កថាបន្ថែម
ការឡោមព័ទ្ធ និងវាយលុកក្រុងយេរូសាឡឹម
(យរ.៣៩:៤-៧, ២ពង្ស ២៤:១៨-២៥.៧)
១ ពេលព្រះបាទសេដេខ្យាសឡើង សោយរាជ្យ ទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា ទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ថាហាមូតាល់ ជាកូនរបស់លោកយេរេមីយ៉ាដែលជាអ្នកស្រុកលីបណា។ ២ ព្រះបាទសេដេខ្យាសប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទយ៉ូយ៉ាគីមដែរ។ ៣ ព្រះអម្ចាស់ ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែព្រះអង្គបោះបង់ចោលពួកគេឆ្ងាយពីព្រះភក្ត្ររបស់ ព្រះអង្គ។
នៅគ្រានោះព្រះបាទសេដេខ្យាសបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។ ៤ ក្នុងឆ្នាំទីប្រាំបួន នៃរជ្ជកាលព្រះបាទសេដេខ្យាស នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូកានេសារជាស្ដេចស្រុកបាប៊ីឡូនលើកទ័ពទាំងមូលមកវាយក្រុង យេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។ ៥ ពួកគេឡោមព័ទ្ធក្រុងនេះ រហូតដល់ឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទសេដេខ្យាស។
៦ នៅថ្ងៃ ទីប្រាំបួននៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ ៧ ពួកខ្មាំងទម្លុះកំពែង ក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុងនៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។ ៨ កងទ័ពខាល់ដេនាំគ្នា ដេញតាមព្រះបាទសេដេខ្យាសទាន់ នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្ដេចរត់បែកខ្ញែកគ្នាអស់។ ៩ ទាហានខាល់ដេចាប់ស្ដេច បញ្ជូនទៅព្រះចៅនេប៊ូកានេសារនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ព្រះចៅនេប៊ូកានេសារប្រកាសកាត់ទោសព្រះបាទសេដេខ្យាស។ ១០ ស្ដេចស្រុកបាប៊ីឡូន បញ្ជាអោយគេអារ កបុត្រទាំងអស់របស់ព្រះបាទសេដេខ្យាស នៅចំពោះព្រះភក្ត្រព្រះបាទសេដេខ្យាស។ ស្ដេចស្រុកបាប៊ីឡូនក៏បានអោយគេអារ កពួកមន្ត្រីទាំងអស់នៃស្រុកយូដា នៅក្រុងរីបឡាដែរ។ ១១ បន្ទាប់មក ព្រះចៅនេប៊ូកានេសារអោយគេចាក់ភ្នែកព្រះបាទសេដេខ្យាស រួចដាក់ច្រវាក់លង្ហិនពីរជាន់។ ស្ដេចស្រុកបាប៊ីឡូននាំព្រះបាទសេដេខ្យាសទៅស្រុកបាប៊ីឡូន ឃុំទុករហូតដល់ថ្ងៃសុគត។
១២ នៅថ្ងៃ ទីដប់ខែទីប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ជាស្ដេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដន ជារាជប្រតិភូដែលបំរើស្ដេចស្រុកបាប៊ីឡូនមកដល់ក្រុងយេរូសាឡឹម។ ១៣ លោកដុតកំទេចព្រះដំណាក់របស់ព្រះអម្ចាស់ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។ ១៤ កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏រំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
១៥ លោក នេប៊ូសារ៉ាដនជារាជប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង គឺជនក្រីក្រមួយចំនួន ទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់យកទៅជាឈ្លើយសឹក។ ១៦ ប៉ុន្តែ លោកនេប៊ូសារ៉ាដនជារាជប្រតិភូ ទុកអោយជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
