ព្យាការីយេរេមី (៤៥)

២៤ លោក​យេរេមី ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល និង​ស្រីៗ​ទាំង​នោះ​ថា៖ «ជន​ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ស្រុក​អេស៊ីប​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ២៥ ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​បាន​និយាយ ហើយ​ធ្វើ​តាម​ពាក្យ​របស់​ខ្លួន​ភ្លាម គឺ​អ្នក​រាល់​គ្នា​និយាយ​ថា “យើង​ចង់​ធ្វើ​តាម​ពាក្យ​ដែល​យើង​បន់ស្រន់ ដោយ​ដុត​គ្រឿង​ក្រអូប និង​ច្រួចស្រា​សែន​ម្ចាស់ក្សត្រី​នៅ​ស្ថានសួគ៌”។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​គោរព និង​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បន់ស្រន់​នោះ​ទៅ!»។ ២៦ ហេតុ​នេះ​ជន​ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អេស៊ីប​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ដូច​ត​ទៅ៖ «យើង​សូម​ស្បថ​ក្នុង​នាម​ដ៏​ឧត្ដម​របស់​យើង​ផ្ទាល់​ថា: យើង​លែង​អោយ​ជន​ជាតិ​យូដា​ណា​ម្នាក់ ដែល​រស់​នៅ​ស្រុក​អេស៊ីប​យក​ឈ្មោះ​យើង​មក​ស្បថ ដោយ​ពោល​ថា “ព្រះជាអម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ”​ទៀត​ហើយ!។ ២៧ យើង​តាម​មើល​ពួក​គេ ដើម្បី​ដាក់​ទោស គឺ​មិន​មែន​ផ្ដល់​សុភមង្គល​ទេ។ ប្រជាជន​យូដា​ទាំង​អស់​ដែល​រស់​នៅ​ស្រុក​អេស៊ីប នឹង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស រហូត​ដល់​ផុត​ពូជ។ ២៨ មនុស្ស​មួយ​ចំនួន​តូច ដែល​គេច​ផុត​ពី​មុខ​ដាវ​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។ ដូច្នេះ ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ពី​ចំណោម​អស់​អ្នក​ដែល​មក​រស់​នៅ​ស្រុក​អេស៊ីប​នេះ​មុខ​ជា​ដឹង​ថា ពាក្យ​របស់​នរណា​បាន​សំរេច​ជា​រូប​រាង តើ​ពាក្យ​របស់​យើង ឬ​ពាក្យ​របស់​ពួក​គេ»។ ២៩ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ទៀត​ថា យើង​នឹង​ផ្ដល់​ទី​សំគាល់​មួយ​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​អោយ​រង​ទុក្ខ​វេទនា​នៅ​ស្រុក​នេះ ស្រប​តាម​ពាក្យ​របស់​យើង​មែន ៣០ គឺ​យើង​នឹង​ប្រគល់​ ផារ៉ោនហូប្រា​ជា​ស្ដេច​ស្រុក​អេស៊ីប ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ស្ដេច​នេះ ដូច​យើង​បាន​ប្រគល់​សេដេខ្យាស ជា​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូកានេសារ ស្ដេច​ស្រុក​បាប៊ីឡូន ជា​សត្រូវ​ដែល​ចង់​ប្រហារ​ជីវិត​សេដេខ្យាស​យ៉ាង​នោះ​ដែរ។

លោក​យេរេមី​សំរាល​ទុក្ខ​លោក​បារូក
 នៅ​ឆ្នាំ​ទី​បួន​នៃ​ រជ្ជកាល​ព្រះបាទ​យ៉ូយ៉ាគីម បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស ជា​ស្ដេច​ស្រុក​យូដា លោក​បារូក​ជា​កូន​របស់​លោក​នេរីយ៉ា សរសេរ​ព្រះបន្ទូល​ទាំង​នេះ​តាម​លោក​យេរេមី​ថ្លែង​ប្រាប់​ទុក​ក្នុង​ក្រាំង​ មួយ។ ពេល​នោះ លោក​យេរេមី​មាន​ប្រសាសន៍​មក​កាន់​លោក​បារូក​ថា៖

 «បារូក​អើយ ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​អំពី​អ្នក​ដូច​ត​ទៅ: អ្នក​ពោល​ថា “ខ្ញុំ​ត្រូវ​វេទនា​ហើយ! ដ្បិត​ព្រះអម្ចាស់​ ធ្វើ​អោយ​ខ្ញុំ​មាន​ទុក្ខ​កង្វល់ ថែម​ពី​លើ​ការ​ឈឺ​ចាប់​ដែល​ខ្ញុំ​កំពុង​តែ​មាន​ស្រាប់ ខ្ញុំ​ថ្ងូរ​រហូត​ដល់​អស់​កម្លាំង ខ្ញុំ​មាន​ទុក្ខ​ឥត​ស្បើយ”។  ព្រះអង្គ​អោយ​ខ្ញុំ​ ប្រាប់​អ្នក​ថា “យើង​នឹង​កំទេច​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​សង់ យើង​នឹង​ដក​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​ដាំ។ យើង​ធ្វើ​ដូច្នេះ​នៅ​លើ​ផែនដី​ទាំង​មូល។ រីឯ​អ្នក តើ​អ្នក​ប្រាថ្នា​ចង់​បាន​ភាព​ឧត្ដុង្គឧត្ដម​ឬ? កុំ​មាន​បំណង​ដូច្នេះ​ទៀត​ឡើយ! ដ្បិត​យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា កើត​មាន​ដល់​សត្វ​លោក​ទាំង​មូល – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់- តែ​យើង​នឹង​អោយ​អ្នក​បាន​រួច​ជីវិត នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។