លោក​យ៉ូប (១៨)

ប្រសាសន៍លើកទីពីររបស់លោកប៊ីលដាដ:
អន្ទាក់របស់មនុស្សអាក្រក់
១ លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា
ពោលឡើងថា៖
២ «តើអ្នករាល់គ្នាទ្រាំស្ដាប់ពាក្យសំដីបែបនេះ
ដល់ពេលណាទៀត?
ចូរពិចារណាឡើង នោះយើងនឹងពិភាក្សាគ្នា។
៣ ហេតុអ្វីបានជាអ្នករាល់គ្នាបណ្ដោយអោយ
គាត់ចាត់ទុកយើងដូចសត្វធាតុ?
ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកយើង ដូចមនុស្សល្ងីល្ងើ?
៤ ឱលោកដែលអារសាច់ខ្លួនឯង ព្រោះតែកំហឹងអើយ
តើគួរអោយផែនដីក្លាយទៅជាទីស្មសាន
និងអោយផ្ទាំងថ្មរមៀល ព្រោះតែលោកឬ?
៥ ពន្លឺរបស់មនុស្សអាក្រក់នឹងត្រូវរលត់
ហើយអណ្ដាតភ្លើងនៅចង្ក្រានរបស់គេក៏លែងភ្លឺដែរ។
៦ ពន្លឺនៅក្នុងទីលំនៅរបស់គេនឹងត្រូវងងឹតសូន្យ
ចង្កៀងដែលចាំងពីលើគេនឹងត្រូវរលត់។
៧ ជំហានដ៏មាំមួនរបស់គេបែរជាឃ្លីងឃ្លោង
គំរោងការរបស់គេនឹងធ្វើអោយគេជំពប់ដួល
៨ ដ្បិតជើងរបស់គេឈានទៅរកអន្ទាក់
គេដើរឆ្ពោះទៅកាន់រណ្ដៅ។
៩ កជើងរបស់គេជាប់អន្ទាក់
ហើយចំណងរួតរឹតគេ។
១០ មានអង្គប់បង្កប់ចាំចាប់គេ
ហើយក៏មានអន្ទាក់នៅតាមផ្លូវរបស់គេដែរ។
១១ ការភ័យខ្លាចឡោមព័ទ្ធជុំវិញគេ
ព្រមទាំងដេញកិតពីក្រោយគេជានិច្ច។
១២ គេបាត់បង់កម្លាំង ព្រោះតែការស្រេកឃ្លាន
ទុក្ខវេទនាស្ថិតនៅជាប់ជាមួយគេ។
១៣ ស្បែករបស់គេដាច់ជាដុំៗ
ហើយដំបៅក៏ស៊ីរូងដៃជើងរបស់គេដែរ។
១៤ សេចក្ដីស្លាប់ដកគេចេញពីលំនៅ
ដែលជាទីទុកចិត្តរបស់គេ
ហើយនាំគេទៅជួបមច្ចុរាជ។
១៥ នរណាក៏អាចមករស់ក្នុងលំនៅរបស់គេបានដែរ
ព្រោះជាលំនៅដែលគ្មានម្ចាស់។
គេរាយស្ពាន់ធ័រពេញទីលំនៅរបស់គេ។
១៦ ឫសរបស់គេត្រូវងាប់
ហើយមែកខ្ចីៗរបស់គេត្រូវស្លោក។
១៧ គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយ
ហើយក៏គ្មាននរណានិយាយពីឈ្មោះរបស់គេទៀតដែរ។
១៨ មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត
ព្រមទាំងដកគេចេញពីពិភពលោក។
១៩ គេគ្មានកូន គ្មានចៅតពូជក្នុងចំណោម
ប្រជាជនរបស់ខ្លួន
ហើយនៅក្នុងក្រុមគ្រួសាររបស់គេ
គ្មាននរណាម្នាក់នៅសេសសល់ឡើយ។
២០ ពីទិសខាងកើតរហូតដល់ទិសខាងលិច
អស់អ្នកដែលបានឮពីការវេទនារបស់គេ
នឹងនាំគ្នាស្រឡាំងកាំង ហើយតក់ស្លុត។
២១ មនុស្សអាក្រក់ មិនស្គាល់ព្រះជាម្ចាស់
រមែងជួបមហន្តរាយបែបនេះឯង!»។