ព្យាការីយេរេមី (៣២)

លោក​យេរេមី​ទិញ​ដី​មួយ​កន្លែង
 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​យេរេមីនៅ​ឆ្នាំ​ទី​ដប់​នៃ​រជ្ជកាល​ព្រះបាទ​សេដេ​ខ្យាស​​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូកានេសារ។ ពេល​នោះ កងទ័ព​របស់​ព្រះចៅ​នេប៊ូកានេសារ ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម។ រីឯ​ព្យាការី​យេរេមី​ត្រូវ​គេ​ឃុំ​នៅ​ពន្ធនាគារ ក្នុង​វាំង​ស្ដេច​ស្រុក​យូដា។ ៣ ព្រះបាទ​សេដេខ្យាស​ជា​ស្ដេច​ ស្រុក​យូដា អោយ​គេ​យក​លោក​ទៅ​ឃុំឃាំង​ទាំង​មាន​រាជឱង្ការ​ដូច​ត​ទៅ៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ប្រកាស​ពាក្យ​ទាំង​នេះ​ថា: ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ស្ដេច​នោះ​នឹង​ដណ្ដើម​យក​ទីក្រុង។ សេដេខ្យាស​ជា​ស្ដេច​ស្រុក​ យូដា ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ​បាន​ទេ។ គេ​នឹង​ប្រគល់​ស្ដេច​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ ពិត​ប្រាកដ​មែន។ សេដេខ្យាស​នឹង​ឃើញ​ស្ដេច​ស្រុក​បាប៊ីឡូន​ផ្ទាល់​ភ្នែក និយាយ​គ្នា​ផ្ទាល់​មាត់ ហើយ​ស្ដេច​ស្រុក​បាប៊ីឡូន ​នឹង​នាំ​ស្ដេច​សេដេខ្យាស ទៅ​ស្រុក​បាប៊ីឡូន​ទៀត​ផង។ ស្ដេច​ត្រូវ​នៅ​ទី​នោះ​រហូត​ដល់​ពេល​ដែល​យើង​ប្រោសប្រណី” – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​សឹក​ជា​មួយ​ជន​ជាតិ​ខាល់ដេ អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​បាន​ឡើយ»។

 លោក​យេរេមី​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: ហាណាមេអែល​កូន​របស់​សាលូម ជា​ឪពុក​មា​របស់​អ្នក នឹង​មក​ជួប​អ្នក ហើយ​ពោល​ថា “សូម​បង​ទិញ​ដី​ចំការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណាតូត​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ”»។ លោក​ហាណាមេអែល​ជា​កូន​ឪពុក​មា​របស់​ខ្ញុំ មក​ជួប​ខ្ញុំ​នៅ​ទី​ឃុំឃាំង ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ មែន។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «សូម​បង​ទិញ​ដី​ចំការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណាតូត ក្នុង​ស្រុក​បេនយ៉ាមីន​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ!»។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​មែន។ ខ្ញុំ​ក៏​ទិញ​ដី​ចំការ​នៅ​អាណាតូត ពី​លោក​ហាណាមេអែល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ។ ខ្ញុំ​បាន​ថ្លឹង​ប្រាក់​ប្រាំ​តម្លឹង​អោយ​គាត់។ ១០ ខ្ញុំ​ធ្វើ​លិខិត​បញ្ជាក់​មួយ និង​បិទ​ត្រា​ដោយ​មាន​សាក្សី​ដឹង​ឮ រួច​ថ្លឹង​ប្រាក់​លើ​ជញ្ជីង។ ១១ បន្ទាប់​មក ខ្ញុំ​យក​លិខិត​បញ្ជាក់​ទិញ​ដី​ដែល​មាន​បិទ​ត្រា ស្រប​តាម​ច្បាប់​តាម​មាត្រា ហើយ​ខ្ញុំ​ក៏​យក​លិខិត​បញ្ជាក់​ចំហ​មក​ដែរ។ ១២ ខ្ញុំ​ប្រគល់​លិខិត​ បញ្ជាក់​ទិញ​ដី​នោះ ទៅ​អោយ​លោក​បារូក ជា​កូន​របស់​លោក​នេរីយ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេយ៉ា នៅ​ចំពោះ​មុខ​លោក​ហាណាមេអែល​ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ដោយ​មាន​សាក្សី​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​លើ​លិខិត​បញ្ជាក់ ព្រម​ទាំង​ជន​ជាតិ​យូដា​ដែល​ស្ថិត​នៅ​ក្នុង​ទី​ឃុំឃាំង​នោះ​ដឹង​ឮ​ផង។ ១៣ ខ្ញុំ​បង្គាប់​លោក​បារូក​នៅ​ចំពោះ​មុខ​ពួក​គេ​ដូច​ត​ទៅ៖ ១៤ «ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា “ចូរ​យក​លិខិត​បញ្ជាក់​ទិញ​ដី​នេះ គឺ​ទាំង​លិខិត​មាន​បិទ​ត្រា និង​លិខិត​នៅ​ចំហ​ទៅ​ដាក់​ក្នុង​ឆ្នាំង​ដី​មួយ ដើម្បី​រក្សា​ទុក​អោយ​បាន​យូរ។ ១៥ ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា: នៅ​ក្នុង​ស្រុក​នេះ ប្រជាជន​នៅ​តែ​ទិញ​ផ្ទះ ទិញ​ដី​ស្រែ និង​ទិញ​ចំការ​ទំពាំងបាយជូរ​បន្ត​ទៅ​ទៀត”»។

