ព្យាការីយេរេមី (៤១)

 នៅ​ខែ​ទី​ប្រាំពីរ លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេតានីយ៉ា ជា​ចៅ​របស់​លោក​អេលីសាម៉ា​ដែល​ជាប់​ពូជ​ស្ដេច ហើយ​ធ្លាប់​កាន់​មុខ​តំណែង​នៅ​ក្នុង​វាំង បាន​មក​ជួប​លោក​កេដាលីយ៉ា ជា​កូន​របស់​លោក​អហ៊ីកាំ​នៅ​មីសប៉ា ដោយ​នាំ​ទាហាន​ដប់​នាក់​មក​ជា​មួយ​ផង។ ពេល​កំពុង​តែ​បរិភោគ​ជា​មួយ​គ្នា លោក​អ៊ីស្មាអែល​ជា​កូន​ របស់​លោក​នេតានីយ៉ា ក្រោក​ឡើង​ជា​មួយ​ទាហាន​របស់​គាត់​ទាំង​ដប់​នាក់ ហើយ​យក​ដាវ​ចាក់​សម្លាប់​លោក​កេដាលីយ៉ា ជា​កូន​របស់​លោក​អហ៊ីកាំ ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែងតាំង​អោយ​គ្រប់គ្រង​ស្រុក។ លោក​អ៊ីស្មាអែល​ក៏​បាន​សម្លាប់​ជន​ជាតិ​យូដា​ទាំង​អស់ ព្រម​ទាំង​ទាហាន​ជាតិ​ខាល់ដេ​ដែល​នៅ​ជា​មួយ​លោក​កេដាលីយ៉ា​នៅ​មីសប៉ា​ដែរ។

 ពេល​នោះ គ្មាន​នរណា​ដឹង​អំពី​ការ​ធ្វើ​ឃាត​លោក​កេដាលីយ៉ា​ទេ។ នៅ​ថ្ងៃ​បន្ទាប់ មាន​ប្រជាជន​ប៉ែតសិប​នាក់ ​ធ្វើ​ដំណើរ​ពី​ភូមិ​ស៊ីគែម ពី​ស៊ីឡូ និង​ពី​ក្រុង​សាម៉ារី​មក​ដល់​ទាំង​កោរ​ពុក​ចង្កា និង​ស្លៀក​សម្លៀកបំពាក់​រហែក ហើយ​ឆូត​សាច់​ខ្លួន​ឯង​ផង។ ពួក​គេ​កាន់​តង្វាយ និង​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​ថ្វាយ​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអម្ចាស់។ លោក​អ៊ីស្មាអែល​ជា​កូន​ របស់​លោក​នេតានីយ៉ា​ចេញ​ពី​មីសប៉ា ដើរ​ទៅ​រក​ពួក​គេ​ទាំង​យំ​ផង។ ពេល​ជួប​ពួក​គេ​ហើយ​គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ផ្ទះ​លោក​កេដាលីយ៉ា ជា​កូន​របស់​លោក​អហ៊ីកាំ​សិន»។ ពេល​ទៅ​ដល់​កណ្ដាល​ ទីក្រុង លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​នេតានីយ៉ា​បាន​សម្លាប់​ពួក​គេ រួច​បោះ​សាកសព​ទៅ​ក្នុង​អណ្ដូង ដោយ​មាន​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ជួយ​ផង។ ប៉ុន្តែ ក្នុង​ចំណោម​ពួក​គេ​មាន​ដប់​នាក់ ពោល​ទៅ​កាន់​លោក​អ៊ីស្មាអែល​ថា៖ «សូម​កុំ​សម្លាប់​យើង​ខ្ញុំ​អី យើង​ខ្ញុំ​មាន​ស្បៀង​អាហារ​លាក់​ទុក​នៅ​ក្នុង​ចំការ គឺ​មាន​ស្រូវ​មាន​អង្ករ​ប្រេង និង​ទឹក​ឃ្មុំ»។ លោក​អ៊ីស្មាអែល​ក៏​ទុក​ជីវិត​អោយ​អ្នក​ទាំង​ដប់​នោះ។ រីឯ​អណ្ដូង​ដែល​លោក​ អ៊ីស្មាអែល​បោះ​សាកសព​អ្នក​ដែល​គាត់​បាន​សម្លាប់ ជា​អណ្ដូង​ដែល​ព្រះបាទ​អេសា​ជា​ស្ដេច​ស្រុក​យូដា​បាន​ជីក នៅ​គ្រា​ធ្វើ​សឹក​ជា​មួយ​ព្រះបាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​។ លោក​អ៊ីស្មាអែល​បោះ​សាកសព​ពេញ​ក្នុង​អណ្ដូង​នោះ។ ១០ លោក​អ៊ីស្មាអែល​ចាប់​ ប្រជាជន​ដែល​នៅ​សេសសល់​នៅ​មីសប៉ា ព្រម​ទាំង​ពួក​បុត្រី​របស់​ស្ដេច និង​អស់​អ្នក​ដែល​រស់​នៅ​មីសប៉ា គឺ​អស់​អ្នក​ដែល​លោក​នេប៊ូសារ៉ាដន​ជា​រាជ​ប្រតិភូ​ផ្ទុកផ្ដាក់​ទៅ​អោយ​លោក​ កេដាលីយ៉ា ជា​កូន​របស់​លោក​អហ៊ីកាំ មើល​ខុស​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ។ លោក​អ៊ីស្មាអែល​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ​នាំ​ទៅ​ស្រុក​អាំម៉ូន។

