ព្យាការីយេរេមី (០២)

ប្រជាជនអ៊ីស្រាអែលក្បត់ព្រះអម្ចាស់
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ
ដូចតទៅ៖
២ ចូរទៅស្រែកប្រកាសប្រាប់
អ្នកក្រុងយេរូសាឡឹមថា
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
«យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក
កាលអ្នកទើបនឹងពេញក្រមុំ
ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក
ពេលទើបនឹងរៀបការ
គឺគ្រាដែលអ្នកបំរើយើងនៅវាលរហោស្ថាន
ជាកន្លែងដែលគ្មានអ្វីដុះ។
៣ នៅគ្រានោះ ព្រះអម្ចាស់បានញែកជនជាតិ
អ៊ីស្រាអែលទុកសំរាប់ព្រះអង្គ
ជាផលផ្លែដំបូងរបស់ព្រះអង្គ
អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស
ហើយរងទុក្ខវេទនាទៀតផង
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប
អ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល
ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
៥ ព្រះអម្ចាស់មានព្រះបន្ទូលថា:
តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស
ត្រង់ណា បានជាពួកគេឃ្លាតចាកពីយើង
ហើយបែរទៅគោរពព្រះឥតបានការ
ដែលបណ្ដាលអោយខ្លួនទៅជាឥតបានការ
ដូច្នេះ ដែរ?
៦ ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា?
គឺព្រះដែលបាននាំពួកយើងចាកចេញពី
ស្រុកអេស៊ីប
ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន
ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង
ជាវាលហួតហែង ជាទីស្មសាន
ជាកន្លែងដែលគ្មាននរណាឆ្លងកាត់
គ្មានមនុស្សណារស់នៅបាន។
៧ យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុក
ដែលមានដំណាំដាំដុះ
ដើម្បីអោយអ្នករាល់គ្នាបរិភោគ
ផ្លែឈើដែលមានរសជាតិ។
ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់
អ្នករាល់គ្នាធ្វើអោយស្រុករបស់យើង
ទៅជាសៅហ្មង
អ្នករាល់គ្នាធ្វើអោយទឹកដីដែលជាមត៌ក
របស់យើងក្លាយជាកន្លែងគួរអោយស្អប់ខ្ពើម។
៨ ក្រុមបូជាចារ្យពុំដែលសួរថា
“ព្រះអម្ចាស់នៅឯណា?”
គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។
មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង
ពួកព្យាការីនិយាយក្នុងនាមព្រះបាល
ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយ
ដែលពុំអាចជួយពួកគេបានឡើយ។
៩ ហេតុនេះហើយបានជាយើងឡើងក្ដី
នឹងអ្នករាល់គ្នា
ព្រមទាំងកូនចៅរបស់អ្នករាល់គ្នា។
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១០ ចូរទៅកោះគីទីមដែលនៅដាច់ស្រយាល
ហើយសង្កេតមើលចុះ
ចូរចាត់មនុស្សអោយទៅស្រុកកេដារ
ហើយស៊ើបសួរអោយបានហ្មត់ចត់ថា
តើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូច
អ្នករាល់គ្នាឬទេ?
១១តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរ
ព្រះរបស់ខ្លួនឬទេ?
(តាមពិត ព្រះទាំងនោះពុំមែនជាព្រះពិតប្រាកដទេ)។
រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរ
ព្រះដែលផ្ដល់អោយគេមានសិរីរុងរឿង
ហើយបែរជានាំគ្នាគោរពព្រះដែល
ឥតបានការទៅវិញ។
១២ផ្ទៃមេឃអើយ! ចូរតក់ស្លុត
ចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ!
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង
គឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរ
បែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះ
មិនអាចទុកទឹកបាននោះទៅវិញ។
១៤តើអ៊ីស្រាអែលជាទាសករដែលគេទិញមក
ឬជាទាសករដែលកើតក្នុងផ្ទះ
បានជាសាសន៍ដទៃនាំគ្នាវាយដណ្ដើម
ពួកគេដូច្នេះ?
