ព្យាការីយេរេមី (៣៦)

ស្ដេច​យ៉ូយ៉ាគីម​ដុត​ក្រាំង​របស់​ព្យាការី​យេរេមី
១ នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូយ៉ាគីម បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស​ស្ដេច​ស្រុក​យូដា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​ដូច​ត​ទៅ៖

 ​«ចូរ​ សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់​អ្នក​ស្ដី​អំពី​ប្រជាជាតិ​អ៊ីស្រាអែល ប្រជាជាតិ​យូដា និង​ប្រជាជាតិ​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ដែល​យើង​បាន​និយាយ​ជា​មួយ​អ្នក​នៅ​រជ្ជកាល​ស្ដេច​យ៉ូស្យាស រហូត​មក​ដល់​សព្វ​ថ្ងៃ ទុក​នៅ​ក្នុង​ក្រាំង​មួយ។  ប្រហែល​ជា​ជន​ជាតិ​យូដា​ ដឹង​ខ្លួន​ថា យើង​នឹង​ដាក់​ទោស​ពួក​គេ ហើយ​ប្រហែល​ជា​ពួក​គេ​នាំ​គ្នា​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​យើង​លើកលែង​ទោស​ពួក​គេ​អោយ​បាន​រួច​ពី​បាប»។

 លោក​ យេរេមី​ហៅ​លោក​បារូក ជា​កូន​របស់​លោក​នេរីយ៉ា​មក ហើយ​លោក​យេរេមី​ក៏​ថ្លែង​អោយ​លោក​បារូក​សរសេរ​តាម នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក។ ​បន្ទាប់​មក លោក​យេរេមី​បញ្ជា​ទៅ​លោក​បារូក​ថា៖ «ខ្ញុំ​មិន​អាច​ទៅ​ព្រះដំណាក់​របស់​ព្រះអម្ចាស់​នៅ​ពេល​នេះ​បាន​ឡើយ។  ​នៅ​ថ្ងៃ​ធ្វើ​ពិធី​តម​អាហារ ចូរ​អ្នក​ទៅ​ព្រះវិហារ ហើយ​អាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​ខ្ញុំ​បង្គាប់​អោយ​អ្នក​សរសេរ​ក្នុង​ក្រាំង​នេះ អោយ​ប្រជាជន​ស្ដាប់។ ចូរ​អាន​អោយ​ប្រជាជន​ទាំង​អស់​ដែល​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ ស្ដាប់​ដែរ។ ប្រហែល​ជា​ពួក​គេ​នាំ​គ្នា​ទូលអង្វរ​ព្រះអម្ចាស់ ហើយ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជាជន​នេះ»។

 លោក​បារូក ​ជា​កូន​របស់​លោក​នេរីយ៉ា ធ្វើ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ព្យាការី​យេរេមី​បង្គាប់ គឺ​គាត់​ទៅ​ព្រះវិហារ ហើយ​អាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​មាន​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង។

 ក្នុង​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូយ៉ាគីម បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស​ជា​ស្ដេច​ស្រុក​យូដា នៅ​ខែ​ទី​ប្រាំ​បួន គេ​បាន​ប្រកាស​អោយ​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម និង​ប្រជាជន​ដែល​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា តម​អាហារ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ ១០ លោក​បារូក​អាន​សេចក្ដី​ ដែល​លោក​យេរេមី​បង្គាប់​អោយ​គាត់​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង អោយ​ប្រជាជន​ទាំង​អស់​ស្ដាប់​នៅ​ក្នុង​ព្រះវិហារ។ គាត់​នៅ​ក្នុង​បន្ទប់​របស់​លោក​កេម៉ារីយ៉ា ជា​កូន​របស់​លោក​សាផន និង​ជា​ស្មៀន​ហ្លួង បន្ទប់​នោះ​ស្ថិត​ នៅ​ទីធ្លា​ខាង​លើ​ជិត​ទ្វារ​ថ្មី​នៃ​ព្រះដំណាក់​របស់​ព្រះ​អម្ចាស់។ ១១ កាល​លោក​មីកា​ជា​កូន​របស់​លោក​កេម៉ារីយ៉ា និង​ជា​ចៅ​របស់​លោក​សាផន ឮ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះអម្ចាស់ ដែល​មាន​សរសេរ​ក្នុង​ក្រាំង​នោះ ១២ គាត់​ក៏​ចុះ​ទៅ​វាំង ហើយ​ចូល​ក្នុង​ការិយាល័យ​របស់​ស្មៀន​ហ្លួង។ ពេល​នោះ ពួក​មន្ត្រី​ទាំង​អស់​កំពុង​ជួបជុំ​គ្នា គឺ​មាន​លោក​អេលីសាម៉ា​ជា​ស្មៀន​ហ្លួង លោក​ដាឡាយ៉ា​ជា​កូន​របស់​លោក​សេម៉ាយ៉ា លោក​អែលណាតន​ជា​កូន​របស់​លោក​អាប់គរលោក​កេម៉ារីយ៉ា​ជា​កូន​របស់​លោក​សាផន និង​លោក​សេដេខ្យាស​ជា​កូន​របស់​លោក​ហាណានីយ៉ា ព្រម​ទាំង​មន្ត្រី​ឯ​ទៀតៗ។ ១៣ លោក​មីកា​រៀប​រាប់​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គាត់​បាន​ឮ​លោក​បារូក​អាន​អោយ​ប្រជាជន​ស្ដាប់។