១១ កាល​លោក ​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ដឹង​ពី​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​ នេតានីយ៉ា​បាន​ប្រព្រឹត្ត ១២ ពួក​គេ​ក៏​នាំ​ទាហាន​ ទាំង​អស់​ដែល​នៅ​ជា​មួយ ចេញ​ទៅ​តាម​វាយ​លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​នេតានីយ៉ា ពួក​គេ​តាម​គាត់​ទាន់​នៅ​បឹង​កាបូន។ ១៣ ប្រជាជន​ដែល​លោក​ អ៊ីស្មាអែល​ចាប់​នាំ​មក​ជា​មួយ ឃើញ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​លោក គេ​ត្រេកអរ​យ៉ាង​ខ្លាំង។ ១៤ ពេល​នោះ ប្រជាជន​ដែល​លោក​អ៊ីស្មាអែល​ចាប់​ទៅ​ជា​ឈ្លើយ នាំ​គ្នា​បក​ក្រោយ​ចូល​ដៃ​ជា​មួយ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា។ ១៥ រីឯ​លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេតានីយ៉ា និង​បក្សពួក​របស់​គាត់​ប្រាំ​បី​នាក់​បាន​គេច​ខ្លួន​រួច ហើយ​រត់​ទៅ​ដល់​ស្រុក​អាំម៉ូន។ ១៦ លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ព្រម​ទាំង​ពួក​មេ​ទាហាន​នៅ​ជា​មួយ​បាន​នាំ​ប្រជាជន ដែល​លោក​រំដោះ​ពី​លោក​អ៊ីស្មាអែល​នៅ​កាបូន​មក​វិញ គឺ​ទាំង​ទាហាន ទាំង​ស្ត្រី ទាំង​ក្មេងៗ ទាំង​មហាតលិក​ដែល​នៅ​សេសសល់ ហើយ​ត្រូវ​លោក​អ៊ីស្មាអែល​ចាប់​ពី​មីសប៉ា ក្រោយ​បាន​សម្លាប់​លោក​កេដាលីយ៉ា ជា​កូន​របស់​លោក​អហ៊ីកាំ។ ១៧ ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេហិម បម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​អេស៊ីប ១៨ ​ដើម្បី​គេច​ពី​ពួក​ ខាល់ដេ ព្រោះ​ពួក​គេ​នឹក​ខ្លាច ដោយ​លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​នេតានីយ៉ា​បាន​សម្លាប់​លោក​កេដាលីយ៉ា ជា​កូន​របស់​លោក​អហ៊ីកាំ ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​តែងតាំង​អោយ​គ្រប់គ្រង​ស្រុក។