ព្យាការីយេរេមី (៣៣)

ព្រះបន្ទូល​សន្យា​អំពី​ការ​ស្ដារ​ស្រុក​ឡើង​វិញ
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​សា​ជា​ថ្មី នៅ​ក្នុង​ទី​ឃុំឃាំង។

 ព្រះអម្ចាស់​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះអម្ចាស់​ដែល​បាន​សូន​ផែនដី ហើយ​ដាក់​អោយ​នៅ​មាំមួន ឥត​រង្គើ ព្រះអង្គ​ដែល​មាន​ព្រះនាម​ថា ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖  «ចូរ​អង្វរ​រក​យើង នោះ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ។ យើង​នឹង​សំដែង​អោយ​អ្នក​ដឹង​អំពី​ការ​អស្ចារ្យ​ផ្សេងៗ ជា​ការ​លាក់​កំបាំង​ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក»។

 ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «ផ្ទះ​នានា​ក្នុង​ក្រុង​នេះ ព្រម​ទាំង​ដំណាក់​របស់​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​ផ្ដួល​រំលំ​ដោយ​ខ្មាំង​លើក​ទួល វាយ​លុក។ ប្រជាជន​ខ្លះ​នៅ​ក្នុង​ ក្រុង​នេះ​ខំ​តទល់​នឹង​ពួក​ខាល់ដេ​ដែរ ជា​ហេតុ​បណ្ដាល​អោយ​ផ្ទះ​របស់​គេ​មាន​ពេញ​ដោយ​សាកសព ដែល​យើង​ប្រហារ​ដោយសារ​កំហឹង​ដ៏​ខ្លាំង​របស់​យើង។ អំពើ​អាក្រក់​របស់​ពួក​គេ​ធ្វើ​អោយ​យើង​លែង​អាណិត​មេត្តា​ដល់​ក្រុង​នេះ។ ប៉ុន្តែ យើង​នឹង​ព្យាបាល​មុខ​របួស​របស់​គេ​អោយ​បាន​ជា​ទាំង​ស្រុង យើង​នឹង​ប្រោស​ពួក​គេ​អោយ​បាន​ជា យើង​នឹង​ផ្ដល់​សេចក្ដី​សុខសាន្ត និង​សន្តិសុខ​មក​លើ​ពួក​គេ​យ៉ាង​បរិបូណ៌។ យើង​នឹង​ស្ដារ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល យើង​នឹង​អោយ​ប្រជាជន​រស់​នៅ​ដូច​ដើម​ឡើង​វិញ។ យើង​នឹង​ជំរះ​ពួក​គេ​អោយ​ បាន​បរិសុទ្ធ* រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត​ទាស់​នឹង​យើង ហើយ​បះបោរ​ប្រឆាំង​នឹង​យើង​ទៀត​ផង។ ក្រុង​នេះ​នឹង​ធ្វើ​អោយ​ យើង​មាន​អំណរ​សប្បាយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ពេល​ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឮ​ដំណឹង​ថា យើង​អោយ​ពរ​ដល់​ក្រុង​នេះ គេ​នឹង​នាំ​គ្នា​លើក​តម្កើង​យើង គេ​នឹង​ស្ងើច​សរសើរ ហើយ​រំជួល​ចិត្ត​ដោយ​ឃើញ​សុភមង្គល និង​ភាព​ចំរុង​ចំរើន​គ្រប់​យ៉ាង​ដែល​យើង​ផ្ដល់​អោយ​ក្រុង​នេះ»។

១០ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «អ្នក​រាល់​គ្នា​ធ្លាប់​ពោល​ថា “ទឹក​ដី​នេះ​វិនាស​អន្តរាយ​អស់​ហើយ លែង​មាន​មនុស្ស លែង​មាន​សត្វ។ ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូសាឡឹម ជា​កន្លែង​ស្ងាត់​ជ្រងំ​លែង​មាន​មនុស្ស លែង​មាន​សត្វ​រស់​នៅ​ទៀត​ហើយ”។ ប៉ុន្តែ នៅ​ពេល​ខាង​មុខ ១១ គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ ចំរៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចំរៀង​របស់​អស់​អ្នក​ដែល​ថ្វាយ​យញ្ញបូជា​អរ​ព្រះគុណ​នៅ​ក្នុង​ ព្រះដំណាក់​របស់​ព្រះអម្ចាស់។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​សប្បុរស ហើយ​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ ជានិច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​អោយ​បាន​ដូច​ដើម​វិញ» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