១៤ ពេល​នោះ គណៈ​រដ្ឋមន្ត្រី​ចាត់​លោក​យេហ៊ូឌី ជា​កូន​របស់​លោក​នេតានីយ៉ា ជា​ចៅ​របស់​លោក​សេលេមីយ៉ា និង​ជា​ចៅទួត​របស់​លោក​គូស៊ី អោយ​ទៅ​ជួប​លោក​បារូក​ប្រាប់​ថា៖ «ចូរ​យក​ក្រាំង​ដែល​អ្នក​អាន​អោយ​ប្រជាជន​ស្ដាប់​នោះ​មក!»។ លោក​បារូក​ជា​កូន​របស់​លោក​នេរីយ៉ា​ក៏​យក​ក្រាំង​ទៅ​ជួប​ពួក​មន្ត្រី។ ១៥ ពួក​គេ​បង្គាប់​គាត់​ថា៖ «សុំ​អង្គុយ​ចុះ អាន​អោយ​យើង​ស្ដាប់!»។ លោក​បារូក​ក៏​អាន​អោយ​ពួក​លោក​ស្ដាប់។ ១៦ ពេល​ឮ​ព្រះបន្ទូល​ទាំង​ នោះ ពួក​គេ​សម្លឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​តក់ស្លុត រួច​ហើយ​ពួក​គេ​ពោល​ទៅ​លោក​បារូក​ថា៖ «យើង​ត្រូវ​តែ​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ទូល​ព្រះរាជា​អោយ​បាន​ជ្រាប»។ ១៧​​ពួក​គេ​សួរ​លោក​បារូក​ទៀត​ថា៖ «ប្រាប់​យើង​មើល តើ​អ្នក​សរសេរ​ពាក្យ​ទាំង​នេះ​របៀប​ណា?»។ ១៨ លោក​បារូក​តប​ថា៖ «លោក​យេរេមី​បាន​ថ្លែង​ពាក្យ​ទាំង​នេះ​ប្រាប់​ខ្ញុំ​ប្របាទ ហើយ​ខ្ញុំ​ប្របាទ​ក៏​យក​ទឹក​ខ្មៅ​មក​សរសេរ​ទុក​ក្នុង​ក្រាំង​នេះ»។ ១៩ ពួក​មន្ត្រី​ពោល​ទៅ​លោក ​បារូក​ថា៖ «ចូរ​អ្នក​ទៅ​រក​កន្លែង​ពួន​ទៅ ហើយ​លោក​យេរេមី​ក៏​ត្រូវ​ពួន​ដែរ កុំ​អោយ​នរណា​ដឹង​ថា អ្នក​ទាំង​ពីរ​នៅ​កន្លែង​ណា​ឡើយ»។

