ព្យាការីយេរេមី (៤៦)

សេចក្ដីប្រកាសអំពីប្រជាជាតិនានា
ព្រះបន្ទូលស្ដីអំពីស្រុកអេស៊ីប
១ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយេរេមីស្ដីអំពីប្រជាជាតិទាំងឡាយ។
២ នៅឆ្នាំ ទីបួននៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូស្យាស ស្ដេចស្រុកយូដា ព្រះចៅផារ៉ោននេកូ ជាស្ដេចស្រុកអេស៊ីប ស្ថិតនៅក្រុងកាកេមីសជិតទន្លេអឺប្រាត ហើយច្បាំងចាញ់ព្រះចៅនេប៊ូកានេសារជាស្ដេចស្រុកបាប៊ីឡូន។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្រុកអេស៊ីប និងកងទ័ពរបស់ព្រះចៅផារ៉ោននេកូដូចតទៅ៖
៣ «ពួកមេទ័ពអេស៊ីបស្រែកឡើងថា:
ចូរតំរៀបគ្នាជាក្បួនទ័ពតូច ឬធំ
ចូររៀបចំខ្លួនចូលច្បាំង!
៤ ទ័ពសេះ ត្រូវចងបង្ហៀរសេះ
ហើយឡើងជិះទៅ!
ចូរតំរៀបគ្នាជាជួរ ពាក់មួកដែក
សំលៀងមុខលំពែង ហើយពាក់អាវក្រោះទៅ!
៥ ប៉ុន្តែ ហេតុអ្វីបានជាយើងឃើញពួកគេ
ធ្លាក់ទឹកចិត្តដូច្នេះ?
ពួកគេនាំគ្នាដកទ័ពថយ
ទាហានដ៏ខ្លាំងពូកែ ត្រូវខ្មាំងសម្លាប់
ពួកគេបាក់ទ័ពរត់ ឥតបែរក្រោយឡើយ
ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៦ អ្នករត់លឿន ពុំអាចរត់រួចខ្លួនបានឡើយ!
អ្នកខ្លាំងពូកែក៏ពុំអាចគេចខ្លួនបានដែរ!
នៅទិសខាងជើង
ពួកគេនឹងជំពប់ដួលត្រង់ដៃទន្លេអឺប្រាត។
៧ តើនរណាប្រៀបដូចទន្លេនីលជន់ជោរឡើង
ហើយប្រៀបដូចទឹកទន្លេហូរលិចច្រាំង?
៨ គឺស្រុកអេស៊ីបនេះហើយដែលប្រៀបដូច
ទន្លេនីលជន់ជោរឡើង
ហើយប្រៀបដូចទឹកទន្លេហូរលិចច្រាំង
ដ្បិតគេពោលថា:
ខ្ញុំនឹងជន់ឡើងលិចផែនដី ខ្ញុំនឹងវាយក្រុង
ព្រមទាំងប្រជាជនទាំងអស់អោយវិនាស។
៩ ចូរនាំគ្នាឡើងជិះសេះ វាយសំរុកទៅ!
រទេះចំបាំង ចូរសំរុកទៅមុខយ៉ាងលឿន!
ទាហានដ៏ខ្លាំងពូកែ ពីស្រុកអេត្យូពី ស្រុកពូធ
ដែលជាអ្នកកាន់ខែល
និងទាហានពីស្រុកលូធដែលជាអ្នកបាញ់ព្រួញ
ចូរនាំគ្នាចេញទៅដែរ!
១០ប៉ុន្តែ ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់
សងសឹកខ្មាំងសត្រូវ។
មនុស្សជាច្រើននឹងស្លាប់ដោយមុខដាវ
ហើយមានឈាមដាបគ្រប់ទិសទី។
ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់
នៃពិភពទាំងមូល
ធ្វើយញ្ញបូជា នៅស្រុកខាងជើង
តាមមាត់ទន្លេអឺប្រាត។
១១ជនជាតិអេស៊ីបអើយ
ចូរឡើងទៅស្រុកកាឡាដរកប្រេងមករឹត
ទើបបានធូរស្បើយ!
តែត្រូវដឹងថា មិនបាច់ខំប្រឹងរកថ្នាំច្រើនមុខទេ
ព្រោះគ្មានថ្នាំណាស័ក្ដិសិទ្ធិ
ជួយអ្នកអោយជាសះស្បើយបានឡើយ។
១២ប្រជាជាតិនានាទទួលដំណឹងថា អ្នកត្រូវអាម៉ាស់
ព្រោះសំរែករបស់អ្នក
លាន់ឮពាសពេញលើផែនដី។
ទាហានដ៏ខ្លាំងពូកែរត់បុកគ្នា
ដួលស្លាប់ទាំងពីរនាក់»។
១៣ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងប្រាប់ព្យាការីយេរេមីអំពីព្រះចៅនេប៊ូកានេសារ ជាស្ដេចស្រុកបាប៊ីឡូន ត្រូវទៅវាយស្រុកអេស៊ីប៖
១៤ «ចូរប្រកាសនៅស្រុកអេស៊ីប
ចូរប្រាប់អោយគេដឹងនៅក្រុងមីគដូល
ចូរប្រាប់អោយគេដឹងនៅក្រុងណូប
និងក្រុងតាផាណែស!
ត្រូវពោលថា ចូររៀបចំខ្លួន និងត្រៀមខ្លួនទៅ
ដ្បិតសង្គ្រាមផ្ទុះឡើងនៅជុំវិញអ្នកហើយ!