ពាក្យ​អធិស្ឋាន​របស់​លោក​យេរេមី
១៦ ក្រោយ​បាន​ប្រគល់​លិខិត​បញ្ជាក់​ទិញ​ដី​ទៅ​បារូក ជា​កូន​របស់​លោក​នេរីយ៉ា​រួច​ហើយ ខ្ញុំ​ក៏​ទូលអង្វរ​ព្រះអម្ចាស់​ដូច​ត​ទៅ: ១៧ បពិត្រ​ព្រះជាអម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដោយ​មហិទ្ធិឫទ្ធិ និង​ព្រះបារមី​របស់​ព្រះអង្គ។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ព្រះអង្គ​ធ្វើ​មិន​កើត?១៨ ព្រះអង្គ​សំដែង​ ព្រះហឫទ័យ​ប្រណីសន្ដោស​រហូត​ដល់​រាប់​ពាន់​តំណ។ ពេល​ឪពុក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​កូន​ចៅ​នៅ​ជំនាន់​ក្រោយ។ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម និង​ប្រកប​ដោយ​ព្រះចេស្ដា។ ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។ ១៩ គំរោងការ​របស់​ព្រះអង្គ ​ប្រសើរ​ពន់​ពេក​ក្រៃ ហើយ​ព្រះអង្គ​អាច​នឹង​សំរេច​គំរោងការ​ទាំង​នោះ​បាន។ ព្រះអង្គ​ពិនិត្យ​មើល​កិរិយា​មារយាទ​ទាំង​អស់​របស់​មនុស្ស​លោក ហើយ​ព្រះអង្គ​សង​ទៅ​គេ​វិញ តាម​កិរិយា​មារយាទ​របស់​គេ​រៀងៗ​ខ្លួន និង​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។

២០ កាល​ពី​ ដើម​ព្រះអង្គ​សំដែង​អោយ​គេ​ស្គាល់​ព្រះអង្គ ដោយ​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។ សព្វ​ថ្ងៃ​​នេះ​ព្រះអង្គ​ក៏​សំដែង​អោយ​គេ​ស្គាល់​ព្រះអង្គ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល និង​មនុស្ស​ជាតិ​ទាំង​មូល​ដែរ។ ព្រះនាម​របស់​ព្រះអង្គ​បាន​ល្បីល្បាញ ដូច​យើង​ខ្ញុំ​ឃើញ​សព្វ​ថ្ងៃ​ស្រាប់។ ២១ ​ព្រះអង្គ​ធ្វើ​ទី​ សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ប្រកប​ដោយ​ព្រះចេស្ដា​បារមី​ដ៏​គួរ​អោយ​ស្ញែង​ខ្លាច​បំផុត ដើម្បី​នាំ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ចាក​ចេញ​ពី​ស្រុក​ អេស៊ីប។ ២២ ​ព្រះអង្គ​ប្រគល់​ទឹក​ដី ​នេះ​អោយ​ពួក​គេ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​។ ២៣ ពួក​គេ​បាន​ចូល​មក​កាន់ ​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​វិន័យ​របស់​ព្រះអង្គ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បង្គាប់​អោយ​ធ្វើ​នោះ​ ឡើយ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះអង្គ​អោយ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។

