ព្យាការីយេរេមី (៣៩)

ស្ដេច​ស្រុក​បាប៊ីឡូន​វាយ​យក​ក្រុង​យេរូសាឡឹម
នេះ​ជា​ដំណើរ​រឿង​ស្ដី​អំពី​ការ​វាយ​យក​ក្រុង​យេរូសាឡឹម:
 នៅ​ខែ​ទី​ដប់​ក្នុង​ឆ្នាំ ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះបាទ​សេដេខ្យាស​ជា​ស្ដេច​ស្រុក​យូដា ព្រះចៅ​នេប៊ូកានេសារ​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​កងទ័ព​ទាំង​មូល​មក​ដល់​ ក្រុង​យេរូសាឡឹម ហើយ​ឡោមព័ទ្ធ​ទីក្រុង។ នៅ​ខែ​ទី​បួន ថ្ងៃ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះបាទ​សេដេខ្យាស កងទ័ព​បាប៊ីឡូន​បាន​ទម្លុះ​កំពែង​ក្រុង។ ៣ ពេល​នោះ មេទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ដណ្ដើម​យក​បាន​ទ្វារ​កណ្ដាល។ មេទ័ព​ទាំង​នោះ គឺ​លោក​នេកាល់-សារិស៊ែរ លោក​សាំការ-នេប៊ូ លោក​សាស៊ែរគីម ជា​មេ​លើ​ពួក​មហាតលិក លោក​មេ​បញ្ជាការ​នេកាល់-សារិស៊ែរ និង​មេទ័ព​ឯ​ទៀតៗ​របស់​ស្ដេច​ស្រុក​បាប៊ី​ឡូន​។ ពេល​ព្រះបាទ​សេដេខ្យាស​ជា​ ស្ដេច​ស្រុក​យូដា និង​ទាហាន​ទាំង​អស់​ឃើញ​ទ័ព​បាប៊ីឡូន​ចូល​មក​ដល់ ក៏​នាំ​គ្នា​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ផ្លូវ​ឧទ្យាន​របស់​ស្ដេច និង​តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ហើយ​នាំ​គ្នា​ចេញ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។ ប៉ុន្តែ កងទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ព្រះបាទ​សេដេខ្យាស នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពួក​គេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះចៅ​នេប៊ូកានេសារ ​នៅ​ក្រុង​រីបឡា​ក្នុង​ ស្រុក​ហាម៉ាត់ ព្រះចៅ​នេប៊ូកានេសារ​ប្រកាស​កាត់​ទោស​ព្រះបាទ​សេដេខ្យាស។ ៦ ស្ដេច​ស្រុក​បាប៊ីឡូន​ បញ្ជា​អោយ​គេ​អារ ក បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​សេដេខ្យាស នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបាទ​សេដេខ្យាស។ ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​បាន​អោយ​គេ​អារ ក ពួក​អ្នក​ធំ​ទាំង​អស់​នៃ​ស្រុក​យូដា​ដែរ។ បន្ទាប់​មក ស្ដេច​នេប៊ូកានេសារ​អោយ​គេ​ចាក់​ភ្នែក​របស់​ព្រះបាទ​សេដេខ្យាស រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់​នាំ​ទៅ​ស្រុក​បាប៊ីឡូន។ ៨ ជន​ជាតិ​ខាល់ដេ​ដុត​កំទេច​វាំង និង​ផ្ទះ​របស់​ប្រជាជន ព្រម​ទាំង​រំលំ​កំពែង​ក្រុង​យេរូសាឡឹម​ទៀត​ផង។ ៩ រីឯ​ប្រជាជន​ដែល​នៅ​ សេសសល់ ហើយ​រស់​នៅ​ក្នុង​ទីក្រុង និង​ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​ពួក​ជាង​ដែល​នៅ​សេសសល់ លោក​នេប៊ូសារ៉ាដន ជា​រាជ​ប្រតិភូ​នាំ​យក​ទៅ​ជា​ឈ្លើយ។ ១០ ប៉ុន្តែ លោក​មេ​បញ្ជាការ​នេប៊ូសារ៉ាដន​អនុញ្ញាត​អោយ​ជន​ក្រីក្រ គឺ​អ្នក​ដែល​គ្មាន​អ្វី​ទាំង​អស់​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ​គាត់​បាន​ចែក​ចំការ​ទំពាំងបាយជូរ និង​ដី​ស្រែ​អោយ​ពួក​គេ​ទៀត​ផង។

ស្ដេច​នេប៊ូកានេសារ​ដោះ​លែង​លោក​យេរេមី
១១ ចំពោះ​ព្យាការី​យេរេមី​វិញ ព្រះចៅ​នេប៊ូកានេសារ​បាន​បញ្ជា​អោយ​លោក​នេប៊ូសារ៉ាដន​ជា​រាជប្រតិភូ​ថា៖ ១២ «ចូរ​លោក​នាំ​គាត់​ទៅ ហើយ​ទំនុក​បម្រុង​គាត់​ផង កុំ​ធ្វើ​បាប​គាត់​អោយ​សោះ ប្រសិន​បើ​គាត់​ចង់​បាន​អ្វី ចូរ​ប្រគល់​អោយ​ចុះ»។ ១៣ លោក​នេប៊ូសារ៉ាដន​ជា​ រាជប្រតិភូ លោក​នេប៊ូសាសបនបាន​ជា​មេ​របស់​ពួក​មហាតលិក លោក​មេ​បញ្ជាការ​នេកាល់-សារិស៊ែរ និង​មេទ័ព​ទាំង​អស់​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ១៤ ចាត់​គេ​អោយ​ទៅ​នាំ​លោក ​យេរេមីចេញ​ពី​បន្ទាយ​កង​រក្សា​ស្ដេច​ស្រុក​យូដា ប្រគល់​ទៅ​លោក​កេដាលីយ៉ា​ជា​កូន​របស់​លោក​អហ៊ីកាំ និង​ជា​ចៅ​របស់​លោក​សាផន ដើម្បី​អោយ​គាត់​នាំ​លោក​ទៅ​ផ្ទះ​របស់​លោក​វិញ ហើយ​លោក​រស់​នៅ​ក្នុង​ចំណោម​ប្រជាជន។

ព្រះបន្ទូល​សំរាប់​លោក​អេបេដ-មេលេក
១៥ ពេល​លោក​យេរេមី​ ជាប់​ឃុំ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច​នៅ​ឡើយ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ដូច​ត​ទៅ៖ ១៦ ​«ចូរ​ទៅ​ប្រាប់​អេបេដ-មេលេក ជា​ជន​ជាតិ​អេត្យូពី​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ជន​ ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ​ដូច​ពាក្យ​យើង​ប្រកាស គឺ​យើង​មិន​នាំ​សេចក្ដី​សុខ​មក​ទេ។ នៅ​ថ្ងៃ​នោះ​អ្នក​នឹង​ឃើញ​ហេតុការណ៍​កើត​ឡើង​ផ្ទាល់​នឹង​ភ្នែក។ ១៧ ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​នឹង​រំដោះ​អ្នក – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ – គឺ​អ្នក​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ដែល​អ្នក​ភ័យ​ខ្លាច​ឡើយ។ ១៨ យើង​នឹង​អោយ​អ្នក​គេច​ ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង អ្នក​មិន​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទេ គឺ​អ្នក​នឹង​រួច​ជីវិត ដ្បិត​អ្នក​បាន​ផ្ញើ​ជីវិត​លើ​យើង» -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។