លោក​យ៉ូប (១១)

ប្រសាសន៍របស់លោកសូផារ: សូមវិលមករកព្រះជាម្ចាស់វិញ!
១ លោកសូផារ ជាអ្នកស្រុកណាម៉ា ឆ្លើយឡើងថា៖
២ «តើយើងគួរនៅស្ងៀម
មិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ?
សំដីរបស់អ្នកពូកែវោហារ
មិនមែនធ្វើអោយខ្លួនបានសុចរិតទេ។
៣ ពាក្យព្រោកប្រាជ្ញរបស់លោក
មិនអាចធ្វើអោយមនុស្សម្នានៅស្ងៀមឡើយ។
បើលោកមើលងាយគេ
គេក៏ធ្វើអោយលោកអាម៉ាស់មុខវិញដែរ។
៤ លោកមានប្រសាសន៍ថា:
“អ្វីៗដែលទូលបង្គំនិយាយសុទ្ធតែត្រឹមត្រូវ
ទូលបង្គំជាមនុស្សបរិសុទ្ធ
ដូចព្រះអង្គជ្រាបស្រាប់ហើយ”។
៥ ខ្ញុំបន់អោយតែព្រះជាម្ចាស់មានព្រះបន្ទូល
គឺសូមព្រះអង្គមានព្រះបន្ទូលមកកាន់លោក
ផ្ទាល់តែម្ដង។
៦ សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង
នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស
ពេលនោះ លោកនឹងដឹងថា
ព្រះជាម្ចាស់បំភ្លេចចោលនូវកំហុសមួយផ្នែករបស់លោក។
៧ តើលោកអាចស្វែងយល់ជំរៅព្រះហឫទ័យ
របស់ព្រះជាម្ចាស់
ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ
នៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ?
៨ លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះ
ខ្ពស់លើសផ្ទៃមេឃ
ហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀត
ដែលលោកមិនអាចធ្វើ ឬយល់បានឡើយ។
៩ លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះធំជាងផែនដី
ហើយទូលាយជាងសមុទ្រទៅទៀត។
១០ បើព្រះអង្គយាងមកចាប់អ្នកមានទោស
នាំទៅតុលាការ
តើនរណាអាចជំទាស់នឹងព្រះអង្គបាន?
១១ ព្រះជាម្ចាស់ស្គាល់មនុស្សឥតបានការយ៉ាងច្បាស់
ព្រះអង្គទតឃើញអំពើទុច្ចរិតរបស់គេ
ដោយមិនបាច់ពិចារណាវែងឆ្ងាយ។
១២ មនុស្សល្ងីល្ងើប្រែទៅជាមានប្រាជ្ញា
លុះត្រាណាតែសេះដុះស្នែង។
១៣ ចំណែកឯលោកវិញ
ប្រសិនបើលោកបែរចិត្តរកព្រះជាម្ចាស់
ហើយលើកដៃអង្វរករព្រះអង្គ
១៤ ប្រសិនបើលោកបោះបង់ចោលអំពើអាក្រក់
ដែលលោកប្រព្រឹត្ត
ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់លោក
១៥ នោះលោកនឹងអាចងើបមុខឡើងវិញបាន
ព្រោះលោកគ្មានកំហុសទៀតទេ
លោកនឹងបានរឹងប៉ឹង ឥតភ័យខ្លាចអ្វីឡើយ។
១៦ លោកនឹងភ្លេចអស់នូវទុក្ខកង្វល់
ដូចទឹកដែលហូរបាត់ទៅ
គឺលោកនឹងមិននឹកចាំទៀតទេ។
១៧ ជីវិតរបស់លោកនឹងបានភ្លឺជាងពន្លឺព្រះអាទិត្យ
នៅពេលថ្ងៃត្រង់ទៅទៀត
ហើយភាពងងឹតប្រៀបដូចជាពេលអរុណរះ។
១៨ លោកនឹងមិនបារម្ភអ្វីសោះឡើយ
ព្រោះលោកមានសង្ឃឹម។
លោកលែងអាម៉ាស់
ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។
១៩ ពេលលោកសំរាក
គ្មាននរណាមករំខានលោកឡើយ។
មនុស្សជាច្រើននឹងកោតសរសើរលោក។
២០ ចំណែកឯមនុស្សអាក្រក់វិញ
ភ្នែករបស់ពួកគេនឹងងងឹតទៅៗ
ពួកគេរកទីពឹងពុំបានឡើយ
ពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។