ព្យាការីយេរេមី (១៨)

ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមី​​​ដូច​ត​ទៅ៖ ២ «ចូរ​ក្រោក​ឡើង ទៅ​ផ្ទះ​របស់​ជាង​ស្មូន។ នៅ​ទី​នោះ អ្នក​នឹង​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​អោយ​ដឹង»។

 ខ្ញុំ​ក៏​ទៅ​ផ្ទះ​របស់​ជាង​ស្មូន ឃើញ​គាត់​កំពុង​សិត​ថូ​មួយ​នៅ​លើ​ឈើ​ក្រឡឹង។ ពេល​ណា​ជាង​ស្មូន​ឃើញ​ថូ​ដែល​គាត់​កំពុង​សូន​នៅ​ក្នុង​ដៃ​មិន​ល្អ គាត់​ក៏​យក​ដី​ឥដ្ឋ​មក​ធ្វើ​ថូ​មួយ​ផ្សេង​ទៀត​ដែល​គាប់​ចិត្ត​គាត់។ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖  «កូន​ចៅ​អ៊ីស្រាអែល​អើយ! យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ជាង​ស្មូន​នេះ​ដែរ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ – អ្នក​រាល់​គ្នា​នៅ​ក្នុង​ដៃ​យើង ដូច​ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន។  ជួន​កាល យើង​សំរេច​ថា រំលើង និង​រំលំ​ប្រជាជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​អោយ​វិនាស។ ប្រសិន​បើ​ប្រជាជាតិ​ណា​ មួយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​នាំ​អោយ​យើង​សំរេច​ចិត្ត​ដាក់​ទោស​គេ ហើយ​គេ​បែរ​ជា​លះបង់​អំពើ​អាក្រក់​នោះ យើង​នឹង​មិន​ធ្វើ​ទោស​ពួក​គេ តាម​ការ​សំរេច​របស់​យើង​ទេ។  ជួន​កាល​យើង​សំរេច​ថា កសាង និង​បណ្ដុះបណ្ដាល​ប្រជាជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឡើង។ ១០ ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ​របស់​យើង ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ទាស់​ចិត្ត​យើង នោះ​យើង​នឹង​លែង​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គេ តាម​ការ​សំរេច​របស់​យើង។ ១១ ឥឡូវ​នេះ យេរេមី​អើយ ចូរ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​កំពុង​រៀបចំ​គំរោងការ​ដាក់​ទោស​អ្នក​រាល់​គ្នា គឺ​យើង​នឹង​នាំ​គ្រោះ​កាច​មួយ​មក​លើ​អ្នក​រាល់​គ្នា។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​កែ​ប្រែ​កិរិយាមារយាទ​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត!”។

១២ ប៉ុន្តែ ពួក​គេ​ពោល​ថា: “មិន​បាច់​និយាយ​ទៀត​ទេ! យើង​នឹង​ធ្វើ​តាម​គំរោងការ​របស់​យើង ហើយ​យើង​នឹង​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​របស់​យើង​ត​ទៅ​មុខ​ទៀត!”»។

អ៊ីស្រាអែលបំភ្លេចព្រះអម្ចាស់របស់ខ្លួន
១៣ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ចូរសាកសួរក្នុងចំណោមប្រជាជាតិនានាមើល
តើមាននរណាដែលឮរឿងដូច្នេះទេ?
គឺអ៊ីស្រាអែល ដែលប្រៀបដូចជាស្រីព្រហ្មចារី
បានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត!
១៤គ្មាននរណាបោះបង់ចោលទឹកដែលហូរចេញ
មកពីថ្មដា និងពីទឹកកកនៅស្រុកលីបង់ទេ
គ្មាននរណាលែងរវីរវល់នឹងទឹកដ៏ត្រជាក់
ដែលហូរមកពីឆ្ងាយនោះដែរ។
១៥ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើងបានបំភ្លេចយើង
គេនាំគ្នាថ្វាយគ្រឿងសក្ការបូជា
ដល់ព្រះក្លែងក្លាយ
ដែលបណ្ដាលអោយពួកគេជំពប់ដួល
នៅតាមផ្លូវដែលពួកគេធ្លាប់ដើរ
ហើយធ្វើអោយពួកគេងាកចេញពីផ្លូវរបស់ខ្លួន
ទៅដើរតាមផ្លូវដែលមិនទាន់ត្រួសត្រាយ។
១៦ពួកគេបានបំផ្លាញស្រុករបស់ខ្លួន
អោយក្លាយទៅជាទីស្មសាន
ដែលធ្វើអោយមនុស្សម្នាស្រឡាំងកាំង។
អស់អ្នកដើរកាត់តាមនោះនាំគ្នាព្រឺសម្បុរ
ហើយគ្រវីក្បាល។
១៧ពេលសត្រូវមកដល់ យើងនឹងធ្វើអោយ
ប្រជារាស្ត្ររបស់យើងខ្ចាត់ខ្ចាយ
ដូចខ្យល់បក់ពីទិសខាងកើតផាត់ធូលីដីដែរ។
នៅថ្ងៃមហន្តរាយយើងនឹងបែរខ្នងដាក់ពួកគេ
គឺយើងមិនបែរមុខទៅរកពួកគេឡើយ»។

ការឃុបឃិតប្រឆាំងនឹងលោកយេរេមី
១៨ ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមី! ដ្បិតយើងមិនខ្វះបូជាចារ្យ*សំរាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសំរាប់ផ្ដល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សំរាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
១៩ឱព្រះអម្ចាស់អើយ សូមកុំព្រងើយកន្តើយ
នឹងទូលបង្គំឡើយ
សូមស្ដាប់ពាក្យអ្នកដែលចោទប្រកាន់ទូលបង្គំ!
២០ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់
តបនឹងអំពើល្អទេ។
រីឯពួកគេវិញ ពួកគេដាក់អន្ទាក់
ចាំដកជីវិតរបស់ទូលបង្គំ
សូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរ
នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ
ដើម្បីទូលអង្វរសំរាប់ពួកគេ
សូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។
២១ហេតុនេះសូមព្រះអង្គបណ្ដាលអោយកូនចៅ
របស់គេជួបនឹងទុរ្ភិក្ស
សូមអោយពួកគេវិនាសដោយមុខដាវ
សូមអោយប្រពន្ធរបស់ពួកគេបាត់បង់កូនចៅ
និងក្លាយទៅជាស្ត្រីមេម៉ាយ
ព្រោះប្ដីរបស់គេស្លាប់។
សូមអោយពួកយុវជនរបស់ពួកគេ
ស្លាប់ដោយមុខដាវក្នុងពេលធ្វើសឹកសង្គ្រាម។
២២សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេ
សូមអោយមានឮសំរែកឈឺចាប់
ចេញពីផ្ទះរបស់គេ
ដ្បិតអ្នកទាំងនោះបានជីករណ្ដៅ
និងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។
២៣ឱព្រះអម្ចាស់អើយ
ព្រះអង្គជ្រាបនូវការឃុបឃិតទាំងប៉ុន្មាន
ដែលគេចង់ប្រហារជីវិតទូលបង្គំ។
សូមកុំអត់ទោសអោយពួកគេ
សូមកុំលុបអំពើបាបរបស់ពួកគេចេញពី
ព្រះភក្ត្ររបស់ព្រះអង្គឡើយ!
សូមអោយពួកគេជំពប់ដួលនៅមុខព្រះអង្គ
សូមដាក់ទោសពួកគេ
តាមព្រះពិរោធរបស់ព្រះអង្គ។