១៧ ជនជាតិខាល់ដេកំទេចសសរលង្ហិន ដែកកំណល់ និងអាងធំ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មាននាំទៅក្រុងបាប៊ីឡូន។ ១៨ ពួកគេយកឆ្នាំង វែក កាំបិត ភាជន៍ ពែង និងគ្រឿងបរិក្ខារឯទៀតៗធ្វើពីលង្ហិន សំរាប់ប្រើប្រាស់ក្នុងព្រះវិហារទៅជាមួយ។ ១៩ លោករាជប្រតិភូក៏យក ចានក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើងចង្កៀង ពែង ចានគោម និងវត្ថុទាំងប៉ុន្មានដែលធ្វើពីមាសពីប្រាក់ទៅជាមួយដែរ។ ២០ រីឯសសរទាំងពីរ អាងធំ និងរូបគោ លង្ហិនទាំងដប់ពីរ ជាកំណល់ដែលព្រះបាទសាឡូម៉ូនបានធ្វើសំរាប់ប្រើប្រាស់ក្នុង ព្រះដំណាក់របស់ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះ គ្មាននរណាដឹងថា មានទម្ងន់ប៉ុន្មានទេ។ ២១ សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយរង្វង់សសរមានប្រវែងដប់ពីរហត្ថ។ សសរនោះប្រហោងក្នុង និងមានកំរាស់បួនហ៊ុន។ ២២ នៅពីលើសសរមាន ក្បាច់ក្បាលសសរមួយធ្វើពីលង្ហិន ដែលមានកំពស់ប្រាំហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើនដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរមានទំហំ និងមានផ្លែទទឹមដូចគ្នាដែរ។ ២៣ មានផ្លែទទឹមទាំងអស់កៅសិបប្រាំមួយនៅជុំវិញ ហើយផ្លែទទឹមដែលនៅជាប់នឹងក្បាច់ក្រឡាអួន មានចំនួនទាំងអស់មួយរយ។
២៤ លោករាជ ប្រតិភូចាប់លោកសេរ៉ាយ៉ា ជាមេក្រុមបូជាចារ្យ លោកសេផានី ជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីនាក់យកទៅជាមួយ។ ២៥ លោកក៏ចាប់មហាតលិក មួយរូបដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំពីររូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។ ២៦ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូចាប់អ្នកទាំងនោះ នាំទៅថ្វាយស្ដេចស្រុកបាប៊ីឡូននៅរីបឡា។ ២៧ ស្ដេចស្រុកបាប៊ីឡូន ប្រហារជីវិតអ្នកទាំងនោះនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
២៨ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ស្ដេចនេះកៀរជនជាតិយូដា យកទៅជាឈ្លើយចំនួន ៣០២៣នាក់។ ២៩ ក្នុងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ស្ដេចនេះកៀរអ្នកក្រុងយេរូសាឡឹមយកទៅជាឈ្លើយចំនួន ៨៣២នាក់។ ៣០ ក្នុងឆ្នាំទីម្ភៃបី នៃរជ្ជកាលព្រះចៅនេប៊ូកានេសារ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូកៀរជនជាតិយូដាយកទៅជាឈ្លើយចំនួន៧៤៥នាក់។ សរុបទាំងអស់ មានចំនួន ៤ ៦០០ នាក់។
៣១ នៅថ្ងៃ ទីម្ភៃប្រាំខែទីដប់ពីរក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលព្រះបាទយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដាត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូន ព្រះចៅអេវីល-ម៉ារ៉ាដុក ដោះលែងព្រះបាទយ៉ូយ៉ាគីនអោយមានសេរីភាព។ ៣២ ស្ដេចមានរាជឱង្ការទៅ កាន់ព្រះបាទយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្ដេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។ ៣៣ ស្ដេចអនុញ្ញាតអោយ ព្រះបាទយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ជាឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុជាមួយជារៀងរាល់ថ្ងៃ រហូតដល់អស់ព្រះជន្ម។ ៣៤ ស្ដេចស្រុកបាប៊ីឡូនទំនុកបម្រុងព្រះបាទយ៉ូយ៉ាគីនជារៀងរាល់ថ្ងៃ អស់មួយជីវិត រហូតដល់ថ្ងៃទ្រង់សោយទិវង្គត។