លោក​យ៉ូប (១៥)

ប្រសាសន៍លើកទីពីររបស់លោកអេលីផាស:
មនុស្សអាក្រក់ពុំអាចរួចខ្លួនបានឡើយ
១៥
១ លោកអេលីផាស ជាអ្នកស្រុក
តេម៉នពោលឡើងថា៖
២ «តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារ
មកឆ្លើយដែរឬ?
តើគេយកសេចក្ដីឥតបានការ
ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា
មកដាក់ពេញខ្លួនកើតឬ?
៣ តើគេយកពាក្យឥតន័យ ឥតផលប្រយោជន៍
មកនិយាយការពារខ្លួនដែរឬ?
៤ ចំណែកឯលោកវិញ លោកធ្វើអោយគេឯង
លែងគោរពកោតខ្លាចព្រះជាម្ចាស់
ហើយលែងអោយនរណាអាចស្មឹងស្មាធិ៍
នៅចំពោះព្រះភក្ត្រព្រះអង្គបានទៀត!
៥ សេចក្ដីទុច្ចរិតជំរុញអោយលោកស្រដីចេញមក
លោកប្រើពាក្យពេចន៍របស់មនុស្សមានល្បិច។
៦ មិនមែនខ្ញុំទេ ដែលថ្កោលទោសលោក
គឺមាត់របស់លោកផ្ទាល់ថ្កោលទោសលោក
ហើយពាក្យសំដីរបស់លោកចោទប្រកាន់ខ្លួនឯង។
៧ ក្នុងចំណោមមនុស្សទាំងអស់
តើលោកកើតមកមុនគេឬ
តើលោកកើតមក មុនភ្នំទាំងឡាយឬ?
៨ តើលោកបានឮគំរោងការរបស់ព្រះជាម្ចាស់
ហើយមានតែលោកម្នាក់ឬដែលមានប្រាជ្ញា?
៩ តើមានការអ្វីដែលលោកដឹង
តែយើងខ្ញុំមិនដឹង?
តើមានការអ្វីដែលលោកយល់
តែយើងខ្ញុំមិនយល់?
១០ ក្នុងចំណោមយើងខ្ញុំ ក៏មានចាស់ព្រឹទ្ធាចារ្យ
ដែលមានវ័យចំណាស់ៗ
មានអាយុវែងជាងឪពុករបស់លោកទៅទៀត!
១១ ព្រះជាម្ចាស់អោយយើងខ្ញុំមក
សំរាលទុក្ខលោក ដោយពាក្យសំដីទន់ភ្លន់
តើប៉ុនហ្នឹងហើយ លោកយល់ថាមិនល្មមឬ?
១២ ហេតុអ្វីបានជាលោកមានចិត្តពុះកញ្ជ្រោល
និងមើលមកយើងខ្ញុំដោយកំហឹងបែបនេះ?
១៣ ធ្វើដូច្នេះ លោកដូចជាខឹងនឹងព្រះជាម្ចាស់
ហើយពោលពាក្យប្រឆាំងនឹងព្រះអង្គដែរ។
១៤ តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត
តើមនុស្សដែលកើតចេញមកពីស្ត្រី
អាចសុចរិតដូចម្ដេចកើត?
១៥ សូម្បីតែពួកទេវទូតដ៏វិសុទ្ធរបស់ព្រះអង្គ
ក៏ព្រះអង្គទុកចិត្តពុំបាន
ហើយសូម្បីតែផ្ទៃមេឃក៏ពុំបរិសុទ្ធ
នៅចំពោះព្រះភក្ត្រព្រះអង្គទៅហើយ
១៦ ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើម
ដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹក
នោះព្រះអង្គរឹតតែមិនទុកចិត្តទៅទៀត!
១៧ ឥឡូវនេះ សូមស្ដាប់ខ្ញុំ ខ្ញុំនឹងពន្យល់លោក
ខ្ញុំនឹងប្រាប់លោកពីការដែលខ្ញុំបានឃើញ
១៨ គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួល
ពីដូនតារបស់ពួកគេ
ហើយយកមកថ្លែងប្រាប់
ដោយឥតលាក់លៀម។
១៩ ព្រះជាម្ចាស់ប្រទានទឹកដីអោយ
ដូនតារបស់ពួកគេតែប៉ុណ្ណោះ
គ្មានអ្នកដទៃទៀតមកឡូកឡំ
ក្នុងទឹកដីនោះឡើយ។
២០ មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃ
មនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។
២១ មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង
ត្រចៀករបស់គេ
មេបំផ្លាញនឹងមកប្រហារគេ
ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
២២ គេគ្មានសង្ឃឹមថាអាចគេចផុតពីសេចក្ដីងងឹត
និងគេចផុតពីមុខដាវបានឡើយ។
២៣ គេត្រេចចរស្វែងរកអាហារ
គេដឹងថា អនាគតរបស់គេ
មានតែភាពងងឹតសូន្យសុង។
២៤ ភាពអាសន្ន និងការឈឺចាប់អន្ទះសា
ប្រៀបដូចស្ដេចមួយអង្គលើកទ័ពមកប្រហារ
ធ្វើអោយគេភ័យញាប់ញ័រក្រៃលែង
២៥ ព្រោះគេបានលើកដៃប្រហារព្រះជាម្ចាស់
ហើយលើកខ្លួនប្រឆាំងនឹង
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
២៦ គេហ៊ានរត់ទៅវាយប្រហារព្រះអង្គ
ទាំងកាន់ខែលដ៏ក្រាស់ទៅជាមួយផង។
២៧ មុខគេឡើងខ្លាញ់ ហើយបានចំរុងចំរើន។
២៨ គេនឹងកាន់កាប់ទីក្រុងបាក់បែក
រស់នៅក្នុងផ្ទះដែលគេបោះបង់ចោល
ជាផ្ទះដែលជិតរលំ។
២៩ ប៉ុន្តែ គេមិនអាចធ្វើជាអ្នកមានតទៅទៀត
ទ្រព្យសម្បត្តិរបស់គេមិននៅស្ថិតស្ថេរ
គេនឹងមិនចំរុងចំរើននៅលើផែនដីឡើយ។
៣០ គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់
ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេ
ហើយគេនឹងខ្ចាត់បាត់ទៅ
ដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់។
៣១ កុំអោយគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍
បណ្ដាលអោយខកចិត្តនោះឡើយ
ដ្បិតគេនឹងទទួលការឥតប្រយោជន៍ទុកជារង្វាន់។
៣២ ហេតុការណ៍នេះនឹងកើតមានដល់គេមុនពេលស្លាប់
គឺប្រៀបដូចជាដើមឈើ
ដែលលែងមានស្លឹកខៀវខ្ចីទៀតហើយ។
៣៣ គេប្រៀបដូចជាដើមទំពាំងបាយជូរ
ពេលផ្លែនៅខ្ចី ស្រាប់តែជ្រុះផ្លែអស់
ហើយក៏ដូចដើមអូលីវ ដែលជ្រុះផ្កាអស់ដែរ។
៣៤ ពូជរបស់មនុស្សទមិឡនឹងគ្មានកូន
ហើយភ្លើងនឹងឆាបឆេះទីលំនៅ
របស់ជនពុករលួយ។
៣៥ អ្នកបង្កគំរោងការអាក្រក់
តែងតែបង្កើតអោយមានទុក្ខវេទនា
អ្វីៗដែលកើតចេញពីគេ
ធ្វើអោយគេខកចិត្ត»។