ព្យាការីយេរេមី (៤៤)

ព្រះបន្ទូល​ស្ដី​បន្ទោស​ជន​ជាតិ​យូដា​ដែល​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប
 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមីស្ដី​អំពី​ជន​ជាតិ​យូដា​ទាំង​អស់​ដែល​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីប គឺ​អ្នក​នៅ​ក្រុង​មីគដូល ក្រុង​តាផាណែស ក្រុង​ណូប និង​នៅ​ស្រុក​ប៉ាត្រូស​ដូច​ត​ទៅ:

 ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​គ្រោះ​កាច​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​អោយ​កើត​មាន​នៅ​ក្រុង​យេរូសាឡឹម និង​នៅ​ក្រុង​នានា​ក្នុង​ស្រុក​យូដា។ សព្វ​ថ្ងៃ​ក្រុង​ទាំង​នោះ​នៅ​សល់​តែ​គំនរ​បាក់​បែក​គ្មាន​ប្រជាជន​រស់​នៅ​ទេ។  ​ហេតុ​ការណ៍​ទាំង​នេះ​កើត​មាន មក​ពី​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ដុត​គ្រឿង​ក្រអូប គោរព​បំរើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​ពួក​គេ​ផ្ទាល់ និង​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់ ជា​ហេតុ​នាំ​អោយ​យើង​ខឹង​នឹង​ពួក​គេ។  យើង​បាន​ចាត់​អ្នក​បំរើ​ ទាំង​ប៉ុន្មាន​របស់​យើង គឺ​ពួក​ព្យាការី អោយ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក ដើម្បី​ប្រាប់​ថា“កុំ​ប្រព្រឹត្ត​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម ដែល​យើង​មិន​ពេញ​ចិត្ត​នេះ​ឡើយ”។  ប៉ុន្តែ ពួក​គេ​ពុំ​បាន​ត្រងត្រាប់​ស្ដាប់ ហើយ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ទេ ពួក​គេ​មិន​ព្រម​ឈប់​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ​ឡើយ។ កំហឹង​របស់​យើង​ក៏​ឆេះឆួល ​ឡើង ដូច​ភ្លើង​ឆេះ​កំទេច​ក្រុង​នានា​នៅ​ស្រុក​យូដា និង​ផ្លូវ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​យេរូសាឡឹម អោយ​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដូច​សព្វ​ថ្ងៃ»។ ឥឡូវ​នេះ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​បាប​ខ្លួន​ឯង​ខ្លាំង​យ៉ាង​នេះ គឺ​អ្នក​រាល់​គ្នា​យក​ប្រជាជន​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ចេញ​ពី​ស្រុក​យូដា ធ្វើ​អោយ​ហិនហោច​ឥត​មាន​នៅ​សេសសល់​នរណា​ម្នាក់​ដូច្នេះ?  អ្នក​រាល់​គ្នា​បញ្ឆេះ​ កំហឹង​របស់​យើង ដោយ​គោរព​បំរើ​ព្រះ​ក្លែងក្លាយ ដែល​ជា​ស្នាដៃ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ​នៅ​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ។ អ្នក​រាល់​គ្នា​មុខ​ជា​ផុត​ពូជ ហើយ​ត្រូវ​ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់ ​បណ្ដាសា និង​ជេរ​ប្រមាថ​ពុំខាន។ តើ​អ្នក​រាល់​គ្នា​ភ្លេច​ អំពើ​អាក្រក់​ដែល​ដូនតា​របស់​អ្នក​រាល់​គ្នា ស្ដេច​ស្រុក​យូដា ពួក​ស្រី​ស្នំ អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​នៃ​ក្រុង​យេរូសាឡឹម​ហើយ​ឬ? ១០ រហូត​មក​ទល់​សព្វ​ថ្ងៃ គ្មាន​នរណា​ម្នាក់​នឹក​ស្ដាយ​ដោយ​ខ្លួន​បាន​ធ្វើ​ខុស គ្មាន​នរណា​ម្នាក់​គោរព​កោត​ខ្លាច​យើង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាមវិន័យ និង​ច្បាប់​ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ»។

