ព្យាការីយេរេមី (៣១)

ស្រុកអ៊ីស្រាអែល និងស្រុកយូដានឹងត្រូវស្ដារឡើងវិញ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«នៅគ្រានោះយើងនឹងធ្វើជា
ព្រះរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល
ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។
២ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖
«នៅវាលរហោស្ថាន
យើងបានសំដែងការប្រណីសន្ដោសដល់
ប្រជាជនដែលសេសសល់ពីស្លាប់ក្នុងចំបាំង
ហើយអ៊ីស្រាអែលនឹងបានសុខសាន្តត្រាណ។
៣ ពួកគេពោលថា ព្រះអម្ចាស់បានសំដែងព្រះអង្គ
អោយខ្ញុំឃើញពីចម្ងាយ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា
“យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់
ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។
ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក
ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។
៤ នាងព្រហ្មចារីអ៊ីស្រាអែលអើយ!
យើងនឹងស្អាងនាងអោយមាំមួនឡើងវិញ
រួចនាងនឹងចេញមកលោតរាំ
ទាំងលេងក្រាប់យ៉ាងសប្បាយ។
៥ នាងនឹងដាំទំពាំងបាយជូរក្នុងចំការ
នៅតាមភ្នំក្នុងស្រុកសាម៉ារីឡើងវិញ។
អ្នកណាដាំអ្នកនោះនឹងបេះផ្លែបរិភោគ”។
៦ បន្តិចទៀត ពួកអ្នកយាមនឹងស្រែក
នៅលើភ្នំអេប្រាអ៊ីមថា:
“ចូរក្រោកឡើង!
យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូន
ថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់យើង!”»
៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ចូរហ៊ោកញ្ជ្រៀវអបអរសាទរកូនចៅយ៉ាកុប!
ចូរទទួលប្រជាជនដែលជាមេដឹកនាំនៃ
ប្រជាជាតិទាំងឡាយ
អោយបានគគ្រឹកគគ្រេងឡើង!
ចូរបន្លឺសំឡេង ចូរលើកតម្កើងព្រះអម្ចាស់!
ហើយពោលថា: “ព្រះអម្ចាស់អើយ!
សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ
គឺជនជាតិអ៊ីស្រាអែលដែលនៅសេសសល់”។
៨ យើងនឹងនាំពួកគេមកពីស្រុកខាងជើង
ហើយក៏ប្រមូលពួកគេពីទីដាច់ស្រយាល
នៃផែនដីមកវិញដែរ។
ពួកគេមកទាំងអស់គ្នា
គឺមានទាំងមនុស្សខ្វាក់មនុស្សខ្វិន
ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសំរាលកូន។
ពួកគេវិលត្រឡប់មកវិញយ៉ាងច្រើនឥតគណនា។
៩ ពួកគេមកដល់ ទាំងយំផង ទាំងទូលអង្វរផង
យើងនឹងដឹកនាំពួកគេដើរតាមផ្លូវរាបស្មើ
គ្មានអ្វីជំពប់ជើង តម្រង់ទៅកន្លែងដែលមានទឹកហូរ
ដ្បិតយើងជាឪពុករបស់ជនជាតិអ៊ីស្រាអែល
ហើយអេប្រាអ៊ីមជាកូនច្បងរបស់យើង»។
១០ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
ហើយផ្សព្វផ្សាយរហូតដល់កោះឆ្ងាយៗ!
ចូរប្រកាសថា:
«ព្រះដែលកំចាត់កំចាយជនជាតិអ៊ីស្រាអែល
ទ្រង់ប្រមូលពួកគេមកវិញហើយ
ព្រះអង្គថែរក្សាអ៊ីស្រាអែល
ដូចគង្វាលរក្សាហ្វូងចៀមរបស់ខ្លួន។
១១ព្រះអម្ចាស់រំដោះកូនចៅរបស់លោកយ៉ាកុប
ព្រះអង្គលោះពួកគេអោយរួចពីខ្មាំង
ដែលមានកម្លាំងខ្លាំងជាងពួកគេ។
១២ពួកគេត្រឡប់មកវិញ
ទាំងស្រែកហ៊ោដោយអំណរនៅលើភ្នំស៊ីយ៉ូន
ពួកគេនាំគ្នារត់ទៅទទួលទ្រព្យសម្បត្តិ
ដែលព្រះអម្ចាស់ប្រទានអោយ
គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង
ហ្វូងចៀម និងហ្វូងគោ។
ចិត្តរបស់ពួកគេប្រៀបដូចសួនឧទ្យាន
ដែលមានទឹកស្រោចស្រព
ពួកគេនឹងលែងខ្សោះល្វើយទៀតហើយ។
១៣ពេលនោះ ស្ត្រីក្រមុំនឹងនាំគ្នារាំយ៉ាងសប្បាយ
ហើយពួកយុវជន និងពួកចាស់ទុំ
ក៏នឹងរាំយ៉ាងសប្បាយដែរ។
យើងនឹងធ្វើអោយទុក្ខព្រួយរបស់ពួកគេ
ប្រែទៅជាអំណររីករាយ
យើងនឹងសំរាលទុក្ខពួកគេ
ហើយធ្វើអោយពួកគេមានអំណរសប្បាយ
ឡើងវិញ។
១៤យើងនឹងអោយសាច់ដ៏ល្អៗដល់
ពួកបូជាចារ្យបរិភោគយ៉ាងស្កប់ស្កល់
ហើយយើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌
ដល់ប្រជារាស្ត្ររបស់យើង»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៥ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មានឮសំឡេងយំនៅភូមិរ៉ាម៉ា
ជាទំនួញសោកសៅ និងសំរែកឈឺចាប់
គឺនាងរ៉ាខែលយំសោកអាណិតកូន
នាងមិនព្រមអោយនរណាលួងលោមឡើយ
ព្រោះកូនរបស់នាងបាត់បង់ជីវិតអស់ទៅហើយ»។
១៦ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ!
ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត
កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុករបស់
ខ្មាំងសត្រូវមកវិញ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ –
១៧អនាគតនាងពោរពេញដោយសេចក្ដីសង្ឃឹម
ព្រោះកូនចៅរបស់នាងវិលត្រឡប់មក
ទឹកដីរបស់ខ្លួនវិញ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ យើងឮអេប្រាអ៊ីមយំរៀបរាប់ថា:
“ព្រះអង្គបានដាក់ទោសទូលបង្គំ
ហើយទូលបង្គំក៏ទទួលទោស
ដូចកូនគោដែលមិនទាន់ផ្សាំង។
សូមនាំទូលបង្គំអោយវិលមកវិញ
នោះទូលបង្គំនឹងវិលមកវិញ
ដ្បិតព្រះអង្គជាព្រះអម្ចាស់
និងជាព្រះរបស់ទូលបង្គំ។
១៩ទូលបង្គំវិលមកវិញ ទាំងនឹកស្ដាយកំហុស។
ពេលដឹងខ្លួនខុស ទូលបង្គំក៏គក់ទ្រូង
នឹកស្ដាយ ហើយអៀនខ្មាស។
ទូលបង្គំបាក់មុខ ព្រោះតែអំពើដែលទូលបង្គំ
ប្រព្រឹត្តកាលនៅពីក្មេង”។
២០អេប្រាអ៊ីមជាកូនសម្លាញ់
ជាកូនសំណព្វចិត្តរបស់យើង។
ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីម
យើងចេះតែនឹកឃើញគេជានិច្ច
យើងខ្លោចចិត្តអាណិតគេ
យើងស្រឡាញ់គេខ្លាំងណាស់»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១«ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើង
ចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរ
នាងព្រហ្មចារីអ៊ីស្រាអែលអើយ
ចូរវិលត្រឡប់មកវិញ
ចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។
២២កូនស្រីដែលបះបោរអើយ
តើនាងនៅតែដើរតែលតោល
ដល់កាលណាទៀត?
ព្រះអម្ចាស់បានធ្វើអោយមានការមួយថ្មី
កើតឡើងនៅលើផែនដីនេះ
គឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។

