ព្យាការីយេរេមី (៤៣)

លោក​យេរេមី​ត្រូវ​គេ​នាំ​ទៅ​ស្រុក​អេស៊ីប
 កាល​លោក​យេរេមី​ថ្លែង​ប្រាប់​ប្រជាជន​ទាំង​មូល នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រគល់​អោយ​លោក​នាំ​មក​ប្រាប់​ពួក​គេ ចប់​សព្វ​គ្រប់​ហើយ  លោក​អសារី​ជា​កូន​របស់​ លោក​ហូសាយ៉ា លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​អស់​អ្នក​ដែល​វាយឫក​ខ្ពស់ ពោល​មក​កាន់​លោក​យេរេមី​ថា៖ «លោក​និយាយ​កុហក! ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង ពុំ​បាន​ចាត់​លោក​អោយ​មក​ហាម​ពួក​យើង ​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​ឡើយ ៣ គឺ​បារូក ជា​កូន​របស់​លោក​នេរីយ៉ា​ទេ​តើ ដែល​អុចអាល​លោក​អោយ​ប្រឆាំង​នឹង​ពួក​យើង ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខាល់ដេ ហើយ​ពួក​នោះ​នឹង​សម្លាប់ ឬ​ចាប់​ពួក​យើង​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន»។ លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា ពួក​មេទ័ព និង​ប្រជាជន​ទាំង​អស់ មិន​ព្រម​ស្ដាប់​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​អោយ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​យូដា​ឡើយ។ លោក​យ៉ូហាណាន​ជា​កូន​របស់ ​លោក​ការ៉ា និង​ពួក​មេទ័ព​នាំ​ប្រជាជន​យូដា​ទាំង​អស់​ដែល​នៅ​សេសសល់ គឺ​ប្រជាជន​ដែល​ពី​មុន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ជិត​ខាង​ទាំង ​ប៉ុន្មាន ហើយ​វិល​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ ៦ រួម​មាន​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេងៗ ទាំង​បុត្រី​របស់​ស្ដេច និង​អ្នក​ឯ​ទៀតៗ​ដែល​លោក​នេប៊ូសារ៉ាដន​ជា​រាជ​ប្រតិភូ​បាន​ទុក​អោយ​នៅ​ជា​ មួយ​លោក​កេដាលីយ៉ា ជា​កូន​របស់​លោក​អហ៊ីកាំ និង​ជា​ចៅ​របស់​លោក​សាផន​ទៅ​ជា​មួយ។ គេ​ក៏​នាំ​ព្យាការី​យេរេមីនិង​លោក​បារូក ជា​កូន​របស់​លោក​នេរីយ៉ា​ទៅ​ដែរ។ ៧ ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទេ គឺ​ពួក​គេ​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​ក្រុង​តាផាណែស។

ព្រះបន្ទូល​ស្ដី​អំពី​ព្រះចៅ​នេប៊ូកានេសារ​វាយ​លុក​ស្រុក​អេស៊ីប
 នៅ​តាផាណែស​ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​ដូច​ត​ទៅ៖

 «ចូរ​យក​ ដុំ​ថ្ម​ធំៗ​ទៅ​កប់​ក្នុង​ដី​ឥដ្ឋ ដែល​ស្ថិត​នៅ​ព្រលាន​ធ្វើ​ពី​ឥដ្ឋ​ខាង​មុខ​មាត់​ទ្វារ​ដំណាក់​របស់​ស្ដេច​ ផារ៉ោន នា​ក្រុង​តាផាណែស អោយ​ប្រជាជន​យូដា​ឃើញ ១០ រួច​ប្រាប់​ពួក​គេ​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​ប្រើ​គេ​អោយ​ទៅ​ហៅ​នេប៊ូកានេសារ ស្ដេច​ស្រុក​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​យើង​មក។ យើង​នឹង​ដាក់​បល្ល័ង្ក​របស់​នេប៊ូកានេសារ ត្រង់​កន្លែង​កប់​ថ្ម​នេះ ហើយ​នេប៊ូកានេសារ​ក៏​ដំឡើង​ស្វេតច្ឆត្រ​របស់​ខ្លួន​នៅ​កន្លែង​នេះ​ដែរ។ ១១ នេប៊ូកានេសារ​នឹង​មក​វាយ ​ស្រុក​អេស៊ីប។ ពេល​នោះ អ្នក​ណា​ដែល​តំរូវ​អោយ​ស្លាប់ អ្នក​នោះ​ត្រូវ​តែ​ស្លាប់​អ្នក​ណា​ដែល​តំរូវ​អោយ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ អ្នក​ណា​ដែល​តំរូវ​អោយ​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ! ១២ យើង​នឹង​ដុត​កំទេច​ វិហារ​របស់​ព្រះ​នានា​នៃ​ស្រុក​អេស៊ីប គឺ​នេប៊ូកានេសារ​នឹង​ដុត​កំទេច​រូប​បដិមា​ទាំង​នោះ ហើយ​នាំ​យក​ខ្លះ​ទៅ​ជា​ជយភ័ណ្ឌ​ផង។ នេប៊ូកានេសារ​នឹង​រឹប​អូស​យក​អ្វីៗ​ចេញ​អស់​ពី​ស្រុក​អេស៊ីប ដូច​គេ​យក​ចៃ​ចេញ​ពី​អាវ​រោម​សត្វ​ដែរ។ បន្ទាប់​មក នេប៊ូកានេសារ​ចាក​ចេញ​ទៅ​វិញ ដោយ​សុខសាន្ត។ ១៣ ស្ដេច​ស្រុក​បាប៊ីឡូន​ នឹង​កំទេច​ស្ដូប​ទាំងឡាយ នៅ​ក្រុង​បេតសេមេស​ក្នុង​ស្រុក​អេស៊ីប ព្រម​ទាំង​ដុត​កំទេច​ទីសក្ការៈ​របស់​ព្រះ​នានា​នៃ​ស្រុក​អេស៊ីប​ផង»។