ព្យាការីយេរេមី (១៦)

លោក​យេរេមី​នៅ​ឯកោ
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២ «អ្នក​មិន​ត្រូវ​យក​ភរិយា ហើយ​បង្កើត​កូន​ប្រុស​ស្រី​នៅ​ក្នុង​ស្រុក​នេះ​ឡើយ  ដ្បិត​យើង​ប្រកាស​ដំណឹង​អំពី​ក្មេង​ប្រុស​ស្រី​ដែល​នឹង​កើត​នៅ​ស្រុក​នេះ ហើយ​អំពី​ឪពុក​ម្ដាយ​ដែល​បង្កើត​ពួក​គេ​ថា: គេ​ទាំង​អស់​គ្នា​នឹង​ ស្លាប់​យ៉ាង​សែន​វេទនា តែ​គ្មាន​នរណា​ធ្វើ​បុណ្យ ឬ​បញ្ចុះ​សព​ពួក​គេ​ទេ។ សាកសព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី។ ពួក​គេ​នឹង​ស្លាប់​ដោយសារ​មុខ​ដាវ និង​ទុរ្ភិក្ស ហើយ​សាកសព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​ត្មាត និង​ចចក»។

 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​ដែល​មាន​គេ​កាន់​ទុក្ខ កុំ​ចូល​រួម​ក្នុង​ពិធី​បញ្ចុះ​សព ហើយ​កុំ​ជួយ​រំលែក​ទុក្ខ​នរណា​អោយ​សោះ ដ្បិត​យើង​ដក​សេចក្ដី​សុខ សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត​មេត្តា​របស់​យើង​ចេញ​ពី​ប្រជារាស្ត្រ​នេះ​ហើយ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។  អ្នក​ស្រុក​នេះ​នឹង​ត្រូវ ​ស្លាប់​ទាំង​អស់​គ្នា គឺ​ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច​ដោយ​គ្មាន​នរណា​បញ្ចុះ​សព និង​យំ​សោក ហើយ​គ្មាន​នរណា​ឆូត​សាច់ ឬ​កោរ​សក់​កាន់​ទុក្ខ​ទេ។ គ្មាន​នរណា​កាច់​នំបុ័ង​ ចែក​ដល់​គ្រួសារ​ដែល​កាន់​ទុក្ខ ហើយ​ក៏​គ្មាន​នរណា​លើក​ពែង​ជូន​គេ ដើម្បី​ជួយ​រំលែក​ទុក្ខ​អ្នក​ដែល​បាត់​បង់​ឪពុកម្ដាយ​ដែរ។

 កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​កំពុង​តែ​ជប់លៀង គឺ​កុំ​អង្គុយ​ស៊ី​ផឹក​ជា​មួយ​ពួក​គេ​ឡើយ  ដ្បិត​យើង​ដែល​ជា​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នឹង​ធ្វើ​អោយ​លែង​មាន​សំរែក​ក្អាកក្អាយ ព្រម​ទាំង​ចំរៀង​របាំ​ដ៏​សប្បាយ និង​បទ​ចំរៀង​អាពាហ៍ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​ទៀត​ហើយ។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក​នៅ​ទី​នេះ។

១០ ពេល​ណា ​អ្នក​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ប្រកាស​ប្រាប់​ប្រជាជន​ពួក​គេ​មុខ​ជា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ព្រះអម្ចាស់​ចង់​ដាក់​ទោស​ពួក​យើង​យ៉ាង​ធ្ងន់ធ្ងរ​បែប​នេះ តើ​ពួក​យើង​ធ្វើ​អ្វី​ខុស? តើ​ពួក​យើង​ប្រព្រឹត្ត​អំពើ​បាប ​ណា​មួយ​ទាស់​នឹង​ព្រះហឫទ័យ​ព្រះ​អម្ចាស់​​ជា​ព្រះ​នៃ​យើង?” ១១ ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ ដូច​ត​ទៅ: ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ហើយ​នាំ​គ្នា​រត់​តាម​ព្រះ​ឯ​ទៀតៗ។ ពួក​គេ​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ គឺ​ពួក​គេ​បោះ​បង់​ចោល​យើង ហើយ​មិន​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​យើង​ទេ។ ១២ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ដូនតា​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត គឺ​ម្នាក់ៗ​នៅ​តែ​ចចេស​រឹងរូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ឥត​ស្ដាប់​យើង​ឡើយ។ ១៣ ហេតុ​នេះ​ហើយ​បាន​ជា​ យើង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នេះ ទៅ​ស្រុក​មួយ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ហើយ​ដូនតា​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ធ្លាប់​ស្គាល់​ដែរ។ នៅ​ទី​នោះ​អ្នក​រាល់​គ្នា​នឹង​គោរព​បំរើ​ព្រះ​ដទៃ ទាំង​ថ្ងៃ​ទាំង​យប់​យើង​នឹង​មិន​អាណិត​អាសូរ​អ្នក​រាល់​គ្នា​ទៀត​ឡើយ»។

