ព្យាការីយេរេមី (៣៥)

លោក​យេរេមីនិង​កូន​ចៅ​លោក​រេកាប
 នៅ​រជ្ជកាល​ព្រះបាទ​យ៉ូយ៉ាគីម​បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស ជា​ស្ដេច​ស្រុក​យូដា ព្រះអ ម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​ដូច​ត​ទៅ៖

 «ចូរ​ទៅ​ ជួប​ពួក​អ្នក​ក្នុង​អំបូរ​រេកាប​ ហើយ​និយាយ​ជា​មួយ​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​ទៅ​ព្រះដំណាក់​ចូល​ក្នុង​បន្ទប់​មួយ រួច​ចាក់​ស្រា​អោយ​ពួក​គេ​ផឹក»។ ខ្ញុំ​ក៏​ទៅ​បបួល​លោក​ យ៉ាសានីយ៉ា​ជា​កូន​របស់​លោក​យេរេមីនិង​ជា​ចៅ​របស់​លោក​ហាបាត់សីនីយ៉ាព្រម​ទាំង​បង​ប្អូន កូន​ចៅ​របស់​គាត់ និង​អ្នក​នៅ​ក្នុង​អំបូរ​រេកាប​ទាំង​មូល  ហើយ​នាំ​ពួក​គេ​ទៅ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ រួច​ចូល​ក្នុង​បន្ទប់​កូន​ចៅ​លោក​ហាណន ជា​កូន​របស់​លោក​យីកដាលីយ៉ា និង​ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​របស់​ពួក​មន្ត្រី ហើយ​នៅ​ខាង​លើ​បន្ទប់​របស់​លោក​ម៉ាសេយ៉ា ជា​កូន​របស់​លោក​សាលូម និង​ជា​អ្នក​យាម​ទ្វារ។ ខ្ញុំ​បាន​យក​ឪទិន​មួយ​ដែល​មាន​ស្រា​ពេញ ព្រម​ទាំង​ពែង​ជា​ច្រើន​មក​ដាក់​នៅ​មុខ​ពួក​រេកាប​ទាំង​ពោល​ថា “សូម​អញ្ជើញ​ពិសា!” ប៉ុន្តែ អ្នក​ទាំង​នោះ​តប​ថា៖ «ពួក​យើង​មិន​ទទួល​ទាន​ស្រា​ទេ ដ្បិត​លោក​យ៉ូណាដាប់​ជា​កូន​របស់​លោក​រេកាប និង​ជា​បុព្វបុរស​របស់​យើង​បាន​ហាមប្រាម​យើង​ថា “អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​មិន​ត្រូវ​ផឹក​ស្រា​ជា​ដាច់​ខាត។ អ្នក​រាល់​គ្នា​ក៏​មិន​ ត្រូវ​សង់​ផ្ទះ មិន​ត្រូវ​សាប​ព្រោះ ដាំ​ទំពាំងបាយជូរ ឬ​ទិញ​ចំការ​ទំពាំងបាយជូរ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​រស់​នៅ​អស់​មួយ​ជីវិត។ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​អាច​រស់​បាន​យូរ​លើ​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា ​ទៅ​ស្នាក់​អាស្រ័យ”។ ពួក​យើង​ធ្វើ​តាម​បង្គាប់ ​របស់​លោក​យ៉ូណាដាប់ ជា​កូន​របស់​លោក​រេកាប​ជា​បុព្វបុរស​យើង​សព្វ​គ្រប់​ទាំង​អស់ ក្នុង​មួយ​ជីវិត​របស់​ពួក​យើង។ ពួក​យើង​មិន​ទទួល​ទាន​ស្រា​សោះ​ឡើយ គឺ​ទាំង​ពួក​យើង ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​យើង។ ពួក​យើង​មិន​សង់​ផ្ទះ​សំរាប់​រស់​នៅ ពួក​យើង​គ្មាន​ចំការ​ទំពាំង​បាយ​ជូរ គ្មាន​ដី​ស្រែ និង​ដី​ដាំ​ដំណាំ​ទេ។ ១០ ពួក​យើង​រស់​នៅ​តាម​ជំរំ គឺ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​យ៉ូណាដាប់ ជា​បុព្វបុរស​បាន​បង្គាប់។ ១១ ពេល​ព្រះចៅ​នេប៊ូកានេសារ ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​ទ័ព​មក​លុកលុយ​ស្រុក​នេះ ពួក​យើង​បាន​បបួល​គ្នា​មក​រស់​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​រត់​គេច​ពី​កងទ័ព​ខាល់ដេ និង​កងទ័ព​ស៊ីរី។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម»។

១២ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​ដូច​ត​ទៅ: ១៣ ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ដូច​ត​ទៅ: តើ​អ្នក​រាល់​គ្នា​យល់​មេរៀន​នេះ​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​យល់​ព្រម​ធ្វើ​តាម​ពាក្យ​របស់​យើង​ឬ​ទេ? – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ១៤ យ៉ូណាដាប់ ជា​កូន​របស់​រេកាប ហាម​កូន​ចៅ​របស់​ខ្លួន​មិន​អោយ​ផឹក​ស្រា ពួក​គេ​ក៏​តម​ស្រា​រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​ពួក​គេ​ធ្វើ​តាម​បង្គាប់​បុព្វបុរស​របស់​ខ្លួន។ រីឯ​យើង​វិញ យើង​រំលឹក​ដាស់​តឿន​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​បង្គាប់​យើង​ទេ។ ១៥ យើង​បាន​ចាត់​ព្យាការី​ ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​បំរើ​របស់​យើង អោយ​មក​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​ថា: “ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ហើយ​កែ​ប្រែ​កិរិយាមារយាទ​ឈប់​រត់​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ទៀត ទើប​អ្នក​រាល់​គ្នា​អាច​រស់​នៅ​លើ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​អោយ​អ្នក​រាល់ ​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា”។ ១៦ ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​បាន​ត្រងត្រាប់​ស្ដាប់​យើង ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ស្ដាប់​បង្គាប់​យើង​ដែរ!»។ ១៧ ហេតុ​នេះ​ព្រះអម្ចាស់​ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន កើត​មាន​ដល់​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល ដូច​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ស្រាប់ ដ្បិត​យើង​បាន​និយាយ​ជា​មួយ​ពួក​គេ ពួក​គេ​មិន​ស្ដាប់​បង្គាប់​យើង​ទេ យើង​បាន​ហៅ​ពួក​គេ​តែ​ពួក​គេ​មិន​ឆ្លើយ​តប​មក​យើង​វិញ​ឡើយ»។

១៨ បន្ទាប់​មក លោក​យេរេមី​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​លោក​រេកាប​ថា៖ «ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា “ដោយ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​យ៉ូណាដាប់ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គោរព និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​បង្គាប់​ទុក ១៩ នោះ​នឹង​មិន​ខ្វះ​ពូជពង្ស​យ៉ូណាដាប់ ជា​កូន​របស់​រេកាប សំរាប់​បំរើ​យើង​ឡើយ”» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។