ព្យាការីយេរេមី (០៩)

ប្រជាជនដែលពោរពេញដោយការកុហក
១(២) ប្រសិនបើមាននរណាអោយខ្ទមមួយ
ដែលជាជំរកសំរាប់អ្នកដំណើរ
នៅវាលរហោស្ថានមកខ្ញុំ
នោះខ្ញុំនឹងបោះបង់ចោលប្រជាជនរបស់ខ្ញុំ
ខ្ញុំនឹងទៅនៅយ៉ាងឆ្ងាយពីពួកគេ
ដ្បិតប្រជាជននេះសុទ្ធតែជាមនុស្សផិតក្បត់
ពួកគេក្បត់ព្រះជាម្ចាស់ទាំងអស់គ្នា។
(២)៣ «អណ្ដាតរបស់គេប្រៀបបាននឹងធ្នូ
ដែលគេយឹតបម្រុងនឹងបាញ់។
គេមានអំណាចនៅក្នុងស្រុក
មិនមែនដោយសារសេចក្ដីពិតទេ
តែមកពីការកុហក
ពួកគេប្រព្រឹត្តអំពើអាក្រក់ផ្ទួនៗគ្នា
ហើយពួកគេពុំស្គាល់យើងឡើយ»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
(៣)៤ «ម្នាក់ៗត្រូវប្រយ័ត្ននឹងមិត្តសម្លាញ់
ហើយមិនត្រូវទុកចិត្តបងប្អូនរបស់ខ្លួនឡើយ
ដ្បិតបងប្អូនពូកែបោកប្រាស់គ្នាឯង
ហើយមិត្តសម្លាញ់ក៏ពូកែមួលបង្កាច់គ្នាដែរ។
(៤)៥ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក
គ្មាននរណានិយាយការពិតទេ
ពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនអោយ
ពោលពាក្យភូតភរ
ហើយពួកគេលះបង់អំពើបាបពុំបានឡើយ។
(៥)៦ ពួកគេប្រព្រឹត្តអំពើឃោរឃៅផ្ទួនៗគ្នា
ហើយបោកបញ្ឆោតមិនឈប់ឈរ
ពួកគេបដិសេធមិនព្រមទទួលស្គាល់យើង»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
(៦)៧ហេតុនេះព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលថា៖
«មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង
ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ
ចំពោះប្រជាជនរបស់យើងឡើយ។
(៧)៨អណ្ដាតរបស់ពួកគេជាព្រួញពិស
គេពោលតែពាក្យបោកបញ្ឆោត
មាត់របស់ពួកគេពោលពាក្យផ្អែមល្ហែម
ទៅកាន់អ្នកដទៃ
តែខាងក្នុងចិត្ត ពួកគេគិតគូររៀបចំអន្ទាក់។
(៨)៩ តើមិនគួរអោយយើងធ្វើទារុណកម្មពួកគេ
ព្រោះតែអំពើទាំងនោះទេឬ?
តើមិនគួរអោយយើងដាក់ទោសប្រជាជាតិ
បែបនេះទេឬ?»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពេលដែលត្រូវយំសោក
(៩)១០ ខ្ញុំនឹងស្រែកទ្រហោយំ
សោកសង្រេងនៅលើភ្នំ
ខ្ញុំនឹងយំរៀបរាប់
នៅតាមវាលស្មៅដ៏ស្ងាត់ជ្រងំ
ដ្បិតវាលស្មៅទាំងនោះត្រូវឆេះអស់
គ្មាននរណាដើរកាត់តាមនោះទៀតទេ
ហើយក៏លែងឮសូរសំរែកហ្វូងសត្វទៀតដែរ
សត្វស្លាប ក៏ដូចជាសត្វចតុប្បាទ
វាចាកចេញបាត់អស់ទៅហើយ។
(១០)១១ «យើងនឹងធ្វើអោយក្រុងយេរូសាឡឹម
ក្លាយទៅជាគំនរឥដ្ឋ
ជាកន្លែងដែលឆ្កែចចកយកធ្វើជាជំរក។
យើងនឹងធ្វើអោយក្រុងទាំងឡាយ
ក្នុងស្រុកយូដាក្លាយទៅជាទីស្ងាត់ជ្រងំ
គ្មាននរណារស់នៅ!»។
(១១)១២ តើនរណាមានប្រាជ្ញា
អាចយល់ហេតុការណ៍ទាំងនេះបាន?
ប្រសិនបើព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈ
អ្នកនោះមែន ចូរអោយគេពន្យល់មកមើល
ហេតុអ្វីបានជាស្រុកទេសវិនាស និងឆេះអស់
ដូចវាលរហោស្ថានដែលគ្មាននរណាដើរកាត់។