១៥ពួកគេគ្រហឹមដាក់អ៊ីស្រាអែលដូចសិង្ហគ្រហឹម
ពួកគេស្រែកគំរាម និងបំផ្លាញស្រុក
អោយវិនាសហិនហោច
ពួកគេដុតក្រុងទាំងឡាយ
ហើយគ្មាននរណារស់ក្នុងក្រុងនោះទៀតទេ។
១៦សូម្បីតែជនជាតិណូប និងជនជាតិតាហាពេនេស
ក៏នាំគ្នាកោរសក់អ៊ីស្រាអែល
នាំយកទៅជាឈ្លើយដែរ។
១៧អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់
ព្រះអម្ចាស់ជាព្រះរបស់អ្នក
ក្នុងពេលដែលព្រះអង្គកំពុងដឹកនាំអ្នក។
១៨ឥឡូវនេះ តើមានអ្វីទាក់ទាញអ្នកអោយទៅ
ស្រុកអេស៊ីប ទៅរកផឹកទឹកទន្លេនីលឬ?
តើមានអ្វីទាក់ទាញអ្នកអោយទៅស្រុកអាស្ស៊ីរី
ទៅរកផឹកទឹកទន្លេអឺប្រាតឬ?
១៩ចូរអោយអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក
ចូរអោយអំពើក្បត់របស់អ្នកផ្ដន្ទាអ្នក។
ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់
និងការមិនគោរពកោតខ្លាចព្រះអម្ចាស់
ជាព្រះរបស់អ្នក
នាំអោយអ្នករងទុក្ខវេទនាដ៏ជូរចត់។
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។

អ៊ីស្រាអែលក្បត់ព្រះជាម្ចាស់
២០តាំងពីយូរយារណាស់មកហើយ
អ្នកបានបះបោរប្រឆាំងនឹងយើង
ព្រមទាំងផ្ដាច់ចំណងមេត្រីពីយើង។
អ្នកបានពោលថា:
“ខ្ញុំមិនចង់ធ្វើជាទាសករទៀតទេ!”។
អ្នកបានផិតក្បត់យើង
ទៅថ្វាយបង្គំព្រះនានានៅតាមកំពូលភ្នំ
និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
២១យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹង
ទំពាំងបាយជូរមួយដើមដ៏ល្អប្រណីត
គឺដើមទំពាំងបាយជូរសុទ្ធ
ចុះហេតុដូចម្ដេចបានជាអ្នកប្រែជា
ដើមទំពាំងបាយជូរក្លាយ
ដែលគ្មានផ្លែល្អទៅវិញដូច្នេះ?
២២ទោះបីអ្នកយកមេសាប៊ូដ៏ច្រើន
មកលាងសំអាត និងជំរះខ្លួនក្ដី
ក៏កំហុសរបស់អ្នកនៅជាប់ដូចក្អែលកាន់
ចំពោះមុខយើងជានិច្ច
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
២៣ហេតុអ្វីបានជាអ្នកហ៊ានពោលថា:
“ខ្ញុំមិនបានធ្វើអោយខ្លួនសៅហ្មងទេ
ខ្ញុំក៏មិនបានរត់តាមព្រះបាលដែរ”។
មើលចុះ ដានជើងរបស់អ្នកនៅតាមជ្រលងភ្នំ
ចូរទទួលស្គាល់អំពើដែលអ្នកប្រព្រឹត្ត
អ្នកប្រៀបបាននឹងអូដ្ឋញីដែលរត់ឆ្វេចឆ្វាច។
២៤អ្នកប្រៀបបាននឹងលាញីព្រៃ
ដែលធ្លាប់តែរស់នៅតាមវាលរហោស្ថាន
ត្រូវតណ្ហាជំរុញអោយរត់ទៅគ្រប់ទីកន្លែង
គ្មាននរណាអាចទប់បានឡើយ។
លាឈ្មោលដែលចង់បានវា
មិនបាច់ខំប្រឹងរត់ទៅណាឆ្ងាយទេ
គឺនៅពេលណាតណ្ហាពុះកញ្ជ្រោល
លាឈ្មោលអាចរកវាឃើញយ៉ាងងាយស្រួល។
២៥យើងបានប្រាប់អ្នកអោយប្រុងប្រយ័ត្នខ្លួន
បើប្រឹងរត់ដូច្នេះ ក្រែងមុតជើង
ហើយស្ងួតបំពង់ក!