១២ ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​ដែល​វិនាស​បាក់​បែក នឹង​គ្មាន​មនុស្ស គ្មាន​សត្វ ហើយ​នៅ​តាម​ក្រុង​ឯ​ទៀតៗ ពួក​គង្វាល​នឹង​នាំ​គ្នា​ធ្វើ​ក្រោល ជា​ជំរក​សំរាប់​ហ្វូង​សត្វ​របស់​ខ្លួន​សា​ជា​ថ្មី។ ១៣ ក្នុង​ក្រុង​នានា​នៅ​ តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​បេនយ៉ាមីន តំបន់​ជុំវិញ​ក្រុង​យេរូសាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា អ្នក​គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​សំរេច​តាម​ពាក្យ ​ដែល​យើង​បាន​សន្យា​ជា​មួយ​ប្រជាជន​អ៊ីស្រា អែល និង​ប្រជាជន​យូដា។ ១៥ នៅ​គ្រា​នេះ​យើង​នឹង​ ធ្វើ​អោយ​មាន​ស្ដេច​មួយ​អង្គ​ដ៏​សុចរិត កើត​ចេញ​ពី​ពូជពង្ស​របស់​ដាវីឌ។ ស្ដេច​នោះ​នឹង​គ្រប់គ្រង​ស្រុក​ដោយ​សុចរិត និង​យុត្តិធម៌។ ១៦ នៅ​គ្រា​នោះ​ជន​ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ក្រុង​យេរូសាឡឹម​នឹង​មាន​សន្តិសុខ។ គេ​នឹង​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “ព្រះអម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។

១៧ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ដាវីឌ​នឹង​មិន​ខ្វះ​ពូជពង្ស​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ ១៨ ពួក​បូជាចារ្យ និង​ពួក​លេវី​ក៏​មិន​ខ្វះ​ពូជពង្ស​ឈរ​នៅ​ចំពោះ​មុខ​យើង ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​ដុត​គ្រឿង​ក្រអូប​ជា​មួយ​តង្វាយ​ផ្សេងៗ ហើយ​ថ្វាយ​យញ្ញបូជា​ជា​រៀង​រាល់​ថ្ងៃ​ដែរ»។

១៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​ដូច​ត​ទៅ៖ ២០ «យើង​បាន​ធ្វើ​អោយ​មាន​ថ្ងៃ មាន​យប់ តាម​កំណត់​ពេល​វេលា​របស់​វា ប្រសិន​បើ​អ្នក​រាល់​គ្នា​អាច​បញ្ឈប់​ចលនា​របស់​ថ្ងៃ និង​យប់​បាន ២១ យើង​ក៏​ផ្ដាច់​ សម្ពន្ធមេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ដូច្នោះ​ដែរ គឺ​លែង​មាន​ពូជពង្ស​របស់​គេ​ស្នង​រាជ្យ ហើយ​ក៏​លែង​មាន​ពួក​បូជាចារ្យ​លេវី បំពេញ​មុខងារ​នៅ​ចំពោះ​មុខ​យើង​ទៀត​ដែរ។ ២២ ផ្ទុយ​ទៅ​វិញ​យើង​នឹង​ អោយ​ពូជពង្ស​របស់​ដាវីឌ​ជា​អ្នក​បំរើ​យើង ព្រម​ទាំង​ពួក​បូជាចារ្យ​លេវី ដែល​បំពេញ​មុខងារ​នៅ​ចំពោះ​មុខ​យើង កើន​ចំនួន​ច្រើន​ឥត​គណនា​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ»។

២៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមីដូច​ត​ទៅ៖ ២៤ «តើ​អ្នក​ឮ​ពាក្យ​របស់​ប្រជាជន​នេះ​ឬ​ទេ? ពួក​គេ​ពោល​ថា: “ព្រះអម្ចាស់​ បាន​បោះ​បង់​ចោល​អំបូរ​ទាំង​ពីរ​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​នោះ​ហើយ”។ អ្នក​ណា​ពោល​ដូច្នេះ អ្នក​នោះ​មើលងាយ​ប្រជាជន​របស់​យើង ហើយ​លែង​រាប់​ពួក​គេ​ជា​ប្រជាជាតិ​មួយ​ទៀត​ផង»។ ២៥ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ទៀត​ថា៖ «យើង​បាន​ធ្វើ​អោយ​មាន​ថ្ងៃ និង​យប់​តាម​ពេល​កំណត់ ហើយ​យើង​ក៏​បាន​ដាក់​ច្បាប់​ធម្មជាតិ​សំរាប់​ផ្ទៃ​មេឃ និង​ផែនដី​ដែរ។ ២៦ ដូច្នេះ តើ​អោយ​យើង​បោះ​បង់​ចោល​ពូជពង្ស​របស់​យ៉ាកុប និង​ពូជពង្ស​របស់​ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង​ដូច​ម្ដេច​បាន? តើ​យើង​លែង​ជ្រើស​រើស​មេ​ដឹក​នាំ ពី​ក្នុង​ចំណោម​ពូជពង្ស​របស់​គេ អោយ​គ្រប់គ្រង​លើ​ពូជពង្ស​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​កើត​ឬ? ទេ! យើង​នឹង​ស្ដារ​ពួក​គេ​ឡើង​វិញ ព្រម​ទាំង​សំដែង​ចិត្ត​អាណិត​អាសូរ​ពួក​គេ​ថែម​ទៀត​ផង»។