ព្យាការីយេរេមី (០៤)

១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«អ៊ីស្រាអែលអើយ
ប្រសិនបើអ្នកចង់វិលមកវិញ
ចូរវិលមករកយើងចុះ!
ប្រសិនបើអ្នកយកព្រះដ៏គួរអោយស្អប់ខ្ពើម
ចេញពីមុខយើង
នោះអ្នកនឹងលែងវង្វេង ដើរគ្មានគោលដៅ
ទៀតហើយ។
២ ប្រសិនបើអ្នកស្បថក្នុងនាមព្រះអម្ចាស់
ដែលមានព្រះជន្មគង់នៅ
គឺស្បថដោយនិយាយពាក្យពិត
ស្របតាមយុត្តិធម៌
នោះប្រជាជាតិទាំងឡាយ
មុខជាចង់បានពរពីយើង
ព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។
៣ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សម្នា
នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមថា
ចូរនាំគ្នាកាប់ឆ្ការចំការមួយថ្មី
កុំសាបព្រោះនៅលើដីដែលមានបន្លាឡើយ។
៤ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ
ចូរនាំគ្នាធ្វើពិធីកាត់ស្បែកថ្វាយព្រះអម្ចាស់
ចូរប្រគល់ចិត្តគំនិតមកយើង!
បើមិនដូច្នេះទេ
កំហឹងរបស់យើងនឹងឆេះរាលដាល
ព្រោះតែអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត
កំហឹងនេះប្រៀបដូចភ្លើងឆេះសន្ធោសន្ធៅ
គ្មាននរណាអាចពន្លត់បានឡើយ»។

យូដាស្ថិតនៅក្នុងភាពអាសន្ន
៥ «ចូរយកដំណឹងនេះទៅប្រកាសនៅស្រុកយូដា
ចូរនាំដំណឹងនេះទៅប្រាប់ក្រុងយេរូសាឡឹម
ចូរស្រែកប្រកាស ចូរផ្លុំស្នែងនៅក្នុងស្រុក
ហើយស្រែកអោយអស់ទំហឹងថា:
“ចូរប្រមែប្រមូលគ្នាមក យើងនឹងចូលទៅក្នុង
ក្រុងទាំងឡាយដែលមានកំពែងរឹងមាំ!”
៦ ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូន
ចូរនាំគ្នារត់ទៅរកកន្លែងពួន
កុំបង្អែបង្អង់អោយសោះ!
ដ្បិតយើងនឹងធ្វើអោយគ្រោះកាច
ចេញមកពីទិសខាងជើង
បណ្ដាលអោយមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
៧ សត្វតោលោតចេញពីរូងរបស់វាហើយ
មេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញ
ពីកន្លែងរបស់ខ្លួន
ដើម្បីកំទេចស្រុករបស់អ្នក
ក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយ
លែងមានប្រជាជនរស់នៅទៀតហើយ។
៨ ហេតុនេះចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ
ចូរគក់ទ្រូងយំសោកសង្រេង
ដ្បិតព្រះអម្ចាស់នឹងមិនបំបែរព្រះពិរោធ
ដ៏ខ្លាំងក្លាចេញពីយើងឡើយ។
៩ ព្រះអម្ចាស់មានព្រះបន្ទូលថា
នៅថ្ងៃនោះស្ដេច និងនាម៉ឺនមុខជាបាក់ទឹកចិត្ត
ក្រុមបូជាចារ្យនឹងតក់ស្លុត
ក្រុមព្យាការីនឹងស្រឡាំងកាំង។
១០គេនឹងពោលថា “ឱព្រះជាអម្ចាស់អើយ!
ព្រះអង្គបានបញ្ឆោតទាំងប្រជាជន
ទាំងក្រុងយេរូសាឡឹម
គឺព្រះអង្គសន្យាថាក្រុងនេះនឹងបានសុខសាន្ត
ប៉ុន្តែ ឥឡូវនេះ បែរជាមានខ្មាំងយកដាវ
ភ្ជង់ករបស់យើងទៅវិញ!”»។

ខ្មាំងសត្រូវរាតត្បាតគ្រប់ទីកន្លែង
១១នៅគ្រានោះព្រះអម្ចាស់នឹងមានព្រះបន្ទូល
មកកាន់ប្រជាជននៅក្រុងយេរូសាឡឹមថា:
«មានខ្យល់ក្ដៅបក់ពីទីខ្ពស់ៗនៃវាលរហោស្ថាន
មកលើប្រជាជនរបស់យើង។
ខ្យល់នោះមិនមែនបក់ សំរាប់រោយស្រូវទេ
១២គឺជាខ្យល់កំបុតត្បូងដែលបក់បោក
តាមបញ្ជារបស់យើង។
ឥឡូវនេះ ដល់ពេលយើងប្រកាសកាត់ទោស
ពួកគេហើយ»។
១៣មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹត
រទេះចំបាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរា
ទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។
យើងខ្ញុំត្រូវវេទនាហើយ
យើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន!
១៤ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យេរូសាឡឹមអើយ!
ចូរជំរះអំពើអាក្រក់ចេញពីចិត្តរបស់អ្នក
ដើម្បីទទួលការសង្គ្រោះ!
តើអ្នកទុកអោយគំនិតអាស្រូវនេះ
នៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
១៥ដ្បិតមានដំណឹងមួយលេចឮពីក្រុងដាន់
និងតំបន់ភ្នំអេប្រាអ៊ីម
ស្ដីអំពីមហន្តរាយដែលនឹងកើតមាន។
១៦ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយ
ចូរប្រាប់អោយអ្នកក្រុងយេរូសាឡឹមដឹងថា
ខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់
ពួកគេស្រែកហ៊ោ
ប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។
១៧ពួកគេឡោមព័ទ្ធក្រុងយេរូសាឡឹម
ដូចអ្នកយាមនៅជុំវិញចំការមួយ
ព្រោះអ្នកក្រុងបានបះបោរប្រឆាំងនឹងយើង
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ហេតុការណ៍ដែលកើតមានដល់អ្នក
ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក
ទុក្ខវេទនានេះធ្វើអោយអ្នកឈឺចាប់
រហូតដល់ជំរៅចិត្ត»។

