ព្យាការីយេរេមី (២២)

 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​ដូច​ត​ទៅ៖ «ចូរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា ហើយ​ប្រកាស​ពាក្យ​ទាំង​នេះ​ថា: បពិត្រ​ព្រះ​មហាក្សត្រ​ ស្រុក​យូដា ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ ព្រម​ទាំង​មន្ត្រី និង​ប្រជាជន​ដែល​ចូល​តាម​ទ្វារ​នេះ សូម​ព្រះករុណា និង​អស់​លោក​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់!  ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា: ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន។ មិន​ត្រូវ​ធ្វើ​បាប​ជន​អន្តោប្រវេសន៍ ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា និង​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា ​ប្រព្រឹត្ត​តាម​ពាក្យ​នេះ ស្ដេច​ទាំងឡាយ​ដែល​គ្រង​រាជ្យ​ត​ពី​ស្ដេច​ដាវីឌ នឹង​ជិះ​រទេះ ជិះ​សេះ​ចូល​តាម​ទ្វារ​វាំង​នេះ​ជា​មួយ​ពួក​មន្ត្រី និង​ប្រជាជន​ត​ទៅ​មុខ​ទៀត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​នេះ​ទេ យើង​សូម​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា វាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់»។

៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ទោះបីយើងចាត់ទុកវាំងរបស់ស្ដេចស្រុកយូដា
ថាស្អាតដូចព្រៃនៅស្រុកកាឡាដ
និងដូចកំពូលភ្នំលីបង់ក៏ដោយ
យើងនឹងធ្វើអោយវាំងនេះក្លាយទៅជា
វាលរហោស្ថាន
ជាកន្លែងដែលគ្មាននរណារស់នៅ។
៧ យើងនឹងចាត់មនុស្សអោយមកបំផ្លាញវាំងនេះ
គេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃ
បោះទៅក្នុងភ្លើង។
៨ ប្រជាជាតិជាច្រើនដែលនឹងដើរជិតទីក្រុង
មុខជាសួរគ្នាថា “ហេតុអ្វីបានជាព្រះអម្ចាស់
ដាក់ទោសទីក្រុងដ៏ធំនេះដូច្នេះ?”
៩ គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់
សម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន
ហើយបែរទៅក្រាបថ្វាយបង្គំ
និងគោរពបំរើព្រះដទៃ”»។

ព្រះបន្ទូលស្ដីអំពីស្ដេចសាលូម
១០កុំយំស្រណោះស្ដេចយ៉ូស្យាសដែល
សោយទិវង្គតទៅនោះឡើយ
កុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀត
ផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូម
ដែលនឹងចាកចេញទៅ
ដ្បិតទ្រង់នឹងមិនវិលត្រឡប់មកវិញឡើយ
ហើយទ្រង់ក៏នឹងមិនឃើញស្រុកកំណើត
ទៀតដែរ។
១១ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្ដេចសាលូម
ជាបុត្ររបស់ស្ដេចយ៉ូស្យាស
ដែលស្នងរាជ្យបិតានៅស្រុកយូដា
ហើយដែលចាកចេញពីទីនេះទៅ ថា
ទ្រង់នឹងមិនវិលត្រឡប់មកវិញទេ
១២ទ្រង់នឹងសុគតនៅក្នុងស្រុកដែល
ទ្រង់ត្រូវគេកៀរយកទៅជាឈ្លើយ
ដោយឥតបានឃើញស្រុកនេះវិញឡើយ។

ព្រះបន្ទូលចំពោះស្ដេចយ៉ូយ៉ាគីម
១៣«យ៉ូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន!
ដ្បិតអ្នកសង់វាំង
តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត
អ្នកសង់បន្ទប់នៅជាន់ខាងលើ
តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌
អ្នកប្រើប្រជារាស្ត្រអោយធ្វើការ
តែមិនអោយប្រាក់ឈ្នួលទេ។
១៤អ្នកពោលថា “យើងនឹងសង់ដំណាក់មួយ
ដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសំរាប់យើង”។
អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃ
ហើយលាបពណ៌ក្រហម។
១៥តើអ្នកចង់ពង្រឹងរាជសម្បត្តិ
ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ?
បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក
ដូចអ្នកឯទៀតៗដែរ
តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត
និងយុត្តិធម៌
ហេតុនេះហើយបានជាបិតារបស់អ្នក
បានប្រកបដោយសេចក្ដីសុខសាន្ត។
១៦បិតារបស់អ្នករកយុត្តិធម៌អោយជនទុគ៌ត
និងជនក្រីក្រ
ហេតុនេះហើយបានជាស្រុកទេស
មានសេចក្ដីសុខសាន្ត។
ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។
១៧រីឯអ្នកវិញ អ្នកគិតតែពីស្វែងរក
ប្រយោជន៍ផ្ទាល់ខ្លួន។
អ្នកបង្ហូរឈាមជនស្លូតត្រង់
និងជិះជាន់ប្រជារាស្ត្រយ៉ាងព្រៃផ្សៃ»។
១៨ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូល
ស្ដីអំពីស្ដេចយ៉ូយ៉ាគីម ជាបុត្ររបស់
ព្រះបាទយ៉ូស្យាស និងជាស្ដេចស្រុកយូដាថា៖
«ពេលយ៉ូយ៉ាគីមស្លាប់
នឹងគ្មាននរណាយំរៀបរាប់
ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!”
ហើយក៏គ្មាននរណាយំសោក ដោយពោលថា
“ព្រះករុណាជាម្ចាស់អើយ ម្ដេចក៏វេទនាម៉្លេះ!”
១៩គេនឹងអូសសាកសពយ៉ូយ៉ាគីមចេញពី
ក្រុងយេរូសាឡឹម យកទៅកប់ដូចខ្មោចលា»។

