ព្យាការីយេរេមី (១៧)

ព្រះអម្ចាស់ប្រកាសអំពើបាបរបស់ជនជាតិយូដា
១ «អំពើបាបរបស់ជនជាតិយូដា
មានចារឹកទុកដូចអក្សរចារឹក
លើថ្ម ដោយដែកដែលមានត្បូងពេជ្រ
នៅខាងចុង។
អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ
និងនៅលើជ្រុងអាសនៈរបស់ពួកគេ។
២ ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ
អាសនៈរបស់ពួកគេ
ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះអាសេរ៉ា
នៅក្បែរដើមឈើដ៏ខៀវខ្ចី
ដែលស្ថិតនៅលើកំពូលភ្នំ។
៣ ជនជាតិយូដាអើយ ដោយអ្នកចូលចិត្ត
គោរពព្រះក្លែងក្លាយ នៅលើភ្នំរបស់យើង
យើងនឹងអោយខ្មាំងសត្រូវរឹបអូសយក
ទ្រព្យសម្បត្តិ និងធនធានទាំងប៉ុន្មានរបស់អ្នក
ពួកគេនឹងកំទេចកន្លែងសក្ការៈរបស់អ្នក
ដែលស្ថិតនៅតាមទួលខ្ពស់ៗ
ព្រោះអ្នកបានប្រព្រឹត្តអំពីបាប
នៅពាសពេញលើទឹកដីនេះ។
៤ អ្នកនឹងប្រគល់ស្រុកដែលយើងបានចែក
អោយអ្នកទៅសាសន៍ដទៃ។
យើងនឹងអោយអ្នកក្លាយទៅជាទាសករ
របស់ខ្មាំងក្នុងស្រុកមួយដែលអ្នកពុំស្គាល់
ដ្បិតអ្នករាល់គ្នាបានបញ្ឆេះកំហឹងរបស់យើង
ហើយភ្លើងនៃកំហឹងនេះនឹងឆេះរហូតតទៅ»។
៥ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា
ជនណាផ្ញើជីវិតលើមនុស្ស
ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍
ដោយបែរចិត្តចេញពីព្រះអម្ចាស់
ជននោះមុខជាត្រូវបណ្ដាសាពុំខាន!
៦ គេប្រៀបបាននឹងដើមឈើក្រិន
នៅតាមព្រៃល្បោះ
គេពុំអាចជួបនឹងសុភមង្គលឡើយ។
គេរស់នៅតាមកន្លែងក្ដៅហួតហែង
ក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះ
និងគ្មានមនុស្សនៅ។
៧ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់
និងយកព្រះអង្គធ្វើជាបង្អែក
ពិតជាទទួលព្រះពរមិនខាន!
៨ អ្នកនោះប្រៀបបាននឹងដើមឈើ
ដុះនៅក្បែរផ្លូវទឹក
ដែលមានឫសចាក់ទៅរកទឹកហូរ
វាមិនខ្លាចកំដៅ
ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។
នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ
គឺវានៅតែបង្កើតផ្លែផ្កាដដែល។
៩ ចិត្តរបស់មនុស្សតែងតែវៀចវេរ
មិនអាចកែតម្រង់បានឡើយ
ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។
១០ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងឈ្វេងយល់ជំរៅចិត្តរបស់មនុស្ស
យើងមើលធ្លុះអាថ៌កំបាំងរបស់គេ
ដូច្នេះ យើងនឹងតបស្នងអោយមនុស្សម្នាក់ៗ
តាមកិរិយាមារយាទរបស់ខ្លួន
និង តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
១១អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌
ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។
នៅពេលពាក់កណ្ដាលអាយុ
ទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅ
ហើយនៅទីបញ្ចប់
គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ។
១២ទីសក្ការៈរបស់យើងជាបល្ល័ង្កមួយដ៏រុងរឿង
តាំងពីដើមដំបូងរៀងមក។
១៣ឱព្រះអម្ចាស់អើយ
ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល!
អស់អ្នកដែលបោះបង់ចោលព្រះអង្គ
នឹងត្រូវអាម៉ាស់
អស់អ្នកដែលងាកចេញពីព្រះអង្គ
នឹងត្រូវវិនាសទៅជាធូលីដី
ដ្បិតពួកគេបានបោះបង់ចោលព្រះអម្ចាស់
ដែលជាប្រភពទឹកផ្ដល់ជីវិត។