១១ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «យើង​សំរេច​ចិត្ត​ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​លុប​បំបាត់​ជន​ជាតិ​យូដា​ទាំង​មូល។ ១២ យើង​នឹង​ប្រហារ​ជន​ជាតិ ​យូដា​ដែល​នៅ​សេសសល់ ហើយ​ចេញ​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​នៅ​ស្រុក​អេស៊ីប​នេះ ពួក​គេ​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ពួក​គេ​ត្រូវ​វិនាស​សូន្យ​ទាំង​អស់​គ្នា ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ ប្រជាជាតិ​ទាំងឡាយ​យក​ឈ្មោះ​ពួក​គេ ទៅ​ដាក់​បណ្ដាសា ជេរ​ប្រមាថ និង​ចំអកឡកឡឺយ។ ១៣ យើង​នឹង​ដាក់​ទោស​អស់​ អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​យើង​បាន​ដាក់​ទោស​អ្នក​ក្រុង​យេរូសាឡឹម អោយ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ​ដែរ។ ១៤ ក្នុង​ចំណោម​ជន​ជាតិ​ យូដា​ដែល​នៅ​សេសសល់ ហើយ​មក​រស់​នៅ​ស្រុក​អេស៊ីប​នេះ គ្មាន​នរណា​ម្នាក់​រត់​រួច និង​រស់​រាន​មាន​ជីវិត​ឡើយ។ ទោះ​បី​ពួក​គេ​ប្រាថ្នា​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ក្ដី ក៏​ពួក​គេ​វិល​ទៅ​វិញ​មិន​បាន​ដែរ លើកលែង​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ»។

១៥ អស់​អ្នក​ដែល​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​តែងតែ​ដុត​គ្រឿង​ក្រអូប​​សែន​ព្រះ​ដទៃ ព្រម​ទាំង​ស្រីៗ​ទាំង​អស់​ដែល​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះករ​នៅ​ទី​នោះ និង​ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​ក្រុង​ប៉ាត្រូស ក្នុង​ស្រុក​អេស៊ីប នាំ​គ្នា​តប​ទៅ​លោក​យេរេមី​វិញ​ថា៖ ១៦ «ទោះ​បី​លោក​មាន​ប្រសាសន៍​មក​យើង​ក្នុង​នាម​ព្រះអម្ចាស់​ក្ដី ក៏​យើង​មិន​ចង់​ស្ដាប់​ពាក្យ​របស់​លោក​ដែរ។ ១៧ យើង​ចង់​ធ្វើ​អ្វីៗ​តាម ​ការ​សំរេច​របស់​យើង គឺ​ដុត​គ្រឿង​ក្រអូប និង​ច្រួចស្រា​សែន​ម្ចាស់ក្សត្រី​នៅ​ស្ថានសួគ៌​ដូច​យើង និង​ដូនតា​របស់​យើង ព្រម​ទាំង​ស្ដេច និង​ពួក​មន្ត្រី​ធ្លាប់​ធ្វើ​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡឹម។ កាល​នោះ យើង​មាន​អាហារ​បរិភោគ​បរិបូណ៌ បាន​សុខ​ក្សេមក្សាន្ត ឥត​មាន​ទុក្ខ​វេទនា​ទាល់​តែ​សោះ។ ១៨ ប៉ុន្តែ តាំង​ពី​យើង​ឈប់​ដុត​គ្រឿង​ក្រអូប និង​ឈប់​ច្រួចស្រា​សែន​ម្ចាស់ក្សត្រី​នៅ​ស្ថានសួគ៌ យើង​ខ្វះ​ខាត​សព្វ​គ្រប់ ព្រម​ទាំង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស»។ ១៩ ស្រីៗ​ទាំង​នោះ​និយាយ​ បន្ថែម​ថា៖ «ពេល​យើង​ដុត​គ្រឿង​ក្រអូប និង​ច្រួចស្រា​ថ្វាយ​ម្ចាស់ក្សត្រី​នៅ​ស្ថានសួគ៌​នោះ ប្ដី​របស់​យើង​បាន​យល់​ស្រប​ទាំង​ស្រុង។ ពេល​យើង​ធ្វើ​នំ​ថ្វាយ​ព្រះនាង ព្រម​ទាំង​ច្រួចស្រា ក៏​ប្ដី​យើង​យល់​ស្រប​ដែរ»។

២០ ពេល​នោះ លោក​យេរេមី​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​បាន​ឆ្លើយ​តប​មក​លោក​ថា៖ ២១ «គ្រឿង​ក្រអូប​ដែល​អ្នក ​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្ដេច មន្ត្រី និង​អ្នក​ស្រុក​បាន​ដុត​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡឹម ព្រះអម្ចាស់​ក៏​បាន​ឃើញ និង​ចង​ចាំ​ជានិច្ច​ដែរ។ ២២ ព្រះអម្ចាស់​ ពុំ​អាច​ទ្រាំ​នឹង​អំពើ​អាក្រក់ ព្រម​ទាំង​អំពើ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ នោះ ត​ទៅ​មុខ​ទៀត​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ជា​ទី​ស្មសាន ជា​ដី​ត្រូវ​បណ្ដាសា ហើយ​គ្មាន​មនុស្ស​រស់​នៅ​ដូច​សព្វ​ថ្ងៃ។ ២៣ ទុក្ខ​លំបាក​ដែល​កើត​ មាន​ដល់​អ្នក​រាល់​គ្នា​ដូច​សព្វ​ថ្ងៃ មក​ពី​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប និង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ មិន​ប្រតិបត្តិ​តាមវិន័យ ច្បាប់ និង​ដំបូន្មាន​របស់​ព្រះអង្គ»។