ព្យាការីយេរេមី (២៧)

លោក​យេរេមី​យក​នឹម​មក​ដាក់​លើ​ស្មា
 នៅ​ដើម​រជ្ជកាល​ព្រះបាទ​សេដេខ្យាស​ បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស ជា​ស្ដេច​ស្រុក​យូដា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​ដូច​ត​ទៅ:

​២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ធ្វើ​នឹម និង​វេញ​ខ្សែ​យក​មក​ពាក់​នៅ​លើ​ស្មា​របស់​អ្នក។ បន្ទាប់​មក ចូរ​ផ្ញើ​ខ្សែ និង​នឹម​ទាំង​នោះ​ទៅ​អោយ​ស្ដេច​ស្រុក​អេដុម ស្ដេច​ស្រុក​ម៉ូអាប់ ស្ដេច​ស្រុក​អាំម៉ូន ស្ដេច​ក្រុង​ទីរ៉ុស និង​ស្ដេច​ក្រុង​ស៊ីដូន តាម​រយៈ​ពួក​រាជទូត ដែល​មក​គាល់​សេដេខ្យាស​ជា​ស្ដេច​ស្រុក​យូដា​នៅ​ក្រុង​យេរូសាឡឹម។ ចូរ​ផ្ដាំ​អ្នក​ទាំង​នោះ​អោយ​ទៅ​ប្រាប់​ស្ដេច​របស់​ខ្លួន​ថា: ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​ទៅ​ប្រាប់​ស្ដេច​របស់​អ្នក​រាល់​គ្នា​ថា យើង​បាន​បង្កើត​ផែនដី ព្រម​ទាំង​មនុស្ស និង​សត្វ​ដែល​រស់​នៅ​លើ​ផែនដី ដោយ​មហិទ្ធិឫទ្ធិ និង​បារមី​របស់​យើង។ យើង​ប្រគល់​ផែនដី​នេះ​ទៅ​អោយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​យើង។  ឥឡូវ​នេះ យើង​ប្រគល់​ស្រុក​ទាំង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូកានេសារ ស្ដេច​ស្រុក​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​យើង។ សូម្បី​តែ​សត្វ​ព្រៃ​ទាំងឡាយ ក៏​យើង​ដាក់​អោយ​នៅ​ក្រោម​អំណាច​នេប៊ូកានេសារ​ដែរ។ ប្រជាជាតិ​ទាំង​អស់​នឹង​ នាំ​គ្នា​បំរើ​នេប៊ូកានេសារ ព្រម​ទាំង​កូន និង​ចៅ​របស់​គេ រហូត​ដល់​ពេល​កំណត់ ដែល​ស្រុក​របស់​នេប៊ូកានេសារ​ត្រូវ​ប្រជាជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ធ្វើ​ជា​ចំណុះ។ ប្រសិន​បើ​មាន​ប្រជាជាតិ​ ណា​មួយ​មិន​ព្រម​បំរើ​នេប៊ូកានេសារ ជា​ស្ដេច​ស្រុក​បាប៊ីឡូន គឺ​ប្រសិន​បើ​គេ​មិន​ព្រម​ស្ថិត​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ីឡូន​ទេ​នោះ យើង​នឹង​ដាក់​ទោស​ប្រជាជាតិ​នោះ អោយ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ រហូត​ទាល់​តែ​យើង​ប្រហារ​ពួក​គេ​អោយ​វិនាសសូន្យ ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូកានេសារ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

 រីឯ​អ្នក​ រាល់​គ្នា​វិញ ពេល​ព្យាការី គ្រូ​ទាយ គ្រូ​កាត់​សប្ដិ គ្រូ​ហោរ និង​គ្រូ​ធ្មប់​របស់​អ្នក​រាល់​គ្នា​ប្រាប់​ថា “កុំ​ចុះ​ចូល​នឹង​ស្ដេច​នេ​ប៊ូកានេសារ!” នោះ​មិន​ត្រូវ​ស្ដាប់​ពាក្យ​របស់​គេ​ឡើយ ១០ ដ្បិត​ពួក​គេ​ទាយ​កុហក ធ្វើ​អោយ​អ្នក​រាល់​គ្នា​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន គឺ​អោយ​យើង​កំចាត់កំចាយ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស។ ១១ ផ្ទុយ​ទៅ​វិញ បើ​ប្រជាជាតិ​ណា​សុខ​ចិត្ត​នៅ​ក្រោម​នឹម និង​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន យើង​នឹង​អោយ​ប្រជាជាតិ​នោះ​បាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ធ្វើ​ស្រែ​ចំការ និង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