២៤ ជន​ជាតិ ​ខាល់ដេ​កំពុង​តែ​លើក​ទួល​ព័ទ្ធ​ជុំវិញ ដើម្បី​វាយ​យក​ទីក្រុង។ ក្រុង​នេះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង គឺ​ពួក​គេ​វាយ​លុក​ធ្វើ​អោយ​ប្រជាជន​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ។ ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រកាស​ពិត​ជា​សំរេច​ជា​រូប​រាង​ដូច​ព្រះអង្គ​ទត​ ឃើញ​ស្រាប់។ ២៥ ឱ​ព្រះជាអម្ចាស់​ អើយ ក្រុង​នេះ​ជិត​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ប្រាប់​អោយ​ទូលបង្គំ​យក​ប្រាក់​ទិញ​ដី​ចំការ ដោយ​មាន​សាក្សី​ដឹង​ឮ​ទៅ​វិញ?

ចម្លើយ​របស់​ព្រះអម្ចាស់
២៦ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​ដូច​ត​ទៅ៖ ២៧ «យើង​ជា​ព្រះអម្ចាស់​ជា​ព្រះ​របស់​មនុស្ស​លោក​ទាំង​មូល គ្មាន​ការ​អស្ចារ្យ​អ្វី​ដែល​យើង​ធ្វើ​មិន​កើត​នោះ​ឡើយ។ ២៨ ហេតុ​នេះ​ហើយ​បាន​ជា​ យើង​ប្រាប់​អ្នក​ថា: យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ និង​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូកានេសារ​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ នេប៊ូកានេសារ​នឹង​ដណ្ដើម​យក​ក្រុង​នេះ។ ២៩ ជន​ជាតិ​ខាល់ដេ​ដែល​ កំពុង​តែ​វាយ​លុក​ក្រុង​នេះ នឹង​នាំ​គ្នា​ចូល​មក​ដុត​កំទេច​ទីក្រុង ហើយ​ដុត​កំទេច​ផ្ទះ​ដែល​មាន​កន្លែង​ដុត​គ្រឿង​សក្ការៈ​នៅ​តាម​ដំបូល​សំរាប់​ សែន​ព្រះ​បាល និង​ច្រួចស្រា​សែន​ព្រះ​ដទៃ ជា​ហេតុ​នាំ​អោយ​យើង​ខឹង។

៣០ ជន​ជាតិ ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ទាស់​ចិត្ត​យើង​តាំង​ពី​ដើម​រៀង​មក។ ជន​ជាតិ​អ៊ីស្រាអែល​ចេះ​តែ​ធ្វើ​អោយ​យើង​ខឹង ព្រោះ​តែ​ស្នាដៃ​របស់​ខ្លួន​ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ៣១ អ្នក​ក្រុង​យេរូសាឡឹម​ តែងតែ​ធ្វើ​អោយ​យើង​ខឹង តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​សង់​ក្រុង​នេះ រហូត​មក​ទល់​សព្វ​ថ្ងៃ ជា​ហេតុ​នាំ​អោយ​យើង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​យើង។ ៣២ ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា គឺ​ទាំង​ប្រជាជន ទាំង​ស្ដេច ទាំង​មន្ត្រី ទាំង​បូជាចារ្យ ទាំង​ព្យាការី ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូសាឡឹម​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​បញ្ឆេះ​កំហឹង​ យើង។ ៣៣ ពួក​គេ​ងាក​មុខ​ចេញ​ពី​ យើង ហើយ​បែរ​ខ្នង​ដាក់​យើង។ ទោះ​បី​យើង​បាន​ទូន្មាន​ប្រៀនប្រដៅ​ពួក​គេ​ជា​រៀង​រហូត​មក​ក្ដី ក៏​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ពុំ​ព្រម​រៀន​ដែរ។ ៣៤ ពួក​គេ​យក​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម មក​ដាក់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​អោយ​កន្លែង​នេះ​ក្លាយ​ទៅ​ជា​សៅហ្មង។ ៣៥ ពួក​គេ​បាន​សង់​កន្លែង​ សក្ការៈ​នៅ​ទួល​ខ្ពស់​សំរាប់​ព្រះ​បាល ក្នុង​ជ្រលង​ភ្នំ​បេន-ហ៊ីណូម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ទៅ​សែន​ព្រះ​ម៉ូឡុក ដោយ​ដុត​ទាំង​រស់។ យើង​ពុំ​ដែល​បង្គាប់​អោយ​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ គឺ​ធ្វើ​អោយ​ជន​ជាតិ​យូដា​មាន​ទោស​ព្រោះ​តែ​អំពើ​ព្រៃផ្សៃ»។

