លោក​យ៉ូប (១៧)

ខ្ញុំលែងមានសង្ឃឹមទៀតហើយ
១ ដង្ហើមរបស់ខ្ញុំចង់ផុត
អាយុជីវិតរបស់ខ្ញុំជិតរលត់
ហើយផ្នូរក៏នៅរង់ចាំខ្ញុំ។
២ ជនមើលងាយស្ថិតនៅជុំវិញខ្ញុំ
ពាក្យចំអករបស់ពួកគេធ្វើអោយខ្ញុំ
ដេកមិនលក់។
៣ ឱព្រះជាម្ចាស់អើយ សូមការពារទូលបង្គំផង
ដ្បិតក្រៅពីព្រះអង្គ គ្មាននរណាផ្សេង
ហ៊ានធានារ៉ាប់រងទូលបង្គំទេ។
៤ ព្រះអង្គបានខ្ទប់ចិត្តរបស់ពួកគេ
មិនអោយស្វែងយល់
ដូច្នេះ សូមកុំអោយពួកគេឈ្នះឡើយ។
៥ ពួកគេជាមនុស្សដែលហៅមិត្តភក្ដិ
មកចែកទ្រព្យសម្បត្តិ
តែមិនទុកអោយកូនចៅទទួលចំណែកទេ។
៦ ព្រះជាម្ចាស់ធ្វើអោយប្រជាជនទាំងឡាយ
យករឿងខ្ញុំទៅនិយាយលេងសើច
ពួកគេស្ដោះទឹកមាត់ដាក់មុខខ្ញុំ។
៧ ភ្នែករបស់ខ្ញុំប្រែជាស្រវាំង ព្រោះតែទុក្ខព្រួយ
រូបកាយរបស់ខ្ញុំនៅសល់តែស្បែក និងឆ្អឹង។
៨ មនុស្សទៀងត្រង់នាំគ្នាស្រឡាំងកាំង
ហើយមនុស្សស្លូតត្រង់ចាត់ទុកខ្ញុំជា
មនុស្សទមិឡ។
៩ មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន
តទៅមុខទៀត
ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ
កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។
១០ ចំណែកឯអស់លោក សូមអញ្ជើញមកវិញ
ហើយថ្លែងសាជាថ្មីចុះ
ខ្ញុំមុខជាឃើញថា ក្នុងចំណោមអស់លោក
គ្មានអ្នកប្រាជ្ញសោះឡើយ។
១១ អាយុជីវិតខ្ញុំដល់ទីបញ្ចប់
គំរោងការផ្សេងៗរបស់ខ្ញុំរលាយសូន្យ
សេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំក៏ផុតរលត់ដែរ។
១២ មិត្តភក្ដិរបស់ខ្ញុំនាំគ្នាអះអាងថាយប់ជាថ្ងៃ
ហើយពេលងងឹតចូលមកដល់
ពួកគេពោលថា ជិតភ្លឺហើយ។
១៣ ក៏ប៉ុន្តែ សេចក្ដីសង្ឃឹមតែមួយរបស់ខ្ញុំ គឺស្ថានមច្ចុរាជ
ខ្ញុំរៀបចំដំណេករបស់ខ្ញុំក្នុងភាពងងឹត។
១៤ ខ្ញុំហៅរណ្ដៅថាជាឪពុករបស់ខ្ញុំ
ហៅដង្កូវថាជាម្ដាយ និងបងស្រីរបស់ខ្ញុំ។
១៥ តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា?
មាននរណាឃើញសេចក្ដីសង្ឃឹមរបស់ខ្ញុំឬទេ?
១៦ សេចក្ដីសង្ឃឹមនឹងចុះទៅកាន់ស្ថានមនុស្សស្លាប់
ហើយស្ថិតនៅក្នុងធូលីដីជាមួយខ្ញុំ»។