ព្យាការីយេរេមី (៤៧)

ព្រះបន្ទូលស្ដីអំពីជនជាតិភីលីស្ទីន
១ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយេរេមីស្ដីអំពីជនជាតិភីលីស្ទីន មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។
២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មានទឹកជន់ឡើងនៅទិសខាងជើង
ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង
លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក
លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។
មនុស្សម្នានាំគ្នាស្រែក
អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់
៣ ព្រោះឮស្នូរសន្ធឹកជើងសេះ
និងសន្ធឹកកង់រទេះចំបាំងលាន់ឮយ៉ាងទ្រហឹង
អឹងអាប់ដូចផ្គរលាន់។
ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល
មកកូនរបស់ខ្លួនទៀត។
៤ ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោច
បានមកដល់ហើយ!
ថ្ងៃនោះអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន
លែងមាននរណាអាចជួយទៀតឡើយ
ដ្បិតព្រះអម្ចាស់កំទេចស្រុកភីលីស្ទីន
គឺពួកអ្នកដែលនៅសេសសល់ពីកោះកាបទ័រ។
៥ ក្រុងកាសាគ្មាននៅសល់អ្វីសោះ
ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។
អ្នកស្រុកវាលទំនាបដែលនៅសេសសល់អើយ
តើអ្នកនៅតែឆូតសាច់របស់ខ្លួន
ដល់កាលណាទៀត?
៦ អ្នករាល់គ្នាពោលថា “ដាវរបស់ព្រះអម្ចាស់អើយ
ដល់ពេលណាទើបសំរាក?
ចូរចូលទៅក្នុងស្រោមវិញ
ហើយសំរាកអោយស្ងៀមទៅ!”
៧ បើព្រះអម្ចាស់ចេញបញ្ជាអោយវាទៅប្រហារ
ក្រុងអាស្កាឡូន
និងតំបន់តាមមាត់សមុទ្រហើយនោះ
តើអោយដាវនៅស្ងៀមដូចម្ដេចបាន?
វាត្រូវតែតម្រង់ទៅរកទីនោះ!»។