ព្យាការីយេរេមី (៣៨)

លោក​យេរេមី​ត្រូវ​គេ​ឃុំ​នៅ​ក្នុង​អណ្ដូង
 លោក​សេផាទីយ៉ា​ជា​កូន​របស់​ លោក​ម៉ាតន​លោក​កេដាលីយ៉ា​ជា​កូន​របស់​លោក​ប៉ាសួរ លោក​យូកាល់​ជា​កូន​របស់​លោក​សេលេមីយ៉ា និង​លោក​ប៉ាសួរ​ជា​កូន​របស់​លោក​ម៉ាល់គីយ៉ា ​បាន​ឮ​ពាក្យ​ដែល​លោក​យេរេមី​ ធ្លាប់​​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​មូល​ថា៖  «ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​ក្នុង​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ។ រីឯ​អ្នក​ដែល​ចេញ​ទៅ​ចុះ​ចូល​នឹង​ជន​ជាតិ​ខាល់ដេ​នឹង​បាន​រួច​ជីវិត ៣ ដ្បិត​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា ក្រុង​នេះ​ពិត​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កងទ័ព​ស្ដេច​ស្រុក​ បាប៊ីឡូន ហើយ​គេ​នឹង​ដណ្ដើម​យក​បាន​មិន​ខាន»។

 មន្ត្រី​ទាំង​នោះ​ទូល​ស្ដេច​ថា៖ «សូម​ប្រហារ​ជីវិត​ជន​នោះ​ចោល​​ទៅ! ដ្បិត​គាត់​និយាយ​អោយ​ពល​ទាហាន​ដែល​នៅ​សេសសល់​ក្នុង​ក្រុង​នេះ និង​ប្រជាជន​ទាំង​មូល​បាក់​ទឹក​ចិត្ត។ គាត់​មិន​រក​សេចក្ដី​សុខ​ជូន​ប្រជារាស្ត្រ​ទេ គឺ​នាំ​ទុក្ខ​វេទនា​មក​អោយ​ពួក​គេ​វិញ»។ ព្រះបាទ​សេដេខ្យាស​តប​ថា៖ «គាត់​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ស្រាប់​ហើយ ខ្ញុំ​ជា​ស្ដេច​មែន តែ​ខ្ញុំ​ពុំ​អាច​ឃាត់​អស់​លោក​បាន​ទេ»។ គេ​ចាប់​លោក​យេរេមី​ទៅ​ ទម្លាក់​ក្នុង​អណ្ដូង​របស់​សម្ដេច​ម៉ាល់គីយ៉ា ជា​បុត្រ​របស់​ស្ដេច។ អណ្ដូង​នោះ​ស្ថិត​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច។ គេ​យក​ខ្សែពួរ​មក​ចង​លោក​យេរេមីសំរូត​ចុះ​ទៅ​ក្នុង​អណ្ដូង​ដែល​គ្មាន​ទឹក​ទេ គឺ​មាន​តែ​ភក់ ហើយ​លោក​យេរេមី​ជាប់​ផុង​នៅ​ក្នុង​ភក់​នោះ។