មាតុភូមិ​និវត្តន៍
១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​គេ​នឹង​លែង​ស្បថ​ក្នុង​នាម “ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ ដែល​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប” ទៀត​ហើយ ១៥ ​ផ្ទុយ​​ទៅ​វិញ​គេ​នឹង​ស្បថ​ក្នុង​ព្រះនាម “ព្រះអម្ចាស់​ ដ៏​មាន​ព្រះជន្ម​គង់​នៅ ដែល​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក​ពី​ស្រុក​ខាង​ជើង និង​ស្រុក​ឯ​ទៀតៗ​ដែល​ព្រះអង្គ​បាន​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ” យើង​នឹង​នាំ​ពួក​គេ​អោយ​វិល​ត្រឡប់​មក​ទឹក​ដី​របស់​ខ្លួន​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​អោយ​បុព្វបុរស*​របស់​ពួក​គេ»។

ទោស​របស់​ជន​ទុច្ចរិត
១៦ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ចាត់​អ្នក​នេសាទ​ជា​ច្រើន​អោយ​ទៅ។ អ្នក​នេសាទ​ទាំង​នោះ​នឹង​ចាប់​ប្រជាជន​នេះ ដូច​ចាប់​ត្រី។ បន្ទាប់​មក យើង​នឹង​ចាត់​ព្រាន​ជា​ច្រើន​អោយ​ទៅ ព្រាន​ទាំង​នោះ​នឹង​បរ​បាញ់​ពួក​គេ នៅ​តាម​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​តាម​ក្រហែង​ថ្ម​នានា។ ១៧ យើង​មើល​ឃើញ​អំពើ​ទាំង​ ប៉ុន្មាន​ដែល​ប្រជាជន​នេះ​ប្រព្រឹត្ត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ អំពើ​អាក្រក់​របស់​ពួក​គេ​មិន​អាច​លាក់​កំបាំង​នឹង​ភ្នែក​យើង​ទេ។ ១៨ ​មុន​ដំបូង​យើង​សង​ចំពោះ ​អំពើ​អាក្រក់ និង​អំពើ​បាប​របស់​ពួក​គេ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​ពួក​គេ​បាន​ប្រមាថ​ទឹក​ដី​របស់​យើង ព្រម​ទាំង​ធ្វើ​អោយ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង ពោរពេញ​ដោយ​រូប​ព្រះ​ក្លែងក្លាយ​ដ៏​ចង្រៃ គួរ​អោយ​ស្អប់​ខ្ពើម​របស់​ពួក​គេ»។

មនុស្ស​គ្រប់​រូប​នឹង​ទទួល​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ
១៩ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ជា​កម្លាំង
និង​ជា​កំពែង​ដ៏​រឹងមាំ​របស់​ទូលបង្គំ
នៅ​ពេល​មាន​អាសន្ន ព្រះអង្គ​ជា​ជំរក
របស់​ទូលបង្គំ។
ប្រជាជាតិ​នានា​ដែល​នៅ​ទី​ដាច់​ស្រយាល
នឹង​នាំ​គ្នា​មក​រក​ព្រះអង្គ ទាំង​ពោល​ថា
“ដូនតា​របស់​យើង​បាន​ទទួល​ព្រះ​ក្លែងក្លាយ
ទុក​ជា​កេរ​ដំណែល
ជា​ព្រះ​ឥត​បាន​ការ គ្មាន​ប្រយោជន៍​អ្វី​សោះ!
២០តើ​មនុស្ស​លោក​ដែល​មិន​មែន​ជា​ព្រះ
អាច​បង្កើត​ព្រះ​ដូច​ម្ដេច​បាន?”
២១«ដូច្នេះ​នៅ​លើក​នេះ យើង​នឹង​ធ្វើ​អោយ​ពួក​គេ
ស្គាល់​ឫទ្ធិបារមី និង​អំណាច​របស់​យើង
ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា
ព្រះអម្ចាស់​មែន!»។