នក​ចង់​អោយ​យើង​បំផ្លាញ​គេ ដោយ​ឥត​ហេតុ​ផល»។

 មារ​សាតាំង​ទូល​ព្រះអម្ចាស់​ថា៖ «ស្បែក​សង​ស្បែក! មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​អោយ​រួច​ជីវិត។  សូម​ព្រះអង្គ​ធ្វើ​អោយ​រូប​កាយ​គាត់​ឈឺ​ចាប់​មើល៍ នោះ​គាត់​មុខ​ជា​ដាក់​បណ្ដាសា​ព្រះអង្គ​មិន​ខាន»។ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ទៅ​មារ​សាតាំង​ថា៖ «យ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះពាល់​ដល់​ជីវិត​គេ​អោយ​សោះ»។ ពេល​នោះ មារ​សាតាំង​ចាក​ចេញ​ពី​ព្រះអម្ចាស់​ទៅ ហើយ​ធ្វើ​អោយ​លោក​យ៉ូប​កើត​ដំបៅ​រីក​ពេញ​ខ្លួន គឺ​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។ លោក​យ៉ូប​អង្គុយ​នៅ​ក្នុង​ផេះ ហើយ​យក​អំបែង​ឆ្នាំង​មក​កោស​ខ្លួន។ ភរិយា​របស់​លោក​ពោល​ថា៖ «តើ​បង​នៅ​តាំង​ខ្លួន​ជា​មនុស្ស​ទៀង​ត្រង់​ដូច្នេះ ដល់​កាល​ណា​ទៀត សូម​ដាក់​បណ្ដាសា​ព្រះជាម្ចាស់ ហើយ​ស្លាប់​ទៅ​ចុះ!»។ ១០ លោក​យ៉ូប​តប​ថា៖ «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ! យើង​ទទួល​សុភមង្គល​ពី​ព្រះជាម្ចាស់​យ៉ាង​ណា យើង​ក៏​ត្រូវ​តែ​ទទួល​ទុក្ខ​វេទនា​ពី​ព្រះអង្គ​យ៉ាង​នោះ​ដែរ!»។ ក្នុង​ស្ថាន​ភាព​​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពាក្យ​សំដី​ឡើយ។

មិត្តភក្ដិ​បី​នាក់​មក​រំលែក​ទុក្ខ​លោក​យ៉ូប
១១ មិត្តភក្ដិ​បី​នាក់​ របស់​លោក​យ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​លោក ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​លោក។ អ្នក​ទាំង​នោះ គឺ​លោក​អេលីផាស​ជា​អ្នក​ស្រុក​តេម៉ន លោក​ប៊ីលដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាម៉ា។ ១២ ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​លោក​យ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។ ១៣ អ្នក​ទាំង​បី​អង្គុយ​ ផ្ទាល់​នឹង​ដី​ជា​មួយ​លោក អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ប្រាំពីរ​យប់ ឥត​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​លោក​ឡើយ ព្រោះ​ពួក​គេ​ឃើញ​លោក​ឈឺ​ចាប់​ឥត​ឧបមា។