ភាពអាម៉ាស់របស់ក្រុងយេរូសាឡឹម
២០«យេរូសាឡឹមអើយ
ចូរឡើងទៅភ្នំលីបង់ ហើយស្រែកយំចុះ!
ចូរទៅយំសោកនៅខ្ពង់រាបបាសាន!
ចូរទៅស្រែកពីលើភ្នំអាបារីម!
ដ្បិតគូស្នេហ៍របស់អ្នក
បានវិនាសហិនហោចអស់ហើយ។
២១ពេលស្រុកសុខសាន្ត
យើងបាននិយាយជាមួយអ្នក
តែអ្នកមិនព្រមស្ដាប់ទេ។
អ្នកតែងប្រកាន់ឫកពាដូច្នេះតាំងពីក្មេងមក
គឺអ្នកមិនព្រមស្ដាប់យើងឡើយ។
២២ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នក
ទៅបាត់អស់ គូស្នេហ៍របស់អ្នក
នឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។
ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខ
ព្រោះតែអំពើទុច្ចរិតរបស់អ្នក។
២៣អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់
និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។
ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ
រមួលខ្លួន ដូចស្ត្រីសំរាលកូន!»។

ព្រះបន្ទូល​សំរាប់​ស្ដេច​កូនីយ៉ា
២៤ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់ ទៅ​កាន់​ព្រះបាទ​កូនីយ៉ា បុត្រ​របស់​ស្ដេច​យ៉ូយ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ទោះ​បី​អ្នក​ប្រៀប​បាន​នឹង​ត្រា​ដែល​យើង​ពាក់​នៅ​ដៃ​ស្ដាំ​ក្ដី ក៏​យើង​ត្រូវ​ដក​អ្នក​ចេញ​ដែរ។ ២៥ យើង​នឹង​ប្រគល់​អ្នក​ទៅ ​អោយ​ពួក​ដែល​ចង់​ប្រហារ​ជីវិត​អ្នក។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ដែល​ធ្វើ​អោយ​អ្នក​ញ័រ​ រន្ធត់ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូកានេសារ ជា​ស្ដេច​ស្រុក​បាប៊ីឡូន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ។ ២៦ យើង​នឹង​បោះ​បង់​ចោល​ អ្នក ព្រម​ទាំង​ម្ដាយ​ដែល​បាន​បង្កើត​អ្នក។ អ្នក​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក។ ២៧ អ្នក​ប្រាថ្នា​ចង់​វិល​មក​ស្រុក​កំណើត​វិញ​ណាស់ តែ​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ឡើយ»។

២៨ តើ​ ព្រះបាទ​កូនីយ៉ា​ក្លាយ​ទៅ​ជា​មនុស្ស​គួរ​អោយ​មាក់ងាយ ដូច​ថូ​កំបែក​ដែល​គេ​បោះ​ចោល គ្មាន​នរណា​ចង់​បាន​ឬ? ហេតុ​អ្វី​បាន​ជា​ស្ដេច​នេះ និង​ព្រះរាជវង្ស​ត្រូវ​ព្រះអម្ចាស់​បោះ​បង់​ចោល ហើយ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ នៅ​ក្នុង​ស្រុក​មួយ​ដែល​គេ​ពុំ​ធ្លាប់​ស្គាល់?២៩ ឱ​មាតុភូមិ ឱ​មាតុភូមិ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ៣០ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ចូរ​ចាត់​ទុក​បុរស​នេះ​ដូច​មនុស្ស​គ្មាន​កូន​ត​ពូជ និង​ដូច​មនុស្ស​ធ្វើ​អ្វី​ពុំ​បាន​សំរេច​នៅ​ក្នុង​ជីវិត ដ្បិត​ក្នុង​ចំណោម​ពូជពង្ស​របស់​គេ​នឹង​គ្មាន​នរណា​ម្នាក់​ស្នង​រាជ្យ​របស់​ ដាវីឌ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គ្រប់គ្រង​លើ​ស្រុក​យូដា​ដែរ»។