ព្យាការីយេរេមី (៣០)

មាតុភូមិនិវត្តន៍
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូចតទៅ: ២ ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖ «ចូរកត់ត្រាទុកក្នុងក្រាំងមួយនូវពាក្យទាំងប៉ុន្មានដែលយើងប្រាប់អ្នក។ ៣ នៅគ្រាខាងមុខ យើងនឹងស្ដារអ៊ីស្រាអែល និងយូដាជាប្រជារាស្ត្ររបស់យើងដែលជាប់ជាឈ្លើយ។ យើងនឹងនាំពួកគេវិលត្រឡប់មកស្រុកដែលយើងបានប្រគល់អោយដូនតារបស់ ពួកគេវិញ ហើយពួកគេនឹងកាន់កាប់ទឹកដីនេះ»។
៤ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីជនជាតិអ៊ីស្រាអែល និងជនជាតិយូដាដូចតទៅ:
៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងឮសំរែកភ័យខ្លាច
ចលាចលកើតមាននៅក្នុងស្រុក
គឺមិនមែនសន្តិភាពទេ!
៦ ចូរស៊ើបសួរ ហើយពិនិត្យមើលចុះ
តើប្រុសៗធ្លាប់មានផ្ទៃពោះឬទេ?
ចុះហេតុដូចម្ដេចបានជាប្រុសៗទាំងអស់
យកដៃឱបពោះរបស់ខ្លួន
ដូចស្ត្រីហៀបនឹងសំរាលកូនដូច្នេះ?
ហេតុអ្វីបានជាផ្ទៃមុខរបស់ពួកគេស្លេកស្លាំង?
៧ វេទនាហើយ! ដ្បិតថ្ងៃនោះជាថ្ងៃដ៏សែនវេទនា
ដែលគ្មានថ្ងៃណាមួយប្រដូចបានឡើយ
គឺជាថ្ងៃដែលកូនចៅរបស់យ៉ាកុប
ត្រូវឈឺចុកចាប់យ៉ាងខ្លាំង។
ប៉ុន្តែ ពួកគេមុខជាបានរួចជីវិត»។
៨ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«នៅថ្ងៃនោះ យើងនឹងបំបាក់នឹមដែលស្ថិតនៅ
លើស្មារបស់ពួកគេ
យើងនឹងផ្ដាច់ចំណងចេញពីពួកគេ
ជនបរទេសនឹងលែងយកពួកគេធ្វើជាខ្ញុំបំរើ
ទៀតហើយ។
៩ ពួកគេនឹងគោរពបំរើព្រះអម្ចាស់
ជាព្រះរបស់ពួកគេ
ហើយគោរពបំរើពូជពង្សរបស់ដាវីឌ
ដែលយើងនឹងតែងតាំងអោយ
គ្រងរាជ្យលើពួកគេ។
១០ កូនចៅយ៉ាកុបជាអ្នកបំរើរបស់យើងអើយ
កុំភ័យខ្លាចអ្វីឡើយ!
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ –
កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម!
យើងនឹងសង្គ្រោះអ្នករាល់គ្នាអោយវិលត្រឡប់
មកពីទឹកដីដ៏ឆ្ងាយវិញ
យើងនឹងសង្គ្រោះពូជពង្សរបស់អ្នករាល់គ្នា
ពីស្រុកដែលគេជាប់ជាឈ្លើយសឹក។
កូនចៅយ៉ាកុបនឹងវិលមកវិញ
គេនឹងរស់នៅយ៉ាងសុខសាន្ត
គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
១១យើងស្ថិតនៅជាមួយអ្នក ដើម្បីសង្គ្រោះអ្នក
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ –
យើងនឹងលុបបំបាត់ប្រជាជាតិនានា
ដែលយើងបានកំចាត់កំចាយអ្នក
អោយទៅនៅក្នុងចំណោមពួកគេ
តែយើងមិនលុបបំបាត់អ្នកឡើយ។
យើងបានដាក់ទោសអ្នកដោយយុត្តិធម៌
យើងមិនអាចចាត់ទុកអ្នកថា គ្មានទោសទេ»។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«របួសរបស់អ្នកមើលមិនជាទេ
ដំបៅរបស់អ្នកក៏មិនអាចសះបានដែរ។
១៣ គ្មាននរណារកយុត្តិធម៌អោយអ្នក
និងរុំរបួសអោយអ្នកទេ
ហើយក៏គ្មានថ្នាំដ៏ស័ក្ដិសិទ្ធិណា
អាចផ្សះរបួសរបស់អ្នកបានដែរ។
១៤គូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកភ្លេចអ្នកហើយ
គ្មាននរណានឹកនាដល់អ្នកទៀតទេ
ដ្បិតយើងបានវាយអ្នកដូចខ្មាំងវាយអ្នក
យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់
ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា
និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
១៥ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរ
ព្រោះមហន្តរាយកើតដល់អ្នក
ធ្វើអោយអ្នកឈឺចាប់ឥតល្ហែ?
យើងធ្វើទោសអ្នកខ្លាំងដូច្នេះ
ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា
និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
១៦ហេតុនេះអស់អ្នកដែលលេបត្របាក់អ្នក
មុខជាត្រូវគេលេបត្របាក់វិញ
បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ
ទាំងអស់គ្នា។
អស់អ្នកដែលកំទេចអ្នក នឹងត្រូវគេកំទេចវិញ
យើងនឹងធ្វើអោយពួកដែលប្លន់អ្នក
ត្រូវគេប្លន់វិញដែរ។
១៧យើងនឹងលើកអ្នកឡើងវិញ
យើងនឹងប្រោសអោយមុខរបួសអ្នក
បានជាសះស្បើយ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។
ពួកគេហៅអ្នកថា
“ក្រុងដែលគេបោះបង់ចោល”
គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
១៨ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖
«យើងនឹងស្ដារពូជពង្សរបស់យ៉ាកុបឡើងវិញ
យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។
គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ
ហើយសង់វិមាននៅកន្លែងដើមវិញដែរ។
១៩ការសរសើរតម្កើង និងសំណើចក្អាកក្អាយ
នឹងលាន់ឮឡើងពីក្នុងចំណោមពួកគេ។
យើងនឹងធ្វើអោយគេកើនចំនួនច្រើនឡើងៗ
គឺគេមិនចុះថយឡើយ។
យើងនឹងលើកតម្កើងពួកគេ
គឺគេមិនទន់ទាបទៀតទេ។
២០កូនចៅរបស់គេនឹងបានដូចពីដើម
សហគមន៍របស់គេនឹងស្ថិតស្ថេរ
នៅចំពោះមុខយើង ហើយយើងនឹង
ដាក់ទោសអស់អ្នកដែលជិះជាន់ពួកគេ។
២១មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ
អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។
យើងនឹងអោយមេដឹកនាំនោះចូលមកជិតយើង
ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើង
ដោយចិត្តឯងឡើយ។
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ –
២២អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង
ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា»។
២៣ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមក
ដូចជាខ្យល់ព្យុះ។
ព្រះពិរោធនេះប្រៀបដូចជាព្យុះសង្ឃរា
បក់នៅលើក្បាលរបស់ពួកទុច្ចរិត។
២៤ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអម្ចាស់
នឹងមិនងាករេចេញឡើយ
ដរាបណាទាល់តែបានសំរេចតាមគំរោងការ
របស់ព្រះអង្គយ៉ាងសុក្រឹតជាមុនសិន។
នៅគ្រាចុងក្រោយ អ្នករាល់គ្នាមុខជាមាន
ប្រាជ្ញាយល់មិនខាន!។