ព្យាការីយេរេមី (២១)

ព្រះបន្ទូល​សំរាប់​ស្ដេច​សេដេខ្យាស
 នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ ឆ្លើយ​តប​មក​ព្រះបាទ​សេដេខ្យាស តាម​រយៈ​លោក​យេរេមី។ ព្រះបាទ​សេដេខ្យាស​បាន​ចាត់​លោក​ប៉ាសួរ ជា​កូន​របស់​លោក​ម៉ាល់គីយ៉ា និង​លោក​បូជាចារ្យ​សេផានី​ជា​កូន​របស់​លោក​ម៉ាសេយ៉ា អោយ​មក​សួរ​លោក​យេរេមី​ថា “ចូរ​សួរ​ព្រះអម្ចាស់​អោយ​យើង​ផង ដ្បិត​ព្រះចៅ​នេប៊ូកានេសារ​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​ទ័ព​មក​ច្បាំង​ជា​មួយ​យើង។ ប្រហែល​ជា​ព្រះអម្ចាស់​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ ដើម្បី​ជួយ​យើង​ដោយ​ធ្វើ​អោយ​ព្រះចៅ​នេប៊ូកានេសារ ​ដក​ទ័ព​ថយ​ចេញ​ឆ្ងាយ​ពី​យើង”។

 លោក​យេរេមី​តប​ទៅ​លោក​ទាំង​ពីរ​វិញ​ថា៖ «សូម​លោក​ទូល​ព្រះបាទ​សេដេខ្យាស​ដូច​ត​ទៅ: ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ថា: “មើល៍! ពល​ទាហាន​របស់​អ្នក​រាល់​គ្នា​កំពុង​តែ​ច្បាំង​តទល់​នឹង​ស្ដេច​ស្រុក​ បាប៊ីឡូន ព្រម​ទាំង​ជន​ជាតិ​ខាល់ដេ​ដែល​កំពុង​តែ​ឡោមព័ទ្ធ​កំពែង​ក្រុង​ពី​ខាង​ក្រៅ។ យើង​នឹង​ធ្វើ​អោយ​ទាហាន​ទាំង​នោះ​ដក​ខ្លួន​ថយ​ចូល​មក​ក្នុង​ទីក្រុង​វិញ។ យើង​នឹង​ប្រើ​ឫទ្ធានុភាព​របស់​យើង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​ផ្ទាល់​ដៃ តាម​កំហឹង​ដ៏​ខ្លាំងក្លា​បំផុត​របស់​យើង។ យើង​នឹង​ប្រហារ​ទាំង​មនុស្ស ទាំង​សត្វ​នៅ​ក្រុង​នេះ​អោយ​ស្លាប់ ដោយ​ជំងឺ​អាសន្នរោគ​យ៉ាង​សាហាវ​បំផុត។  បន្ទាប់​មក​ទៀត យើង​នឹង​ប្រគល់​សេដេខ្យាស​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ពួក​មន្ត្រី ប្រជាជន និង​អ្នក​ក្រុង​ដែល​នៅ​សេសសល់​ពី​ស្លាប់​ដោយសារ​ជំងឺ​អាសន្នរោគ មុខ​ដាវ និង​ទុរ្ភិក្ស ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូកានេសារ ជា​ស្ដេច​ស្រុក​បាប៊ីឡូន ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ ស្ដេច​បាប៊ីឡូន​នឹង​ប្រហារ​ជីវិត​ពួក​គេ​ដោយ​មុខ​ដាវ ឥត​អាសូរ ឥត​ត្រា​ប្រណី និង​អាណិត​មេត្តា​ឡើយ” -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់»។

 «ចំណែក​ឯ​ប្រជាជន​នោះ​វិញ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា យើង​មាន​ផ្លូវ​ពីរ​អោយ​អ្នក​រាល់​គ្នា​ជ្រើស​រើស គឺ​ផ្លូវ​នៃ​ជីវិត និង​ផ្លូវ​នៃ​សេចក្ដី​ស្លាប់។ អ្នក​ណា​ទ្រាំ​រស់​នៅ​ ក្នុង​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ។ រីឯ​អ្នក​ចេញ​ទៅ​ចុះ​ចូល​នឹង​ជន​ជាតិ​ខាល់ដេ​ដែល​ឡោមព័ទ្ធ​ទីក្រុង នឹង​បាន​រួច​ជីវិត។ ១០ យើង​ងាក​មក​រក​ក្រុង​ នេះ​ដើម្បី​ដាក់​ទោស គឺ​មិន​មែន​អោយ​ពរ​ទេ។ យើង​នឹង​ប្រគល់​ទីក្រុង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ស្ដេច​នោះ​នឹង​ដុត​កំទេច​ទីក្រុង”» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

១១ «ចូរប្រកាសប្រាប់ញាតិវង្សរបស់ស្ដេចស្រុកយូដាដូចតទៅ:
សូមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
១២ព្រះរាជវង្សរបស់ស្ដេចដាវីឌអើយ!
ព្រះអម្ចាស់មានព្រះបន្ទូលថា:
“ចូរនាំគ្នារកយុត្តិធម៌តាំងពីព្រលឹម។
ចូរដោះលែងអស់អ្នកដែលត្រូវគេ
ជិះជាន់សង្កត់សង្កិន។
បើអ្នករាល់គ្នាមិនលះបង់អំពើអាក្រក់ទេនោះ
កំហឹងរបស់យើងផ្ទុះឡើងដូចភ្លើង
ឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បាន។
១៣អស់អ្នកដែលរស់នៅត្រង់ដីទំនាប
និងនៅត្រង់ថ្មរាបអើយ
យើងប្រឆាំងនឹងអ្នករាល់គ្នាហើយ!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ –
គឺយើងប្រឆាំងនឹងអ្នករាល់គ្នាដែលពោលថា
តើនរណាអាចចុះមកវាយពួកយើង
តើនរណាអាចចូលមកក្នុងទីតាំងរបស់យើង?
១៤យើងនឹងដាក់ទោសអ្នករាល់គ្នា
តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត
យើងនឹងដុតព្រៃរបស់អ្នករាល់គ្នា
អោយឆេះរាលដាលជុំវិញអ្នករាល់គ្នា”
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។