លោកយេរេមីទូលសូមព្រះអម្ចាស់ជួយ
១៤ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំអោយជា
នោះទូលបង្គំនឹងបានជា
សូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិត
ដ្បិតព្រះអង្គតែងប្រោសប្រទានអោយ
ទូលបង្គំសរសើរតម្កើងព្រះអង្គ!
១៥ពួកគេពោលមកទូលបង្គំថា:
“តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅឯណា
ចូរអោយព្រះបន្ទូលនោះសំរេចជារូបរាងចុះ!”
១៦ចំណែកឯទូលបង្គំវិញ ទូលបង្គំពុំបានទទូចសូម
ព្រះអង្គដាក់ទោសពួកគេជាប្រញាប់ទេ។
ព្រះអង្គជ្រាបស្រាប់ហើយថា
ទូលបង្គំមិនចង់ឃើញថ្ងៃអន្តរាយនោះ
កើតមានចំពោះពួកគេឡើយ។
ព្រះអង្គជ្រាបនូវពាក្យសំដី
របស់ទូលបង្គំច្បាស់ណាស់។
១៧សូមកុំបំភ័យទូលបង្គំឡើយ
ដ្បិតព្រះអង្គជាជំរករបស់ទូលបង្គំ
នៅថ្ងៃដែលទូលបង្គំជួបទុក្ខលំបាក។
១៨សូមអោយអស់អ្នកដែលបៀតបៀនទូលបង្គំ
ត្រូវអាម៉ាស់
តែកុំអោយទូលបង្គំត្រូវអាម៉ាស់ឡើយ!
សូមអោយពួកគេញ័ររន្ធត់
តែកុំអោយទូលបង្គំញ័ររន្ធត់ឡើយ!
សូមអោយថ្ងៃលំបាកវេទនាធ្លាក់មកលើពួកគេ
សូមប្រហារពួកគេអោយវិនាសអន្តរាយទៅ!

ការ​គោរព​ថ្ងៃ​សប្ប័ទ
១៩ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ឈរ​នៅ​មាត់ “ទ្វារ​ប្រជាជន” ជា​ទ្វារ​ដែល​ស្ដេច​ស្រុក​យូដា​តែងតែ​ចេញ​ចូល និង​ទ្វារ​ទាំង​ប៉ុន្មាន​ទៀត​នៅ​ក្រុង​យេរូសាឡឹម។ ២០ ចូរ​ប្រកាស​ប្រាប់​ពួក​គេ​ថា: “ព្រះមហាក្សត្រ និង​ប្រជាជន​យូដា​ទាំង​មូល ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​អស់ ដែល​ចេញ​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ២១ ព្រះ​អម្ចាស់​ មាន​ព្រះបន្ទូល​ថា: ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន! កុំ​លី​សែង​អ្វី​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ហើយ​ក៏​កុំ​យក​របស់​ទាំង​នោះ​ឆ្លង​កាត់​ទ្វារ​ក្រុង​យេរូសាឡឹម​ដែរ។ ២២ កុំ​លី​សែង​អ្វី​ចេញ​ពី ​ផ្ទះ​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​សប្ប័ទ គឺ​កុំ​ធ្វើ​ការ​អ្វី​ទាំង​អស់។ ត្រូវ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សំរាប់​យើង ដូច​យើង​បាន​បង្គាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ២៣ តែ​ពួក​គេ​ពុំ​បាន​ត្រងត្រាប់​ស្ដាប់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹងរូស មិន​ព្រម​ស្ដាប់ មិន​ព្រម​ទទួល​មេរៀន​សោះ។ ២៤ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ទៀត​ថា: រីឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យើង មិន​លី​សែង​អ្វី​កាត់​តាម​ទ្វារ​ក្រុង​នេះ ហើយ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សំរាប់​យើង ដោយ​មិន​ធ្វើ​ការ​អ្វី​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ទេ ២៥ ស្ដេច​ទាំងឡាយ​ដែល​ស្នង ​រាជ្យ​ដាវីឌ​នឹង​ជិះ​រទេះ ជិះ​សេះ​កាត់​ទ្វារ​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត ដោយ​មាន​មេ​ដឹក​នាំ ព្រម​ទាំង​ប្រជាជន​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ហែហម ហើយ​នឹង​មាន​មនុស្ស​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​ត​ទៅ​មុខ​ទៀត។ ២៦ ប្រជាជន​នឹង​នាំ​គ្នា​ មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា តំបន់​ជិត​ខាង​ក្រុង​យេរូសាឡឹម ស្រុក​បេនយ៉ាមីន ស្រុក​ដែល​នៅ​ខាង​លិច​ជើង​ភ្នំ ព្រម​ទាំង​តំបន់​ភ្នំ និង​តំបន់​ណេកិប ដើម្បី​នាំ​យក​តង្វាយ​ដុត​ទាំង​មូល​យញ្ញបូជា តង្វាយ​ផ្សេងៗ និង​គ្រឿង​ក្រអូប​មក​ថ្វាយ ដើម្បី​អរ​ព្រះគុណ​ព្រះអម្ចាស់នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ។ ២៧ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សំរាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូសាឡឹម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​ធ្វើ​អោយ​មាន​ភ្លើង​ឆេះ​កំទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូសាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ”»។