ព្យាការីយេរេមី (២៥)

ស្រុក​បាប៊ីឡូន​នឹង​ធ្វើ​ជា​មហា​អំណាច​ចិតសិប​ឆ្នាំ
 នេះ​ជា​សេចក្ដី​ដែល​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី ស្ដី​អំពី​ជន​ជាតិ​យូដា​ទាំង​មូល នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូយ៉ាគីម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូកានេសារ​ជា​ស្ដេច​ស្រុក​ បាប៊ីឡូន។  លោក​​យេរេមី​ប្រកាស​ព្រះបន្ទូល​នេះ​ដល់​អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​ដូច​ត​ទៅ:

 ចាប់​ពី​ឆ្នាំ ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូស្យាស​បុត្រ​របស់​ព្រះ​បាទ​អាំម៉ូន​ជា​ស្ដេច​ស្រុក​យូដា មក​ទល់​ថ្ងៃ​នេះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​បាន​ម្ភៃ​បី​ ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​នាំ​ព្រះបន្ទូល​នេះ​មក​ប្រាប់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​ទេ។  ព្រះអម្ចាស់​ បាន​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​ត្រងត្រាប់​ស្ដាប់​ឡើយ។ លោក​ទាំង​នោះ​ប្រកាស​ ព្រះបន្ទូ​ល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​ទុច្ចរិត ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​នៅ​ក្នុង​ទឹក​ដី ដែល​ព្រះអម្ចាស់​ប្រទាន​អោយ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត។ កុំ​រត់​តាម​ព្រះ​ឯ​ទៀតៗ​ ដើម្បី​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ឡើយ។ បើ​អ្នក​រាល់​គ្នា​លែង​បញ្ឆេះ​កំហឹង​របស់​យើង​ដោយ​សូន​រូប​ព្រះ​ទេ​នោះ យើង​ក៏​មិន​ធ្វើ​ទោស​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​ទេ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ – គឺ​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង​ដោយ​សូន​រូប​ព្រះ ជា​ហេតុ​បណ្ដាល​អោយ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។  ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​ថា: ដោយ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​យើង​ទេ​នោះ  យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ ប្រជាជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូកានេសារ​ស្ដេច​ស្រុក​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​យើង​អោយ​មក -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​អោយ​វាយ​លុក​ស្រុក​នេះ និង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ​ថ្វាយ​ផ្ដាច់​ដល់​យើង ហើយ​ធ្វើ​អោយ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ ពេល​មនុស្សម្នា​ឃើញ​មហន្តរាយ​ដែល​កើត​មាន​គេ​ស្រឡាំងកាំង​គ្រប់ៗ​គ្នា។ ១០ យើង​នឹង​ធ្វើ​អោយ​សំរែក ​ក្អាកក្អាយ ព្រម​ទាំង​ចំរៀង​របាំ​ដ៏​សប្បាយ និង​បទ​ចំរៀង​អាពាហ៍ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​លែង​ឮ​ក្នុង​ចំណោម​ពួក​គេ ហើយ​សំឡេង​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។ ១១ ស្រុក​នេះ​ទាំង​មូល​នឹង ​ត្រូវ​អន្តរាយ វិនាស​ហិនហោច ហើយ​ប្រជាជាតិ​ទាំង​នោះ​នឹង​ទៅ​ជា​ចំណុះ​ស្ដេច​ស្រុក​បាប៊ីឡូន អស់​រយៈ​ពេល​ចិតសិប​ឆ្នាំ។ ១២ លុះ​រយៈ​ពេល​ចិតសិប​ ឆ្នាំ​កន្លង​ផុត​ទៅ យើង​នឹង​ដាក់​ទោស​ស្ដេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​ប្រជាជាតិ​នេះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ -យើង​នឹង​ធ្វើ​អោយ​ស្រុក​ខាល់ដេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ១៣ យើង​នឹង​ធ្វើ​អោយ​ស្រុក ​នេះ​រង​ទុក្ខ​ទោស តាម​សេចក្ដី​ដែល​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ ដូច​មាន​ចែង​ទុក​ក្នុង​ក្រាំង​នេះ ហើយ​ដែល​យេរេមី​ថ្លែង​ប្រឆាំង​នឹង​ប្រជាជាតិ​ទាំង​អស់។ ១៤ យើង​ក៏​អោយ​ប្រជាជាតិ​ ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ស្រុក​បាប៊ីឡូន​នេះ​ធ្វើ​ជា​ចំណុះ។ យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​តាម​ស្នាដៃ​ដែល​គេ​បាន​សូន​ធ្វើ»។