សម្ពន្ធមេត្រី​ថ្មី

២៣ ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «នៅ​ពេល​ដែល​យើង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ ប្រជាជន​ក្នុង​ស្រុក​យូដា និង​ក្នុង​ក្រុង​ទាំងឡាយ​នឹង​ពោល​ថា:

“អ្នក​ជា​ព្រះដំណាក់​ដ៏​សុចរិត និង​ជា​ភ្នំ​ដ៏វិសុទ្ធ
សូម​ព្រះអម្ចាស់​ប្រទាន​ពរ​អ្នក!”

២៤អ្នក​ស្រែ​ចំការ​ព្រម​ទាំង​អ្នក​ចិញ្ចឹម​សត្វ​នឹង​រស់​នៅ​ជា​មួយ​គ្នា នៅ​តាម​ទីក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។ ២៥ យើង​នឹង​អោយ​ទឹក​ដល់​អ្នក​ដែល​ស្រេក ហើយ​ជួយ​អ្នក​ខ្សោះ​ល្វើយ​អោយ​មាន​កម្លាំង​ឡើង​វិញ»។ ២៦ ពេល​នោះ ខ្ញុំ​ភ្ញាក់​ឡើង​ហើយ​ឃើញ​ថា ខ្ញុំ​ដេក​លក់​យ៉ាង​ស្កប់ស្កល់!

២៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ធ្វើ​អោយ​ទាំង​មនុស្ស​ទាំង​សត្វ កើន​ចំនួន​ច្រើន​ឡើង​នៅ​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា។ ២៨ ពី​មុន​យើង​ធ្លាប់​មក​ រក​ពួក​គេ ដើម្បី​រំលើង​រំលំ​កំទេច និង​បំផ្លាញ​អោយ​វិនាស​យ៉ាង​ណា យើង​នឹង​មក​រក​ពួក​គេ ដើម្បី​សង់ និង​ដាំ​ឡើង​វិញ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ២៩ នៅ​គ្រា​នោះ​គេ​លែង​ពោល​ថា “ឪពុក​បរិភោគ​ក្ដឹប​ទំពាំងបាយជូរ តែ​កូន​បែរ​ជា​ឈឺ​ធ្មេញ”ទៀត​ហើយ ៣០ គឺ​ម្នាក់ៗ​ត្រូវ​ស្លាប់​ព្រោះ​តែ​កំហុស​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ក្ដឹប​ទំពាំងបាយជូរ អ្នក​នោះ​នឹង​ឈឺ​ធ្មេញ»។

៣១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ចង​សម្ពន្ធមេត្រី​ថ្មី​ជា​មួយ​ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា។ ៣២ សម្ពន្ធមេត្រី​ថ្មី​នេះ មិន​ដូច​សម្ពន្ធមេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ នៅ​គ្រា​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ទេ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្ដី​ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធមេត្រី​ របស់​យើង​ដែរ។ ៣៣ ​សម្ពន្ធមេត្រី​ថ្មី​ ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជាជន​អ៊ីស្រាអែល​នៅ​ពេល​ខាង​មុខ​មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់វិន័យ​របស់​យើង​នៅ​ក្នុង​ជំរៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​វិន័យ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ៣៤ គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បង​ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ព្រះអម្ចាស់” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់អោន​អោយ​គេ ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

៣៥ព្រះអម្ចាស់​ដែល​តែងតាំង​ព្រះអាទិត្យ
អោយ​បំភ្លឺ​នៅ​ពេល​ថ្ងៃ
ហើយ​ព្រះច័ន្ទ និង​ហ្វូងតារា
បំភ្លឺ​នៅ​ពេល​យប់​តាម​ពេល​កំណត់
ព្រះអង្គ​ធ្វើ​អោយ​កក្រើក​ទឹក​សមុទ្រ
និង​មាន​រលក​បក់​បោក
ព្រះអង្គ​ដែល​មាន​ព្រះនាម​ថា
“ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល” មាន​ព្រះបន្ទូល​ថា៖
៣៦«ប្រសិន​បើ​ច្បាប់​ធម្មជាតិ​ទាំង​នេះ​លែង​មាន
នោះ​អ៊ីស្រាអែល​ក៏​លែង​មាន​ឈ្មោះ​ជា
ប្រជាជាតិ​នៅ​ចំពោះ​មុខ​យើង
រហូត​ត​ទៅ​ដែរ»
– នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។
៣៧ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖
«ប្រសិន​បើ​គេ​អាច​វាស់​បណ្ដោយ​ផ្ទៃ​មេឃ
និង​ជំរៅ​ផែនដី​បាន
នោះ​យើង​ក៏​បោះ​បង់​ចោល​ពូជពង្ស​អ៊ីស្រាអែល
ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន
ដែល​ពួក​គេ​ប្រព្រឹត្ត​ដែរ»
– នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

៣៨ នៅ​គ្រា​ខាង​មុខ គេ​នឹង​សង់​ទីក្រុង​ឡើង​វិញ​ថ្វាយ​ព្រះអម្ចាស់ គឺ​ចាប់​តាំង​ពី​ប៉ម​ហាណាអែល រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង។ ៣៩ គេ​នឹង​កំណត់​ព្រំប្រទល់​ថ្មី​របស់​ទីក្រុង ចាប់​ពី​កន្លែង​នោះ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ភ្នំ​ការេប រួច​បត់​ឆ្ពោះ​ទៅ​កូអាត។ ៤០ ជ្រលង​ភ្នំ​សាកសព និង​ផេះ​ទាំង​មូល ហើយ​ចន្លោះ​ទាំង​ប៉ុន្មាន​ដែល​លាត​សន្ធឹង​រហូត​ដល់​ជ្រោះ​កេដ្រូន និង​ជ្រុង​ទ្វារ​សេះ​ដែល​នៅ​ខាង​កើត ត្រូវ​ញែក​ថ្វាយ​ព្រះអម្ចាស់។ កន្លែង​ទាំង​នោះ នឹង​មិន​ត្រូវ​គាស់ ឬ​កំទេច​ឡើយ។