 លោក​ អេបេដ-មេលេក​ជា​ជន​ជាតិ​អេត្យូពី និង​ជា​មហាតលិក​នៅ​ក្នុង​វាំង​បាន​ឮ​ដំណឹង​ថា គេ​ដាក់​លោក​យេរេមី​នៅ​ក្នុង​អណ្ដូង​។ ពេល​ស្ដេច​គង់​កាត់​ក្ដី​នៅ​មាត់​ទ្វារ​បេនយ៉ាមីន លោក​អេបេដ-មេលេក​ចេញ​ពី​វាំង ហើយ​ទូល​ស្ដេច​ដូច​ត​ទៅ៖ «បពិត្រ​ព្រះករុណា​ជា​ អម្ចាស់ អ្នក​ទាំង​នេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ព្យាការី​យេរេមី​ពន់​ពេក​ណាស់ គឺ​គេ​យក​លោក​ទម្លាក់​ក្នុង​អណ្ដូង លោក​មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ ក្នុង​អណ្ដូង​នោះ​ពុំខាន ដ្បិត​គ្មាន​ស្បៀង​អាហារ​ក្នុង​ក្រុង​ទៀត​ឡើយ!»។ ១០ ព្រះបាទ​សេដេខ្យាស​បញ្ជា​ ទៅ​លោក​អេបេដ-មេលេក ជា​ជន​ជាតិ​អេត្យូពី​នោះ​ថា៖ «ចូរ​នាំ​ទាហាន​សាមសិប​នាក់​ទៅ​ជា​មួយ ហើយ​ស្រង់​ព្យាការី​យេរេមី​ចេញ​ពី​អណ្ដូង​មក កុំ​អោយ​គាត់​ស្លាប់​ទាន់»។ ១១ លោក​អេបេដ-មេលេក​ក៏​នាំ ​ទាហាន​ទៅ​ជា​មួយ​ឆ្ពោះ​ទៅ​វាំង​ស្ដេច ហើយ​ទៅ​ខាង​ក្រោម​ឃ្លាំង​ព្រះរាជ្យ​ទ្រព្យ។ គាត់​យក​សម្លៀក​បំពាក់​រិចរឹល និង​ក្រណាត់​ចាស់ៗ​មក​ចង​នឹង​ខ្សែពួរ សំរូត​ចុះ​ទៅ​អោយ​លោក​យេរេមី​នៅ​ក្នុង​អណ្ដូង។ ១២ លោក​អេបេដ-មេលេក​ជា​ជន​ ជាតិ​អេត្យូពី​ស្រែក​ប្រាប់​លោក​យេរេមី​ថា៖ «សូម​លោក​យក​សម្លៀកបំពាក់​រិចរឹល និង​ក្រណាត់​ចាស់ៗ​នោះ​ទ្រាប់​ពី​ក្រោម​ក្លៀក ហើយ​យក​ខ្សែពួរ​ចង​ពី​លើ​ទៅ!»។ លោក​យេរេមី​ក៏​ធ្វើ​តាម។ ១៣ ពួក​គេ​ទាញ​ខ្សែពួរ លើក​លោក​យេរេមី​ឡើង​ពី​អណ្ដូង​មក ហើយ​លោក​យេរេមី​ក៏​ស្ថិត​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច​នោះ។

ព្រះបាទ​សេដេខ្យាស​ពិភាក្សា​ជា​មួយ​លោក​យេរេមី
១៤ ព្រះបាទ​សេដេខ្យាស ​បាន​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​ព្យាការី​យេរេមីមក​គាល់​នៅ​ក្លោង​ទ្វារ​ទី​បី​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់​។ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​យេរេមី​ថា៖ «ខ្ញុំ​សុំ​សួរ​លោក​នូវ​សំណួរ​តែ​មួយ កុំ​លាក់​អ្វី​នឹង​ខ្ញុំ​អោយ​សោះ!»។ ១៥ លោក​យេរេមី​ទូល​ព្រះបាទ ​សេដេខ្យាស​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ទូល​សេចក្ដី​ពិត​ថ្វាយ​ព្រះករុណា ព្រះករុណា​ពិត​ជា​ប្រហារ​ជីវិត​ទូលបង្គំ​មិន​ខាន។ ប្រសិន​បើ​ទូលបង្គំ​ថ្វាយ​យោបល់ ក៏​ព្រះករុណា​មិន​ស្ដាប់​ទូលបង្គំ​ដែរ»។ ១៦ ព្រះបាទ​សេដេខ្យាស​មាន​រាជឱង្ការ​ស្បថ​ជា​សម្ងាត់​មក​លោក​យេរេមី​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ ហើយ​ដែល​បាន​ប្រទាន​ជីវិត​មក​យើង​ថា ខ្ញុំ​នឹង​មិន​ប្រហារ​ជីវិត​លោក ឬ​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក ​ដែល​ចង់​ប្រហារ​ជីវិត​លោក​ឡើយ»។ ១៧ លោក​យេរេមី​ក៏​ទូល​ស្ដេច​ថា៖ «ព្រះអម្ចាស់​ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ប្រសិន​បើ​ព្រះករុណា​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេទ័ព​របស់​ស្ដេច​ស្រុក​ បាប៊ីឡូន ព្រះករុណា​នឹង​បាន​រួច​ជីវិត ហើយ​ក្រុង​នេះ​នឹង​មិន​ត្រូវ​គេ​ដុត​កំទេច​ចោល​ឡើយ រីឯ​ព្រះករុណា ព្រម​ទាំង​រាជវង្ស​ក៏​នឹង​រស់​រាន​មាន​ជីវិត​ដែរ។ ១៨ ប៉ុន្តែ ប្រសិន​បើ​ព្រះករុណា​មិន​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេទ័ព​របស់​ស្ដេច​ ស្រុក​បាប៊ីឡូន​ទេ ក្រុង​នេះ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ ពួក​គេ​នឹង​ដុត​បំផ្លាញ​ទីក្រុង​ព្រះករុណា និង​រាជវង្ស ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​បាន​ឡើយ»។ ១៩ ព្រះបាទ​សេដេខ្យាស​មាន​ រាជឱង្ការ​មក​កាន់​លោក​យេរេមី​ថា៖ «ខ្ញុំ​នឹក​បារម្ភ​អំពី​ជន​ជាតិ​យូដា​ដែល​បាន​ទៅ​ចុះ​ចូល​នឹង​ពួក​ខាល់ដេ ខ្ញុំ​ខ្លាច​ក្រែង​ខ្មាំង​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​យូដា ហើយ​ពួក​គេ​នឹង​ប្រមាថ​មាក់ងាយ​ខ្ញុំ»។ ២០ លោក​យេរេមី​ទូល​ស្ដេច​ ថា៖ «គេ​នឹង​មិន​ប្រគល់​ព្រះករុណា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​យូដា​ឡើយ។ សូម​ព្រះករុណា​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​ទូលបង្គំ​ទូល​ថ្វាយ​ព្រះករុណា នោះ​ព្រះករុណា​នឹង​បាន​សុខសាន្ត ហើយ​រួច​ជីវិត​មិន​ខាន។ ២១ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​ព្រះករុណា​មិន​ព្រម​ចេញ​ទៅ​ចុះ​ចូល​ទេ ព្រះអម្ចាស់​សំដែង​អោយ​ទូលបង្គំ​ដឹង​ដូច​ត​ទៅ: ២២ ស្ត្រី​ទាំង​អស់​ដែល​ ស្ថិត​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​អោយ​ពួក​មេទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន នាង​ទាំង​នោះ​នឹង​ពោល​ថា

