ព្យាការីយេរេមី (០៨)

 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​នោះ គេ​នឹង​យក​ធាតុ​ស្ដេច​របស់​ស្រុក​យូដា ធាតុ​របស់​មន្ត្រី ធាតុ​របស់​បូជាចារ្យ ធាតុ​របស់​ព្យាការី ព្រម​ទាំង​ធាតុ​របស់​អ្នក​ក្រុង​យេរូសាឡឹម​ចេញ​ពី​ផ្នូរទៅ​ដាក់​ហាល​ចោល​ក្រោម​ ព្រះអាទិត្យ ក្រោម​ព្រះច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បំរើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍ទាយ និង​ធ្លាប់​ក្រាប​ថ្វាយបង្គំ។ គ្មាន​នរណា​ប្រមូល​ធាតុ​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។រីឯ​អ្នក​ដែល​នៅ​សេសសល់​ ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរបង់​អោយ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។

ប្រជាជាតិនេះឥតយល់អ្វីទាំងអស់
៤ ចូរប្រាប់ពួកគេថា ព្រះអម្ចាស់មានព្រះបន្ទូល
ដូចតទៅ:
«ធម្មតាអ្នកដួល តែងតែក្រោកឡើងវិញ
ហើយអ្នកវង្វេងផ្លូវ
ក៏តែងតែបកក្រោយវិញដែរ។
៥ ចុះហេតុដូចម្ដេចបានជាប្រជាជន
ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង
ហើយចេះតែមានចិត្តសាវ៉ាដូច្នេះ?
ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ
ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។
៦ យើងផ្ទៀងត្រចៀកស្ដាប់
ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ
គ្មាននរណាម្នាក់សោកស្ដាយថា
ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា
“ខ្ញុំបានធ្វើខុសហើយ” នោះឡើយ
គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម
អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
៧ កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល
ហើយលលក ត្រចៀកកាំ និងស្មោញ
ក៏ចេះសំគាល់មើលថា
តើពេលណាវាត្រូវវិលមកវិញដែរ
ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់
វិន័យរបស់យើងទេ។
៨ តើធ្វើម្ដេចអោយអ្នករាល់គ្នាអាចពោលថា
“ពួកយើងជាមនុស្សមានប្រាជ្ញា
ដ្បិតពួកយើងមានវិន័យរបស់ព្រះអម្ចាស់”
បើស្មៀនចម្លងគម្ពីរវិន័យ
នាំគ្នាចម្លងទាំងបង្ខុសដូច្នេះ?
៩ អ្នកប្រាជ្ញរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់
ពួកគេនឹងវង្វេងវង្វាន់ជាប់អន្ទាក់។
ពួកគេមាក់ងាយព្រះបន្ទូលរបស់ព្រះអម្ចាស់
ដូច្នេះ តើគេមានប្រាជ្ញាអ្វី?
១០ហេតុនេះយើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ
ទៅអោយអ្នកដទៃ
ប្រគល់ស្រែចំការរបស់ពួកគេទៅអោយ
អស់អ្នកដែលនឹងមកចាប់យក
ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក
ប្រយោជន៍ផ្ទាល់ខ្លួន
គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ
ហើយចាប់តាំងពីព្យាការីរហូតដល់បូជាចារ្យ
សុទ្ធតែជាអ្នកបោកប្រាស់។
១១ពួកគេមិនឈឺឆ្អាលនឹងទុក្ខវេទនា
នៃប្រជាជនរបស់យើងទេ។
ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»
តែគ្មានសន្តិភាពទាល់តែសោះ!។
១២ពួកគេគួរតែអាម៉ាស់
ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។
ប៉ុន្តែ ពួកគេមានមុខក្រាស់
មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។
ហេតុនេះហើយបានជាពួកគេត្រូវវិនាស
ជាមួយអស់អ្នកដែលត្រូវវិនាស។
នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ
ពួកគេនឹងត្រូវដួលជាមិនខាន»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«យើងសំរេចចិត្តបំផ្លាញពួកគេចោល
ព្រោះពេលយើងចង់ប្រមូលផល
ពួកគេគ្មានផលអ្វីទាល់តែសោះ
គឺដូចចំការទំពាំងបាយជូរដែលគ្មានផ្លែ
ដូចដើមឧទុម្ពរដែលគ្មានផ្លែ
ហើយស្លឹករបស់វាក៏ស្វិតក្រៀម។
ដូច្នេះ យើងនឹងប្រគល់ដីអោយ
អស់អ្នកដែលដើរកាត់តាមនោះ»។
១៤«ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ
ចូរប្រមែប្រមូលគ្នាមក
ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ
ហើយសំងំចាំស្លាប់នៅទីនោះ
ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង
ធ្វើអោយយើងវិនាស
ព្រះអង្គអោយយើងផឹកទឹកដែលមានពិសពុល
ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង
ព្រះហឫទ័យរបស់ព្រះអង្គ។
១៥ពួកយើងសង្ឃឹមថានឹងបានសុខ
តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ!
យើងសង្ឃឹមថា នឹងមានពេលមួយ
យើងបានជាសះស្បើយ
តែយើងបែរជាជួបភ័យអាសន្នទៅវិញ!
១៦សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់
សំរែករបស់វាបានធ្វើអោយផែនដីញាប់ញ័រ
ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក
និងអ្វីៗដែលមាននៅក្នុងស្រុក
ពួកគេបំផ្លាញក្រុង
និងប្រជាជនដែលរស់នៅក្នុងក្រុង»។
១៧«យើងនឹងប្រើពស់វែក និងពស់អសិរពិស
អោយទៅចឹកអ្នករាល់គ្នា ជាពស់ដែល
គ្មានគ្រូអាលម្ពាយណាអាចសណ្ដំបានឡើយ»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ទំនួញរបស់លោកយេរេមី
១៨ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណ
តែគ្មានអ្វីអាចសំរាលទុក្ខរបស់ខ្ញុំបានទេ
១៩សំរែកយំសោកនៃប្រជាជនរបស់ខ្ញុំ
លាន់ឮពីដែនដីដ៏សែនឆ្ងាយ
ព្រះអម្ចាស់លែងគង់នៅក្រុងស៊ីយ៉ូនហើយឬ?
ក្រុងស៊ីយ៉ូនលែងមានព្រះមហាក្សត្រហើយឬ?
«ហេតុអ្វីបានជាពួកគេធ្វើអោយយើងខឹង
ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ
របស់សាសន៍ដទៃដូច្នេះ?»។
២០រដូវចំរូតកន្លងផុតទៅ
រដូវប្រាំងក៏ជិតផុតទៅដែរ
តែពួកយើងពុំបានទទួលការសង្គ្រោះសោះ!
២១ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំ
ដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំ
ខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។
២២តើនៅស្រុកកាឡាដលែងមានប្រេង
សំរាប់រឹតអោយបានធូរស្រាលហើយឬ?
តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ?
ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ
មិនព្រមសះដូច្នេះ?
២៣(៩.១) ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក
ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ
ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់
ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។