ព្រះអម្ចាស់​ដាក់​ទោស​នគរ​ទាំង​អស់​នៅ​លើ​ផែនដី
១៥ ព្រះអម្ចាស់​ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ពែង​នេះ ដែល​ពេញ​ដោយ​ស្រា​នៃ​កំហឹង​ពី​ដៃ​របស់​យើង ទៅ​បង្អក​ប្រជាជាតិ​ទាំង​អស់ ដែល​យើង​ចាត់​អ្នក​អោយ​ទៅ​រក។ ១៦ ចូរ​អោយ​ពួក​គេ​ផឹក ហើយ​ធីងធោង វង្វេង​ស្មារតី ដោយ​ឃើញ​ដាវ​ដែល​យើង​ចាត់​អោយ​ទៅ​ប្រហារ​ពួក​គេ»។

១៧ ខ្ញុំ​ទទួល​យក​ពែង​ពី​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ហើយ​បង្អក​ប្រជាជាតិ​ទាំង​អស់ ដែល​ព្រះអង្គ​ចាត់​ខ្ញុំ​អោយ​ទៅ​រក​នោះ ១៨ គឺ​ក្រុង​យេរូសាឡឹម និង​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​យូដា ទាំង​ស្ដេច​ទាំង​មន្ត្រី ដើម្បី​អោយ​ស្រុក​នេះ​វិនាស​សូន្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​មនុស្សម្នា​ឃើញ​គេ​ស្រឡាំងកាំង ហើយ​ប្រើ​ឈ្មោះ​ស្រុក​នេះ​ដាក់​បណ្ដាសា​គ្នា។ នេះ​ជា​សភាពការណ៍​ដែល​កើត​មាន​សព្វ​ថ្ងៃ។

​១៩ ខ្ញុំ​ក៏​បង្អក​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​នាម៉ឺន មន្ត្រី និង​ប្រជាជន​ទាំង​មូល​របស់​ស្ដេច​នោះ ២០ ប្រជាជន​ភាគ​តិច​នៅ​ ស្រុក​អេស៊ីប។ ស្ដេច​ទាំង​អស់​នៅ​ស្រុក​អ៊ូស ស្ដេច​ទាំង​អស់​នៅ​ស្រុក​ភីលីស្ទីន គឺ​ស្ដេច​នៅ​ក្រុង​អាស្កាឡូន ក្រុង​កាសា ក្រុង​អេក្រូន និង​ក្រុង​អាស្តូដ​ដែល​នៅ​សេសសល់។ ២១ ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ជន​ជាតិ​អាំម៉ូន។ ២២ ស្ដេច​ទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្ដេច​ទាំង​អស់​នៅ​ក្រុង​ស៊ីដូន និង​ស្ដេច​ទាំងឡាយ​នៅ​តាម​កោះ​ដែល​នៅ​ខាង​នាយ​សមុទ្រ។ ២៣ ស្រុក​ដេដាន់ ស្រុក​តេម៉ា ស្រុក​ប៊ូស និង​ប្រជាជន​ទាំង​ប៉ុន្មាន​ដែល​កោរ​ជើង​សក់។ ២៤ ស្ដេច​ទាំង​អស់​នៃ​ស្រុក​អារ៉ាប់ ស្ដេច​របស់​ប្រជាជន​ភាគ​តិច​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​តាម​វាល​រហោស្ថាន។ ២៥ ស្ដេច​ទាំង​អស់​របស់​ស្រុក​ស៊ីមរី ស្ដេច​ទាំង​អស់​របស់​ស្រុក​អេឡាំ និង​ស្ដេច​ទាំង​អស់​របស់​ស្រុក​ម៉ែដ ២៦ ស្ដេច​ទាំង​អស់​នៅ​ ស្រុក​ខាង​ជើង ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ក្ដី ឥត​មាន​ខ្វះ​នរណា​ឡើយ ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​លើ​ផែនដី គឺ​អស់​អ្នក​ដែល​រស់​ក្នុង​លោក​នេះ​ទាំង​មូល។ នៅ​ទី​បំផុត ស្ដេច​ក្រុង​សេសាក់ នឹង​សោយ​ស្រា​ពី​ពែង​នេះ​ក្រោយ​គេ​បង្អស់។