៣៦ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​ព្រះអម្ចាស់​ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល យើង​សុំ​ប្រាប់​អ្នក​អោយ​បាន​ដឹង​អំពី​ក្រុង​ដែល​អ្នក​ពោល​ថា នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ។ ៣៧ នៅ​គ្រា​ដែល​យើង​ ខឹងសម្បារ យើង​បាន​កំចាត់កំចាយ​ប្រជាជន​នេះ​អោយ​ទៅ​នៅ​គ្រប់​ប្រទេស តែ​យើង​នឹង​ប្រមូល​ពួក​គេ ហើយ​នាំ​ពួក​គេ​វិល​មក​កន្លែង​នេះ​វិញ អោយ​រស់​នៅ​យ៉ាង​សុខសាន្ត។ ៣៨ ពួក​គេ​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។ ៣៩ យើង​នឹង​អោយ​ពួក​គេ​មាន ​ចិត្ត​គំនិត​តែ​មួយ មាន​គោលដៅ​តែ​មួយ ដើម្បី​គោរព​កោត​ខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភមង្គល។ ៤០ យើង​នឹង​ចង​ សម្ពន្ធមេត្រី​មួយ​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ជា​មួយ​ពួក​គេ។ យើង​នឹង​មិន​បែរ​ចេញ​ពី​ពួក​គេ​ទៀត​ទេ យើង​នឹង​ផ្ដល់​សេចក្ដី​សុខ​អោយ​ពួក​គេ​រហូត យើង​នឹង​អោយ​ពួក​គេ​កោត​ខ្លាច​យើង​ដោយ​ចិត្ត​ស្មោះ ដើម្បី​កុំ​អោយ​ពួក​គេ​ងាក​ចេញ​ពី​យើង។ ៤១ យើង​សប្បាយ​ចិត្ត​នឹង​ ផ្ដល់​សេចក្ដី​សុខ​អោយ​ពួក​គេ។ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​អស់​ពី​លទ្ធភាព ដើម្បី​អោយ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ​រហូត​ត​ទៅ។

៤២ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «យើង​ធ្វើ​អោយ​ប្រជាជន​នេះ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​ណា យើង​ក៏​ធ្វើ​អោយ​ពួក​គេ​មាន​សុភមង្គល​គ្រប់​ប្រការ តាម​ពាក្យ​សន្យា​របស់​យើង​យ៉ាង​នោះ​ដែរ។ ៤៣ គេ​នឹង​នៅ​តែ​ទិញ​ ដីធ្លី​ក្នុង​ស្រុក​ដែល​អ្នក​ពោល​ថា ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ ជា​ស្រុក​ដែល​វិនាស​ហិនហោច​លែង​មាន​មនុស្ស សត្វ​រស់​នៅ​ត​ទៅ​ទៀត។ ៤៤ គេ​នឹង​ថ្លឹង​ប្រាក់​ ទិញ​ដីធ្លី គេ​នឹង​ធ្វើ​លិខិត​បញ្ជាក់​ទិញ ហើយ​បិទ​ត្រា ព្រម​ទាំង​រក​សាក្សី​អោយ​ដឹង​ឮ​ផង គឺ​នៅ​ក្នុង​ទឹក​ដី​បេនយ៉ាមីន តំបន់​ជុំវិញ​ក្រុង​យេរូសាឡឹម ក្រុង​នានា​ក្នុង​ស្រុក​យូដា ក្រុង​នានា​នៅ​តំបន់​ភ្នំ ក្រុង​នានា​នៅ​តំបន់​វាល​ទំនាប និង​ក្រុង​នានា​នៅ​តំបន់​ណេកិប ដ្បិត​យើង​នឹង​ស្ដារ​ស្រុក​ទេស​នេះ​ឡើង​វិញ» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។