២០ បន្ទាប់ ​មក ពួក​មន្ត្រី​ទុក​ក្រាំង​នោះ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​អេលីសាម៉ា​ជា​ ស្មៀន​ហ្លួង រួច​នាំ​គ្នា​ទៅ​គាល់​ព្រះរាជា ហើយ​ទូល​ថ្វាយ​អំពី​ព្រះបន្ទូល​ទាំង​នោះ។ ២១ ព្រះរាជា​ចាត់​លោក​ យេហ៊ូឌី​អោយ​ទៅ​យក​ក្រាំង​នោះ​មក។ លោក​យេហ៊ូឌី​ក៏​ទៅ​យក​ក្រាំង​ពី​ការិយាល័យ​របស់​លោក​អេលីសាម៉ា​ជា​ស្មៀន​ ហ្លួង ហើយ​អាន​អោយ​ព្រះរាជា និង​មន្ត្រី​ទាំង​អស់​ដែល​ឈរ​អម​ព្រះរាជា​ស្ដាប់។ ២២ ពេល​នោះ ព្រះរាជា​គង់​នៅ​ក្នុង​ដំណាក់​សំរាប់​រដូវ​រងា (ព្រោះ​ជា​ខែ​ទី​ប្រាំ​បួន) ហើយ​អាំង​ភ្លើង​នឹង​ជើងក្រាន​មួយ​ដែល​នៅ​ក្បែរ​នោះ។ ២៣ ពេល​លោក​យេហ៊ូឌី​អាន​ បាន​បី ឬ​បួន​ទំព័រ ស្ដេច​យក​កន្រ្តៃ​របស់​ស្មៀន​ហ្លួង​មក​កាត់​ទំព័រ​នោះ បោះ​ទៅ​ក្នុង​ជើងក្រាន។ ស្ដេច​ធ្វើ​ដូច្នេះ​បន្តិច​ម្ដងៗ​រហូត​ដល់​អស់​ក្រាំង។ ២៤ ព្រះរាជា និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី បាន​ឮ​ព្រះបន្ទូល​ទាំង​នោះ​តែ​គ្មាន​នរណា​ភ័យ​ញ័រ​រន្ធត់ ឬ​ហែក​សម្លៀកបំពាក់​របស់​ខ្លួន​ទេ។ ២៥ លោក​អែលណាតន លោក​ដាឡាយ៉ា និង​លោក​កេម៉ារីយ៉ា ទទូច​អង្វរ​ព្រះរាជា​សូម​កុំ​អោយ​ដុត​ក្រាំង​នោះ​ដែរ តែ​ស្ដេច​ពុំ​ស្ដាប់​ពាក្យ​លោក​ទាំង​បី​ឡើយ។ ២៦ ព្រះរាជា​បង្គាប់​ទៅ​ សម្ដេច​យេរ៉ាមីអែល​ជា​បុត្រ និង​លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​អាសរីអែល ព្រម​ទាំង​លោក​សេលេមីអា ជា​កូន​របស់​លោក​អាប់ដេអែល អោយ​ទៅ​ចាប់​ព្យាការី​យេរេមីនិង​លោក​បារូក​ជា​ស្មៀន តែ​ព្រះអម្ចាស់​បាន​លាក់​លោក​ទាំង​ពីរ។

២៧ ក្រោយ​ពេល​ព្រះរាជា ​ដុត​ក្រាំង​ដែល​លោក​យេរេមី​បាន​បង្គាប់​​​អោយ​លោក​បារូក​សរសេរ​នោះ​មក ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​ដូច​ត​ទៅ៖ ២៨ «ចូរ​យក​ក្រាំង​មួយ​ទៀត ​មក រួច​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​ក្រាំង​មុន គឺ​ក្រាំង​ដែល​យ៉ូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា​បាន​ដុត​ចោល​នោះ។ ២៩ បន្ទាប់​មក ចូរ​ប្រកាស​ប្រឆាំង​នឹង​យ៉ូយ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “អ្នក​បាន​ដុត​ក្រាំង​នោះ ទាំង​បន្ទោស​យេរេមី​ដែល​បាន​សរសេរ​ថា ស្ដេច​ស្រុក​បាប៊ីឡូន ពិត​ជា​មក​កំទេច​ស្រុក​នេះ ហើយ​បំផ្លាញ​ជីវិត​មនុស្ស និង​សត្វ។ ៣០ ហេតុ​នេះ​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ប្រឆាំង​នឹង​យ៉ូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា​ថា: គ្មាន​ពូជពង្ស​ណា​ម្នាក់​របស់​យ៉ូយ៉ាគីម ស្នង​រាជ្យ​ស្ដេច​ដាវីឌ​ទេ។ សាកសព​របស់​យ៉ូយ៉ាគីម​នឹង​ត្រូវ​គេ​ទុក​ចោល​ហាល​ថ្ងៃ​ហាល​ភ្លៀង។ ៣១ យើង​នឹង​ដាក់​ទោស​ យ៉ូយ៉ាគីម និង​ពូជពង្ស ព្រម​ទាំង​ពួក​នាម៉ឺន ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពួក​គេ។ យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​អ្នក​ទាំង​នោះ ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡឹម និង​អ្នក​ស្រុក​យូដា​ដូច​យើង​បាន​ប្រកាស​ទុក តែ​ពួក​គេ​ពុំ​បាន​ស្ដាប់​យើង​ទេ”»។

៣២ លោក​ យេរេមី​យក​ក្រាំង​មួយ​ទៀត ប្រគល់​អោយ​លោក​បារូក​ជា​កូន​របស់​លោក​នេរីយ៉ា និង​ជា​ស្មៀន។ លោក​យេរេមី​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​ក្រាំង​ដែល​ព្រះបាទ​ យ៉ូយ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​បាន​ដុត​ចោល អោយ​លោក​បារូក​សរសេរ​តាម។ លោក​បន្ថែម​សេចក្ដី​ជា​ច្រើន​ទៀត​ដែល​មាន​ន័យ​ស្រដៀង​គ្នា​ទៅ​ក្នុង​ក្រាំង​ ថ្មី​នេះ​ដែរ។