មាតិកា

ពាក្យលំនាំ
លោកយេរេមី​ជាព្យាការីមួយរូប  ដែលបំរើព្រះជាម្ចាស់ក្នុងភាពឯកោ    ​ដ្បិតមនុស្សនៅជំនាន់លោក​ប្រឆាំងនឹងលោកសឹងតែ ទាំងអស់គ្នា ។ ​ប៉ុន្តែ  លោកតស៊ូបំពេញបេសកកម្មដែលព្រះជាម្ចាស់ប្រទានអោយ​ដោយចិត្តសោះត្រង់  ​រហូតដល់ទីបញ្ចប់ ។

ព្រះជាម្ចាស់ត្រាស់ហៅព្យាការីយេរេមី  ក្នុងពេលដែលលោកមានវ័យក្មេងនៅឡើយ​អោយនាំព្រះបន្ទូល​របស់ព្រះអង្គទៅ ប្រកាសប្រាប់អ្នកក្រុងយេរូសាឡឹម  (១.​៤​)  ​គឺនៅអំឡុងឆ្នាំ  ៦២៦  មុន​គ.ស.​នារជ្ជកាល​ព្រះបាទយ៉ូស្យាស  (៦៤០​-​៦០៩) ។ ​លោកបំរើព្រះអម្ចាស់ អស់រយៈពេលជាងសែសិបឆ្នាំ  ​នៅជំនាន់មួយ​ដែល​ស្រុកយូដាជួបប្រទះនឹងភាពវឹកវរយ៉ាងខ្លាំង ។

ក្នុងពេលដែលអាណាចក្របាប៊ីឡូនបានចាប់ផ្តើមវាយលុកអាណាចក្រអាស្ស៊ីរី​ព្រះបាទយ៉ូស្យាសឆ្លៀត​ឱកាសវាយដណ្តើម​ទឹក​ដីអ៊ីស្រាអែលមួយចំនួន​ដែលស្ថិតនៅក្រោមការកាន់កាប់របស់ស្រុកអាស្ស៊ីរី​យក​មកបញ្ចូលជាទឹកដីយូដា ។ ​ក៏ប៉ុន្តែ  នៅឆ្នាំ  ៦០៩  ​ព្រះ​បាទយ៉ូស្យាស បានសោយទិវង្គតនៅមេគីដូ  ក្នុងពេល​ស្តេចតទល់នឹងកងទ័ពអេស៊ីប​ដែលគេបញ្ជូនអោយមកជួយ​កងទ័ព​អាស្ស៊ីរី​ ។ ​ជនជាតិអេស៊ីបបានចាប់​បុត្រ របស់ព្រះបាទយ៉ូស្យាស  ​គឺព្រះបាទសាលូម  (ឬ  យ៉ូអាហាស) ​  ដែលស្នងរាជ្យបន្តពីបិតា   ​នាំយកទៅ​ស្រុកអេស៊ីប​ហើយតែងតាំង ព្រះបាទយ៉ូយ៉ាគីម អោយគ្រងរាជ្យជំនួស ។   ​នៅឆ្នាំ  ៥៩៧   ​កងទ័ពបាប៊ីឡូន​ដឹកនាំដោយព្រះ​ចៅនេប៊ូកា​នេសារ​វាយយកបានក្រុងយេរូសាឡឹម   ​ហើយកៀរប្រជាជន មួយចំនួនទៅជា​ឈ្លើយសឹក   ​ព្រមទាំងកៀរស្តេចទៅជាមួយដែរ  ​គឺព្រះបាទ​យ៉ូយ៉ាគីន  ជាបុត្ររបស់ព្រះបាទយ៉ូយ៉ាគីម។​ពួកគេលើកព្រះបាទ សេដេខ្យាស  ជាស្តេចទន់ខ្សោយ  ​ និង​គ្មានអំណាច  អោយឡើង​ស្នងរាជ្យ។  ​ប៉ុន្តែ​នៅទី​បំផុត​ព្រះបាទសេដេខ្យាសបានបះបោរប្រឆាំងនឹងរដ្ឋ អំណាច បាប៊ីឡូន ។   ​ដូច្នេះ​  ព្រះចៅនេប៊ូកានេសារ​បញ្ជូន​កងទ័ពអោយមកឡោមព័ទ្ធក្រុងយេរូសាឡឹមអស់រយៈពេលមួយឆ្នាំ  ​ហើយវាយយកបានក្រុងយេរូ​សាឡឹម​នៅខែ​កក្កដា  ​ឆ្នាំ​ ៥៨៧ ​ មុនគ.ស.។  ​កងទ័ពបាប៊ីឡូនដុតកំទេចព្រះវិហារ  ​ហើយចាប់ ស្តេច​និង​កៀរប្រជាជនមួយចំនួនទៀតទៅជាឈ្លើយ ។រដ្ឋអំណាច​​​បាប៊ីឡូនបានតែងតាំងលោកកេដាលីយ៉ា​អោយធ្វើជាទេសាភិបាល  ​ គ្រប់គ្រងលើប្រជាជន​ដែលនៅសេសសល់ ​ប៉ុន្តែ  បន្តិចក្រោយមក  លោកត្រូវគេធ្វើឃាត​ ។   ​ដូច្នេះ  ប្រជាជនយូដាក៏នាំគ្នាភៀស​ខ្លួនទៅស្រុកអេស៊ីប​ដោយបង្ខំអោយព្យា​ការីយេ​រេមីទៅជាមួយដែរ ​ហើយលោក​ទទួលមរណភាពនៅ​ស្រុក​នោះ ។