១៥ ហេតុអ្វីបានជាព្រះគោដ៏ខ្លាំងពូកែរបស់អ្នក
បែរជាអស់ឫទ្ធិដូច្នេះ?
នៅពេលព្រះអម្ចាស់ផ្ដួលរំលំ
ពួកគេពុំអាចឈរមាំបានឡើយ។
១៦ព្រះអង្គក៏បានផ្ដួលទាហានមួយចំនួនធំដែរ
ពួកគេដួលគរលើគ្នា ទាំងពោលថា
ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង
វិលត្រឡប់ទៅមាតុភូមិរបស់យើងវិញ
ដើម្បីគេចអោយផុតពីសង្គ្រាមដ៏សាហាវនេះ។
១៧នៅទីនោះ គេនឹងដាក់ងារព្រះចៅផារ៉ោន
ជាស្ដេចស្រុកអេស៊ីបថា
“កោកៗ តែឥតបានការអ្វី!”»។
១៨ព្រះមហាក្សត្រដែលមានព្រះនាមថា
ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូល ដោយយកព្រះជន្មរបស់
ព្រះអង្គផ្ទាល់ជាសាក្សីថា៖
«ថាប៊រ ពិតជាភ្នំមួយក្នុងចំណោមភ្នំឯទៀតៗ
ហើយភ្នំកាម៉ែលនៅជាប់នឹងសមុទ្រយ៉ាងណា
ខ្មាំងសត្រូវពិតជាមកដល់យ៉ាងនោះដែរ។
១៩ ប្រជាជនស្រុកអេស៊ីបអើយ
ចូរវេចបង្វេចទៅ
ដ្បិតខ្មាំងនឹងកៀរអ្នកទៅជាឈ្លើយ។
ក្រុងណូបនឹងក្លាយទៅជាទីស្មសាន
ជាកន្លែងដែលឆេះខ្ទេចខ្ទី
គ្មាននរណារស់នៅ។
២០ស្រុកអេស៊ីបប្រៀបបាននឹងគោញីស្ទាវដ៏ស្អាត
តែនឹងមានមូសដ៏សាហាវ
ពីទិសខាងជើងមកខាំ។
២១ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំង
អោយពួកគេ
សុទ្ធតែមានសាច់មានឈាមដូចគោបំប៉ន
តែទាហានទាំងនោះក៏បកក្រោយដែរ
គេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេ
ដ្បិតថ្ងៃមហន្តរាយ
គឺជាពេលដែលយើងដាក់ទោសពួកគេ
បានធ្លាក់មកលើពួកគេហើយ។
២២ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ
កងទ័ពអេស៊ីបនាំគ្នារត់ទៅ យ៉ាងស្ងៀមស្ងាត់
ដូចពស់ដែលកំពុងលូន។
សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស
កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។
២៣ទ័ពសត្រូវនាំគ្នាកាប់ព្រៃឈើ
ទោះបីព្រៃនោះពិបាកចូលក៏ដោយ
ដ្បិតពួកគេមានចំនួនច្រើនឥតគណនា
គឺច្រើនជាងហ្វូងកណ្ដូបទៅទៀត។
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៤ប្រជាជននៅស្រុកអេស៊ីបត្រូវអាម៉ាស់
ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជន
ដែលមកពីទិសខាងជើង»។
២៥ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់
ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖
«យើងនឹងដាក់ទោសអាំម៉ូន ជាព្រះនៃក្រុងណូ
ព្រមទាំងផារ៉ោន ជាស្ដេចស្រុកអេស៊ីប
គឺយើងដាក់ទោសព្រះ និងស្ដេចស្រុកអេស៊ីប
យើងដាក់ទោសផារ៉ោន និងអស់អ្នកដែល
ផ្ញើជីវិតលើស្ដេចនេះ។
២៦យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់
អស់អ្នកដែលចង់ប្រហារជីវិតពួកគេ
គឺក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ
ជាស្ដេចស្រុកបាប៊ីឡូន
និងក្នុងកណ្ដាប់ដៃនាយទាហានរបស់គេ។
ក្រោយមកទៀត ស្រុកអេស៊ីបនឹងមាន
មនុស្សរស់នៅ ដូចកាលពីមុន
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៧កូនចៅយ៉ាកុប ជាអ្នកបំរើរបស់យើងអើយ
កុំភ័យខ្លាចអ្វីឡើយ!
កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម!
យើងនឹងសង្គ្រោះអ្នកអោយវិលត្រឡប់
មកពីទឹកដីដ៏ឆ្ងាយវិញ
យើងនឹងសង្គ្រោះពូជពង្សរបស់អ្នក
ពីស្រុកដែលគេជាប់ជាឈ្លើយ។
កូនចៅយ៉ាកុបនឹងវិលមកវិញ
គេនឹងរស់នៅយ៉ាងសុខក្សេមក្សាន្ត
គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
២៨កូនចៅយ៉ាកុប ជាអ្នកបំរើរបស់យើងអើយ
កុំភ័យខ្លាចអ្វីឡើយ!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ –
យើងស្ថិតនៅជាមួយអ្នក
យើងនឹងលុបបំបាត់ប្រជាជាតិនានា
ដែលយើងបានកំចាត់កំចាយអ្នក
អោយទៅនៅក្នុងចំណោមពួកគេ
តែយើងមិនលុបបំបាត់អ្នកឡើយ។
យើងបានដាក់ទោសអ្នកដោយយុត្តិធម៌
យើងមិនអាចចាត់ទុកអ្នកថា
គ្មានទោសបានទេ»។