លោកយេរេមីស្រណោះជនជាតិអ៊ីស្រាអែល
១៩ខ្ញុំឈឺចុកចាប់ក្នុងឱរា
ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ
ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយ
ដ្បិតខ្ញុំឮសំឡេងត្រែ
និងសំរែកប្រកាសប្រយុទ្ធ។
២០ខ្មាំងបំផ្លាញក្រុងទាំងឡាយបន្តបន្ទាប់គ្នា
ស្រុកទេសទាំងមូលត្រូវវិនាសអន្តរាយ
ផ្ទះសំបែង និងទីជំរករបស់ខ្ញុំ
ត្រូវវិនាសបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក។
២១តើខ្ញុំត្រូវឃើញទង់សង្គ្រាមនេះដល់កាលណា?
តើខ្ញុំត្រូវឮសំឡេងត្រែដល់កាលណាទៀត?
២២ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ប្រជាជនរបស់យើងល្ងីល្ងើណាស់
គេមិនស្គាល់យើងទេ
ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា
គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់
តែមិនចេះធ្វើអំពើល្អឡើយ»។
២៣ខ្ញុំមើលទៅផែនដី
ឃើញផែនដីគ្មានរូបរាង និងនៅទទេ
ខ្ញុំមើលទៅលើមេឃ
តែពុំឃើញមានពន្លឺអ្វីសោះ។
២៤ខ្ញុំមើលទៅភ្នំទាំងឡាយ
ឃើញភ្នំទាំងនោះកក្រើករំពើក
រីឯភ្នំតូចៗទាំងប៉ុន្មានក៏រញ្ជួយដែរ។
២៥ខ្ញុំសម្លឹងមើលទៅ ពុំឃើញមានមនុស្សទេ
សូម្បីតែសត្វស្លាបដែលហើរនៅលើមេឃ
ក៏ចាកចេញបាត់អស់ទៅដែរ។
២៦ខ្ញុំសម្លឹងមើល ឃើញទឹកដីដែលធ្លាប់តែមាន
ដំណាំដាំដុះ ក្លាយជាវាលរហោស្ថាន
ក្រុងទាំងប៉ុន្មានត្រូវឆេះខ្ទេចខ្ទីអស់
ព្រោះតែព្រះពិរោធដ៏ខ្លាំងរបស់ព្រះអម្ចាស់។
២៧ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ
ប៉ុន្តែ យើងមិនកំទេចអោយវិនាសសូន្យ
ទាំងស្រុងទេ។
២៨ហេតុនេះហើយបានជាផែនដីកាន់ទុក្ខ
ផ្ទៃមេឃដែលនៅខាងលើក៏ងងឹតសូន្យសុងដែរ
ដ្បិតយើងបានសំរេចតាមគំរោងការរបស់យើង
យើងមិនសោកស្ដាយ ឬដូរគំនិតឡើយ»។

ក្រុងយេរូសាឡឹមអន្តរាយ
២៩«ពេលឮសន្ធឹកទ័ពសេះ និងទ័ពបាញ់ព្រួញ
ប្រជាជនក្នុងទីក្រុងទាំងមូលនាំគ្នារត់ភៀសខ្លួន
គេចូលទៅពួននៅតាមគុម្ពោតព្រៃ
គេឡើងទៅពួននៅតាមថ្មភ្នំ
ទីក្រុងទាំងមូលត្រូវគេបោះបង់ចោល
ឥតមាននៅសល់នរណាម្នាក់សោះ។
៣០យេរូសាឡឹមអើយ
ហេតុអ្វីបានជានាងនៅតែតុបតែងខ្លួន
ពាក់គ្រឿងអលង្ការធ្វើពីមាស
និងលាបត្របកភ្នែក?
នាងខំតែងខ្លួនដូច្នេះ ឥតប្រយោជន៍ទេ
អស់អ្នកដែលចង់រួមរ័កជាមួយនាងកាលពីមុន
បែរជាមើលងាយ និងរកសម្លាប់នាងទៅវិញ។
៣១យើងឮសំឡេងថ្ងូរដូចសំឡេងរបស់ស្ត្រី
ដែលហៀបនឹងសំរាលកូន
ជាសំឡេងឈឺចុកចាប់ដូចស្ត្រីកូនដំបូង
គឺសំឡេងថ្ងូររបស់ប្រជាជនក្រុងស៊ីយ៉ូន
ដែលលើកដៃប្រណម្យរកគេជួយ
ដោយពោលថា “ខ្ញុំវេទនាណាស់!
ខ្ញុំមុខជាស្លាប់ក្នុងកណ្ដាប់ដៃពេជ្ឈឃាត!”»។