ប៉ុន្តែ អ្នកតបវិញថា “មិនបាច់ហាមប្រាមខ្ញុំទេ
ខ្ញុំស្រឡាញ់ព្រះឯទៀតៗ
ហើយខ្ញុំត្រូវតែរត់ទៅតាមព្រះទាំងនោះ”។
២៦ជនជាតិអ៊ីស្រាអែល ទាំងស្ដេច ទាំងនាម៉ឺន
ទាំងបូជាចារ្យ ទាំងព្យាការី
នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់
ក្នុងពេលកំពុងតែលួច។
២៧គេពោលទៅកាន់រូបធ្វើពីឈើថា
“ព្រះអង្គជាព្រះបិតារបស់ខ្ញុំ!”
ហើយពោលទៅកាន់រូបធ្វើពីថ្មថា
“ព្រះអង្គបានអោយកំណើតខ្ញុំ!”។
ពួកគេបានងាកមុខចេញពីយើង
ហើយបែរខ្នងដាក់យើងវិញ
តែពេលណាមានទុក្ខ ពួកគេពោលមកយើងថា
“សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។
២៨ជនជាតិយូដាអើយ ចុះព្រះដែលអ្នកបាន
សូនធ្វើនោះ ទៅណាបាត់អស់ហើយ?
ប្រសិនបើព្រះទាំងនោះជួយសង្គ្រោះអ្នកបាន
នៅពេលអ្នកមានទុក្ខ
ម្ដេចក៏មិនហៅព្រះទាំងនោះទៅ?
ដ្បិតអ្នកមានព្រះច្រើនដូចទីក្រុងដែរ!
២៩ហេតុអ្វីបានជាអ្នករាល់គ្នារករឿង
យើងដូច្នេះ?
អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងយើង
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣០ យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នា
តែគ្មានផលប្រយោជន៍អ្វីសោះ
ដ្បិតពួកគេមិនព្រមរាងចាលទេ
អ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវ
គឺអ្នករាល់គ្នាបានប្រហារពួកព្យាការី*
របស់អ្នករាល់គ្នា។
៣១(សូមអោយអ្នកនៅជំនាន់នេះយក
ព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅពិចារណាចុះ!)
អ៊ីស្រាអែលអើយ តើយើងប្រៀបបាននឹង
វាលរហោស្ថាន ឬស្រុកដ៏ងងឹត
សំរាប់អ្នករាល់គ្នាឬ?
ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា
“យើងជាមនុស្សមានសេរីភាព
យើងមិនចង់វិលទៅរកព្រះអង្គវិញទេ!”។
៣២មិនដែលមានស្ត្រីក្រមុំណា
ភ្លេចគ្រឿងអលង្ការរបស់ខ្លួន
ហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេច
ខ្សែក្រវាត់មាសរបស់ខ្លួនដែរ។
រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើង
តាំងពីយូរលង់ណាស់មកហើយ។
៣៣អ្នកប្រសប់ស្វែងរកសង្សារណាស់
ដោយអ្នកធ្លាប់ប្រព្រឹត្តអំពើអាក្រក់ពេក
អ្នកលែងយល់ថា
អំពើនោះជាអំពើអាក្រក់ទៀតហើយ។
៣៤អាវរបស់អ្នកប្រឡាក់ទៅដោយឈាម
របស់ជនក្រីក្រ
គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ
ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។
៣៥ទោះជាយ៉ាងនេះក្ដី អ្នកហ៊ានពោលថា
“ខ្ញុំគ្មានកំហុសអ្វីសោះ
ព្រះអង្គមុខជាមិនព្រះពិរោធនឹងខ្ញុំទេ”។
ដោយអ្នកពោលថា ខ្លួនពុំបានធ្វើអ្វីខុសទេនោះ
យើងនឹងនាំអ្នកទៅតុលាការ។
៣៦ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះ
ស្រុកអេស៊ីបនឹងធ្វើអោយអ្នកខកចិត្ត ដូច
ស្រុកអាស្ស៊ីរីធ្លាប់ធ្វើអោយអ្នកខកចិត្តដែរ។
៣៧អ្នកនឹងចេញពីស្រុកនោះមកវិញ
ទាំងដើរទូលដៃលើក្បាល
ដ្បិតព្រះអម្ចាស់មិនយល់ស្របអោយ
អ្នកទៅរកពឹងផ្អែកប្រជាជាតិនោះទេ
ពួកគេពុំអាចជួយអ្នកបានឡើយ»។