ព្យាការីយេរេមី (២០)

លោក​យេរេមីនិង​បូជាចារ្យ​ប៉ាសួរ
១ ពេល​លោក​បូជាចារ្យ​ ប៉ាសួរ ជា​កូន​របស់​លោក​អ៊ីមែរនិង​ជា​អនុរក្ស​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ បាន​ឮ​លោក​យេរេមី​ថ្លែង​ព្រះបន្ទូល​ទាំង​នេះ គាត់​ទះ​កំផ្លៀង​លោក​យេរេមីរួច​បញ្ជា​អោយ​គេ​ដាក់​ច្រវាក់​លោក នៅ​ទ្វារ​បេនយ៉ា​មីន​ផ្នែក​ខាង​លើ ជាប់​នឹង​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ នៅ​ថ្ងៃ​បន្ទាប់​លោក​ប៉ាសួរ​មក​ស្រាយ​លោក​យេរេមីលោក​យេរេមី​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះអម្ចាស់​មិន​ហៅ​លោក​ថា “ប៉ាសួរ”​ទៀត​ទេ គឺ​ព្រះអង្គ​នឹង​ហៅ​លោក​ថា “ម៉ាកូរ-មីស្សាប៊ីប”​វិញ  ដ្បិត​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​អោយ​ការ​ព្រឺ​ខ្លាច​កើត​មាន​ដល់​អ្នក និង​មិត្តភក្ដិ​របស់​អ្នក។ មិត្តភក្ដិ​ទាំង​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង នៅ​ក្រោម​ក្រសែភ្នែក​របស់​អ្នក។ យើង​នឹង​ប្រគល់​ជន​ជាតិ​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ដែរ ស្ដេច​នោះ​នឹង​កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។ យើង​នឹង​ប្រគល់​ស្បៀង​ អាហារ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​នេះ ព្រម​ទាំង​សម្បត្តិ​ទ្រព្យ​ដែល​ជា​ផល​នៃ​ការងារ​របស់​គេ និង​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ​ទៅ​អោយ​ខ្មាំង។ យើង​នឹង​ប្រគល់​រាជទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ពួក​គេ​នឹង​រឹប​អូស​យក​ជា​ជយភ័ណ្ឌ ហើយ​ដឹក​ជញ្ជូន​ទៅ​ស្រុក​បាប៊ីឡូន។ រីឯ​អ្នក​វិញ ប៉ាសួរ​អើយ អ្នក​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​ នៅ​បាប៊ីឡូន ហើយ​អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ។ គេ​នឹង​បញ្ចុះ​សព​អ្នក ព្រម​ទាំង​សព​មិត្តភក្ដិ​ទាំង​អស់ ដែល​អ្នក​បាន​ថ្លែង​ព្រះបន្ទូល​ក្លែងក្លាយ​ប្រាប់​ពួក​គេ”»។

លោកយេរេមីត្អូញត្អែរដាក់ព្រះអម្ចាស់
៧ បពិត្រព្រះអម្ចាស់!
ព្រះអង្គបានលួងលោមទូលបង្គំ
ហើយទូលបង្គំក៏យល់ព្រមតាម
ព្រះអង្គបានបង្ខំទូលបង្គំ
ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។
រៀងរាល់ថ្ងៃប្រជាជនទាំងអស់នាំគ្នា
សើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។
៨ គ្រប់ពេលដែលទូលបង្គំនិយាយ
ទូលបង្គំស្រែកប្រកាសតែអំពីការឃោរឃៅ
និងមហន្តរាយ។
ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់
ពួកគេត្មះតិះដៀល និងសើចចំអក
អោយទូលបង្គំ តាំងពីព្រលឹមទល់ព្រលប់។
៩ ប្រសិនបើទូលបង្គំសំរេចចិត្តថា
ឈប់នឹកនាពីព្រះបន្ទូល
ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ
ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន
ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង
ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង
តែវាមិនព្រមរលត់ទេ។
១០ទូលបង្គំឮមហាជននិយាយមួលបង្កាច់ទូលបង្គំ
ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង
ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។
សូម្បីមិត្តសម្លាញ់ជិតដិតរបស់ទូលបង្គំ
ក៏ចាំតែចាប់កំហុសទូលបង្គំដែរ។
គេនិយាយគ្នាថា
“បើយើងលួងលោមបញ្ឆោតគាត់
យើងនឹងចាប់គាត់បាន
ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។
១១ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយទូលបង្គំ
ព្រះអង្គចាំជួយទូលបង្គំ ដូចវីរបុរសដ៏អង់អាច
ហេតុនេះអស់អ្នកដែលបៀតបៀនទូលបង្គំ
មុខជាដួល ហើយមិនអាចឈ្នះទូលបង្គំបាន។
ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង
ព្រោះធ្វើអ្វីទូលបង្គំមិនកើត
ពួកគេនឹងបាក់មុខរហូតតទៅឥតភ្លេចឡើយ។
១២ព្រះអម្ចាស់នៃពិភពទាំងមូលស្ទង់មើល
ចិត្តគំនិតរបស់មនុស្សសុចរិត
ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់គេ។
ទូលបង្គំនឹងឃើញព្រះអង្គសងសឹកពួកគេ
ជំនួសទូលបង្គំ
ដ្បិតទូលបង្គំផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។
១៣សូមច្រៀងថ្វាយព្រះអម្ចាស់!
សូមសរសើរតម្កើងព្រះអម្ចាស់!
ដ្បិតព្រះអង្គរំដោះជីវិតមនុស្សទុគ៌ត
អោយរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
១៤សូមអោយថ្ងៃកំណើតរបស់ទូលបង្គំ
ត្រូវបណ្ដាសា!
សូមកុំអោយមាននរណាចាត់ទុកថ្ងៃដែលម្ដាយ
របស់ទូលបង្គំបង្កើតទូលបង្គំមកនោះ
ថាជាថ្ងៃប្រកបដោយព្រះពរឡើយ!
១៥រីឯអ្នកដែលបាននាំដំណឹងទៅជំរាប
ឪពុកទូលបង្គំ ថា “អ្នកមានកូនប្រុសមួយ”
ហើយធ្វើអោយឪពុកទូលបង្គំ
រីករាយយ៉ាងខ្លាំង
សូមអោយអ្នកនោះត្រូវបណ្ដាសា!
១៦សូមអោយអ្នកនោះបានដូចក្រុងនានា
ដែលព្រះអម្ចាស់រំលាយ ដោយឥតនឹកស្ដាយ!
ពេលព្រឹកសូមអោយអ្នកនោះឮសំរែក
ប្រកាសភាពអាសន្ន
ហើយនៅថ្ងៃត្រង់ ឮសំរែកខ្មាំងមកដល់!
១៧ប្រសិនបើព្រះអង្គទុកអោយទូលបង្គំស្លាប់
មុនពេលទូលបង្គំកើតមកនោះប្រសើរជាង។
ម្ដាយរបស់ទូលបង្គំនឹងក្លាយទៅជា
ផ្នូររបស់ទូលបង្គំ
ហើយទូលបង្គំនឹងស្ថិតនៅក្នុងផ្ទៃម្ដាយ
រហូតតទៅ។
១៨ហេតុអ្វីបានជាទូលបង្គំចេញពីផ្ទៃម្ដាយ
ដើម្បីឃើញតែទុក្ខវេទនា និងការឈឺចាប់
ហើយត្រូវអាម៉ាស់អស់មួយជីវិតដូច្នេះ?