ពួក​ជំនិត​របស់​ព្រះករុណា​បាន​បញ្ឆោត
និង​មាន​ប្រៀប​លើ​ព្រះករុណា
ពេល​ព្រះករុណា​មាន​អាសន្ន
ពួក​គេ​នាំ​គ្នា​បោះ​បង់​ចោល​ព្រះករុណា​អស់។

២៣ គេ​ចាប់ ​ពួក​ស្រី​ស្នំ និង​បុត្រា​បុត្រី​របស់​ព្រះករុណា យក​ទៅ​អោយ​ពួក​ខាល់ដេ។ ចំណែក​ឯ​ព្រះករុណា​វិញ ព្រះករុណា​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ គឺ​ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​ចាប់​ព្រះករុណា ព្រម​ទាំង​ដុត​កំទេច​ក្រុង​នេះ​ផង»។

២៤ ព្រះបាទ ​សេដេខ្យាស​មាន​រាជឱង្ការ​ទៅ​កាន់​លោក​យេរេមី​ថា៖ «កុំ​អោយ​នរណា​ដឹង​អំពី​ព្រះបន្ទូល​ទាំង​នេះ​ជា​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ត្រូវ​ស្លាប់។ ២៥ ប្រសិន​បើ​ពួក​មន្ត្រី​ ដឹង​ថា ខ្ញុំ​បាន​សន្ទនា​ជា​មួយ​លោក ហើយ​បើ​ពួក​គេ​មក​និយាយ​ជា​មួយ​លោក​ថា “ចូរ​រៀប​រាប់​ប្រាប់​ពួក​យើង​មើល តើ​លោក​បាន​និយាយ​អ្វី​ជា​មួយ​ស្ដេច ហើយ​ស្ដេច​និយាយ​មក​លោក​វិញ​ដូច​ម្ដេច​ដែរ កុំ​លាក់​ជា​មួយ​ពួក​យើង​បើ​លាក់​លោក​នឹង​ត្រូវ​ស្លាប់”។ ២៦ លោក​ត្រូវ​ប្រាប់​ពួក​ គេ​វិញ​ថា “ខ្ញុំ​បាន​មក​អង្វរ​ស្ដេច សូម​កុំ​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ​របស់​លោក​យ៉ូណាថាន​វិញ ក្រែង​លោ​ខ្ញុំ​ត្រូវ​ស្លាប់”»។

២៧ មន្ត្រី ​ទាំង​អស់​នាំ​គ្នា​មក​ជួប​លោក​យេរេមីហើយ​សួរ​ចម្លើយ​លោក។ លោក​ឆ្លើយ​ទៅ​ពួក​គេ​វិញ​តាម​ពាក្យ​ដែល​ស្ដេច​បាន​បង្គាប់។ ពួក​គេ​ក៏​លែង​ដេញ​ដោល​សួរ​លោក ហើយ​ការ​ទាំង​នោះ​ក៏​នៅ​ជា​ការ​អាថ៌កំបាំង។

២៨ លោក​យេរេមី​ស្នាក់​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច រហូត​ដល់​ថ្ងៃ​ដែល​កងទ័ព​បាប៊ីឡូន វាយ​យក​បាន​ក្រុង​យេរូសាឡឹម​។