(១២)១៣ ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ហេតុការណ៍ទាំងនេះកើតឡើង មកពីពួកគេបោះបង់ចោលវិន័យ*ដែលយើងប្រគល់អោយពួកគេ ពួកគេមិនបានស្ដាប់ និងធ្វើតាមសេចក្ដីដែលយើងទូន្មានពួកគេទេ។ (១៣)១៤ ផ្ទុយទៅវិញ ពួកគេធ្វើតាមចិត្តរឹងរូសរបស់ខ្លួន ហើយនាំគ្នាជំពាក់ចិត្តនឹងព្រះបាលដូចដូនតារបស់ខ្លួនប្រៀនប្រដៅ»។ (១៤)១៥ ហេតុនេះហើយបានជាព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងអោយប្រជាជននេះបរិភោគផ្លែស្លែង ហើយអោយគេផឹកទឹកដែលមានជាតិពុល។ (១៥)១៦ យើងកំចាត់កំចាយពួកគេ អោយទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយដែលពួកគេផ្ទាល់ ឬដូនតារបស់ពួកគេពុំធ្លាប់ស្គាល់។ យើងអោយសត្រូវដេញកាប់សម្លាប់ពួកគេ រហូតទាល់តែស្លាប់អស់គ្មានសល់»។ (១៦)១៧ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖

«ចូរនាំគ្នាគិតគូរហៅស្រីៗដែលស៊ីឈ្នួលយំ
គឺស្រីៗដែលពូកែយំនោះអោយមក»។
(១៧)១៨ ស្រីទាំងនោះត្រូវប្រញាប់យំរៀបរាប់
ស្រណោះយើងទាំងអស់គ្នា
សូមអោយទឹកភ្នែករបស់យើងទាំងអស់គ្នា
ហូរដូចទឹកទន្លេ។
(១៨)១៩ សំរែកថ្ងូរលេចឮចេញមកពីក្រុងស៊ីយ៉ូនថា
យើងវិនាសហិនហោចអស់ហើយ!
យើងសែនអាម៉ាស់
ដ្បិតយើងត្រូវតែបោះបង់ចោលស្រុក
សត្រូវបានរំលំទីលំនៅរបស់យើងហើយ!
(១៩)២០ ស្ត្រីទាំងឡាយអើយ
ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះអង្គ
មានព្រះបន្ទូល!
ចូរបង្ហាត់កូនស្រីរបស់នាងអោយចេះទ្រហោយំ
ចូរបង្រៀនគ្នាទៅវិញទៅមក
អោយចេះយំរៀបរាប់
(២០)២១ ដ្បិតសេចក្ដីស្លាប់ឡើងតាមបង្អួចរបស់យើង
សេចក្ដីស្លាប់ចូលមកក្នុងកំពែងក្រុងរបស់យើង
ដកយកជីវិតក្មេងៗនៅតាមដងផ្លូវ
និងដកជីវិតពួកយុវជននៅតាមផ្សារ។
(២១)២២ ចូរនាំព្រះបន្ទូលរបស់ព្រះអម្ចាស់
ទៅប្រកាសថា
សាកសពរបស់មនុស្សនឹងនៅពាសពេញលើដី
ដូចលាមកសត្វនៅតាមចំការ
និងដូចកណ្ដាប់ដែលគេទើបនឹងច្រូតរួច
តែគ្មាននរណារើសឡើយ។
(២២)២៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«អ្នកប្រាជ្ញមិនត្រូវអួត ព្រោះខ្លួនមានប្រាជ្ញា
អ្នកខ្លាំងពូកែមិនត្រូវអួត ព្រោះខ្លួនមានកម្លាំង
ហើយអ្នកមានក៏មិនត្រូវអួត
ព្រោះខ្លួនមានទ្រព្យសម្បត្តិដែរ។
(២៣)២៤ បើអ្នកណាចង់អួតខ្លួន
ត្រូវអួត ព្រោះតែការចេះដឹង និងស្គាល់យើង
ជាព្រះអម្ចាស់ ដែលសំដែងសេចក្ដីសប្បុរស
សេចក្ដីសុចរិត និងយុត្តិធម៌នៅលើផែនដី។
មនុស្សប្រភេទនេះហើយដែលយើងពេញចិត្ត»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

(២៤)២៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងដាក់ទោសអស់អ្នកដែលធ្វើពិធីកាត់ស្បែក*តែសំបកក្រៅ (២៥)២៦ គឺជនជាតិអេស៊ីប ជនជាតិយូដា ជនជាតិអេដុម ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ព្រមទាំងពួកអ្នកកោរជើងសក់ ដែលរស់នៅតាមវាលរហោស្ថាន ដ្បិតប្រជាជាតិទាំងនោះពុំបានកាត់ស្បែកទេ។ សូម្បីតែប្រជាជាតិអ៊ីស្រាអែលទាំងមូលក៏ពុំបានធ្វើពិធីកាត់ស្បែក ដើម្បីប្រគល់ចិត្តគំនិតមកយើងដែរ»។