ព្យាការីយេរេមី​ក៏ដូចជាព្យាការីឯទៀតៗដែរ​​​  ​លោកចាត់ទុក​​​សោកនាដកម្ម​ដែលជនជាតិអ៊ីស្រាអែល​ឆ្លងកាត់ ថា​ជាការ ព្រមាន​របស់ព្រះជាម្ចាស់​ចំពោះប្រជាជនដែលនាំគ្នាក្បត់ព្រះអង្គ ។ ​នៅពេលចុង​ក្រោយ​លោកយេរេមីបានប្រកាសថា  ​ ដើម្បីគេចផុត​ពីម​ហន្តរាយ  ​ប្រជាជន ត្រូវតែបែរ ចិត្តមករកព្រះជា​ម្ចាស់វិញ ។ ពួកគេត្រូវឈប់ទៅរកជំនួយពីស្រុកអេស៊ីប​តែត្រូវសុខ ចិត្តចុះចូលនឹងរដ្ឋ​អំណាចបាប៊ីឡូន ។ ​ពេលនោះ  ​គេចាត់​ទុក លោកយេរេមីជាជនក្បត់ជាតិ  ​ហើយនាំគ្នាធ្វើបាបលោក ។ លោក​ឈឺចាប់ខ្លាំង​យ៉ាងណា​លោកក៏មានចិត្តស្រឡាញ់ជនរួមជាតិរបស់លោកខ្លាំង​យ៉ាងនោះដែរ ។ លោកធ្វើដំណើរឆ្លង​កាត់ជីវិត នេះ​ដោយប្រកាសអំពីការ​វិនិ​ច្ឆ័យទោសរបស់ព្រះជាម្ចាស់  ចំពោះប្រជាជនដែលក្បត់នឹងព្រះអង្គ​ផង​លោកក៏នៅតែមាន ចិត្តស្រឡាញ់ចំពោះប្រជាជនផងដែរ។  ​ហេតុនេះហើយបានជាពេលខ្លះ​លោក​រអ៊ូរទាំដាក់ព្រះជាម្ចាស់  ​(១១.​១៨​-​១២.​៦​;  ​១៥.​១០​-​២១​;  ​១៧.​១៤​-​១៨​;  ​១៨.​១៨​-​២៣​;  ​២០.​៧​-​១៨)។