២៧ «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា ចូរ​ផឹក​អោយ​ស្រវឹង​រហូត​ដល់​ក្អួត។ ពេល​ឃើញ​ដាវ​ដែល​យើង​ចាត់​អោយ​មក​ប្រហារ​អ្នក​រាល់​គ្នា​អ្នក​រាល់​គ្នា​នឹង ​ដួល ក្រោក​ពុំ​រួច​ឡើយ!” ២៨ ប្រសិន​បើ​ពួក​គេ​ពុំ​ព្រម​ទទួល​ពែង​ពី​ដៃ​អ្នក​យក​ទៅ​ផឹក​ទេ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា ត្រូវ​តែ​ផឹក! ត្រូវ​តែ​ផឹក! ២៩ ដ្បិត​យើង​នឹង​ធ្វើ​អោយ ​គ្រោះ​កាច​កើត​មាន​ចាប់​ពី​ទីក្រុង​របស់​យើង​ផ្ទាល់។ អ្នក​រាល់​គ្នា​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ យើង​មិន​អត់អោន​អោយ​អ្នក​រាល់​គ្នា​ទេ យើង​នឹង​ប្រើ​គេ​អោយ​ទៅ​ប្រហារ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ដោយ​មុខ​ដាវ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល”។

៣០ រីឯអ្នកវិញ ចូរនាំពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេថា:
“ព្រះអម្ចាស់គំរាមពីលើមេឃមក
ព្រះអង្គបន្លឺព្រះសូរសៀងពីព្រះដំណាក់ដ៏វិសុទ្ធ
ព្រះអង្គគំរាមកំហែងមកលើទឹកដីរបស់ព្រះអង្គ
ព្រះអង្គស្រែកដាក់ទោស
ប្រជាជននៅលើផែនដីទាំងមូល
ដូចគេស្រែកហ៊ោ
នៅពេលគាបផ្លែទំពាំងបាយជូរ។
៣១ព្រះសូរសៀងរបស់ព្រះអង្គលាន់ឮ
រហូតដល់ចុងផែនដី
ដ្បិតព្រះអម្ចាស់មានសំណុំរឿងចោទប្រកាន់
ប្រជាជាតិទាំងអស់
ព្រះអង្គកាត់ក្ដីមនុស្សលោកទាំងមូល។
ព្រះអង្គប្រគល់មនុស្សមានទោស
ទៅអោយគេប្រហារដោយមុខដាវ”»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣២ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល
ទៀតថា គ្រោះកាចនឹងឆ្លងពីប្រជាជាតិមួយ
ទៅប្រជាជាតិមួយទៀត។
ព្យុះសង្ឃរាមួយនឹងបក់បោកមកពី
ទីដាច់ស្រយាលនៃផែនដី។
៣៣នៅថ្ងៃនោះសាកសពរបស់អស់អ្នកដែលព្រះអម្ចាស់ ប្រហារនឹងស្ថិតនៅពាសពេញលើផែនដី គ្មាននរណាកាន់ទុក្ខ គ្មាននរណាប្រមូលសពពួកគេយកទៅបញ្ចុះឡើយ គឺសាកសពពួកគេនឹងក្លាយទៅជាជីនៅលើដី។
៣៤ពួកគង្វាលអើយ
ចូរស្រែកអោយអស់ទំហឹងទៅ!
អ្នកដឹកនាំហ្វូងចៀមអើយ ចូរននៀលនៅលើដី
ដ្បិតថ្ងៃដែលត្រូវពិឃាតអ្នករាល់គ្នា
មកដល់ហើយ
ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងថូដ៏មានតម្លៃ
ដែលធ្លាក់បែក។
៣៥គ្មានជំរកសំរាប់ពួកគង្វាលទៀតទេ!
គ្មានកន្លែងពួន សំរាប់អ្នកដឹកនាំ
ហ្វូងចៀមទៀតឡើយ!
៣៦សំឡេងយំសោករបស់ពួកគង្វាល
និងសំរែករបស់អ្នកដឹកនាំហ្វូងចៀម
បានលាន់ឮឡើង
ដ្បិតព្រះអម្ចាស់កំទេចវាលស្មៅរបស់ពួកគេ។
៣៧ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអម្ចាស់
ធ្វើអោយក្រោលដែលធ្លាប់តែសុខសាន្ត
ក្លាយទៅជាទីស្ងាត់ជ្រងំ។
៣៨ព្រះអង្គបោះបង់ចោលស្រុករបស់ព្រះអង្គ
ដូចសិង្ហបោះបង់ចោលរូងរបស់វា
ដ្បិតព្រះអម្ចាស់បានកំទេចស្រុកនេះ
អោយវិនាសអន្តរាយ
ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ
ឥតត្រាប្រណីឡើយ។