១២ ខ្ញុំ​ ក៏​បាន​នាំ​ពាក្យ​ទាំង​នេះ ទៅ​ទូល​ព្រះបាទ​សេដេខ្យាស ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: សូម​ព្រះករុណា និង​ប្រជាជន​ដាក់​ខ្លួន​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ីឡូន សូម​បំរើ​ស្ដេច និង​ប្រជារាស្ត្រ​នោះ​ទៅ ទើប​ព្រះករុណា និង​ប្រជាជន​យូដា​បាន​រួច​ជីវិត។ ១៣ មិន​គួរ​អោយ​ព្រះករុណា និង​ប្រជាជន​ត្រូវ​បាត់​បង់​ជីវិត​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក អំពី​ប្រជាជាតិ​ដែល​ពុំ​ព្រម​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន​នោះ​ឡើយ។ ១៤ សូម​កុំ​ស្ដាប់​ពាក្យ​ របស់​ពួក​ព្យាការី​ដែល​ពោល​ថា “អ្នក​រាល់​គ្នា​នឹង​មិន​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន​ទេ” ដ្បិត​ពាក្យ​ដែល​គេ​ថ្លែង​នោះ​មិន​ពិត​ឡើយ។ ១៥ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា: យើង​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​អោយ​មក​ទេ ពួក​គេ​បាន​យក​ឈ្មោះ​យើង​មក​ប្រើ ដើម្បី​ថ្លែង​ពាក្យ​កុហក ធ្វើ​អោយ​យើង​កំចាត់កំចាយ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​ព្យាការី ដែល​ថ្លែង​ពាក្យ​ក្លែងក្លាយ​ប្រាប់​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​ ពុំខាន។

១៦ ខ្ញុំ​បាន​ប្រាប់​ក្រុម​បូជាចារ្យ និង​ប្រជាជន​ទាំង​មូល​ដូច​ត​ទៅ: ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ព្យាការី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកាស​ថា “សម្ភារៈ​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ នឹង​ត្រូវ​គេ​នាំ​យក​ពី​ស្រុក​បាប៊ីឡូន​មក​វិញ​ក្នុង​ពេល​ឆាប់ៗ!”​ កុំ​ស្ដាប់​ពាក្យ​គេ​អោយ​សោះ ដ្បិត​សេចក្ដី​ដែល​គេ​ថ្លែង​នោះ​មិន​ពិត​ទេ។ ១៧ កុំ​ស្ដាប់​ព្យាការី​ ទាំង​នោះ​ឡើយ ចូរ​នាំ​គ្នា​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន​វិញ ទើប​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត។ កុំ​បណ្ដោយ​អោយ​ក្រុង​នេះ​វិនាស​ឡើយ។ ១៨ ប្រសិន​បើ​អ្នក​ទាំង​នោះ​ពិត​ជា​ព្យាការី ហើយ​ប្រសិន​បើ​ព្រះអម្ចាស់​ពិត​ជា​មាន​ព្រះបន្ទូល​តាម​រយៈ​ពួក​គេ​មែន ចូរ​អោយ​ពួក​គេ​ទូលអង្វរ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល សូម​អោយ​សម្ភារៈ​ដែល​នៅ​សេសសល់​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ក្នុង​ដំណាក់​របស់​ស្ដេច​ស្រុក​យូដា និង​ក្នុង​ក្រុង​យេរូសាឡឹម បាន​គង់វង្ស គឺ​កុំ​អោយ​គេ​ដឹក​យក​ទៅ​ក្រុង​បាប៊ីឡូន​ឡើយ។ ១៩ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​អំពី​សសរ​អាង​ធំ និង​ដែក​កំណល់ ព្រម​ទាំង​របស់​ឯ​ទៀតៗ​ដែល​នៅ​សេសសល់​ក្នុង​ក្រុង​នេះ ២០ គឺ​របស់​ដែល​ព្រះចៅ​ នេប៊ូកានេសារ​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​ពុំ​បាន​យក​ទៅ​ជា​មួយ នៅ​ពេល​ស្ដេច​ចាប់​ព្រះបាទ​កូនីយ៉ា បុត្រ​របស់​ព្រះបាទ​យ៉ូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​អ្នក​ធំ​នៅ​ក្រុង​យេរូសាឡឹម និង​នៅ​ស្រុក​យូដា​យក​ពី​ក្រុង​យេរូសាឡឹម ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន។ ២១ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ស្ដី​អំពី​សម្ភារៈ​ដែល​នៅ​សល់​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​របស់​នៅ​ក្នុង​ដំណាក់​ស្ដេច ព្រម​ទាំង​របស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​ថា: ២២ គេ​នឹង​ដឹក​ជញ្ជូន​របស់ ​ទាំង​នោះ​ទៅ​ស្រុក​បាប៊ីឡូន រួច​ទុក​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​ដែល​យើង​នឹង​មក ហើយ​នាំ​យក​ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។