ទោះបីលោកឃើញថា  ប្រជាជនដែលក្បត់ព្រះជាម្ចាស់នេះ  មុខជាត្រូវវិនាសក្តី  ​ក៏លោកយល់ឃើញ​យ៉ាងវែងឆ្ងាយថា​  ព្រះជាម្ចាស់​ ​នឹងស្រោចស្រង់ ពួកគេ  ​តាមរយៈសម្ពន្ធមេត្រីមួយថ្មី  (ចំពូក  ៣១)  ។​ត្រង់​នេះ  ធ្វើ​អោយលោកទុកចិត្តលើជ័យ ជំនះ​របស់ព្រះជាម្ចាស់​  ដែលនាំមកនូវសេចក្តីសង្ឃឹម  (ចំពូក  ៣២)។

ចំពូក  ២  -  ២៤  :  ​មានថ្លែងយ៉ាងក្បោះក្បាយអំពីព្រះបន្ទូលដែលលោកយេរេមីប្រកាស  ​ដែលជួនកាល​មានប្រើរូបភាព​  និង  កាយវិការ​ផ្សេងៗ​ជានិមិត្តរូប​:  ​ខ្សែក្រវាត់ពុក  (ចំពូក  ១៣)  ​ជាងស្មូន  (១៨)​ក្អមបែក​(១៩)…។ល។

នៅដើមចំពូក  ២៥  :  សង្ខេបសេចក្តី​​ដែលព្យាការីយេរេមីប្រកាស។

ចំពូក  ២៦​-​៤៥​:  មានរៀបរាប់អំពីហេតុការណ៍ផ្សេងៗដែលកើតមានក្នុងជីវិតរបស់លោកយេរេមី។

ចំពូក  ​៤៦​-​៥១​:  ​សេចក្តីប្រកាសស្តីអំពីប្រជាជាតិនានា។
ចំពូក  ៥២  :  កំណត់ហេតុអំពីការបែកក្រុងយេរូសាឡឹម។  ​នៅចុងបញ្ចប់ក័ណ្ឌគម្ពីរនេះ​មានរៀបរាប់​អំពីការប្រណីសន្តោស​របស់​ស្តេចបាប៊ីឡូន  ចំពោះព្រះបាទយ៉ូយ៉ាគីន  ​ដែលគេចាប់យកទៅជាឈ្លើយសឹក​។​ ដូច្នេះ  អវសានកថានៃក័ណ្ឌគម្ពីរ​យេរេមី នាំមកនូវ​សេចក្តីសង្ឃឹម​សំរាប់ជនជាតិ អ៊ីស្រាអែល។

យើងអាចប្រៀបប្រដូចព្យាការីយេរមី  ជាអ្នកបំរើដ៏ស្មោះត្រង់​ហើយត្រូវគេធ្វើទុក្ខបៀតបៀន​ទៅនឹង​ព្រះយេស៊ូ  (ម៉ាថាយ​  ១៦.  ១៤)​។​​ រីឯព្រះយេស៊ូផ្ទាល់  ​នៅយប់ដែលព្រះអង្គត្រូវគេចាប់បញ្ជូនទៅអោយ​គេឆ្កាង  ​ព្រះអង្គបានធ្វើពិធីជប់លៀងជាមួយ ពួកសាវ័ក ​ហើយ​ព្រះអង្គប្រកាសអំពីសម្ពន្ធមេត្រីថ្មីដែលចង​ឡើងដោយព្រះលោហិតរបស់ព្រះអង្គ  ​គឺសម្ពន្ធមេត្រីដែលលោក​យេរេមីបានថ្លែង​ទុក  (លូកា  ​២២.​២០​;​១  កូរិនថូស  ​១១.​២៥)។