ព្យាការីយេរេមី (១៤)

ព្រះបន្ទូលនៅគ្រារាំងស្ងួត
១ នេះជាសេចក្ដីដែលព្រះអម្ចាស់
មានព្រះបន្ទូលមកកាន់លោក
យេរេមីនៅគ្រារាំងស្ងួត។
២ ប្រជាជននៅស្រុកយូដានាំគ្នាកាន់ទុក្ខ
ទីក្រុងរបស់គេធ្លាក់ដុនដាប
ហើយកាន់តែទ្រុឌទ្រោមទៅៗ។
សំរែកថ្ងូររបស់អ្នកក្រុងយេរូសាឡឹម
លាន់ឮឡើង។
៣ ពួកអ្នកធំប្រើអ្នកតូចតាចអោយទៅរកទឹក
ពេលអ្នកទាំងនោះទៅដល់ស្រះ
ពុំឃើញមានទឹកសោះ។
គេត្រឡប់មកវិញ ក្អមទទេ
ហើយខកចិត្ត អាម៉ាស់
និងអស់សង្ឃឹមទៀតផង។
៤ អ្នកស្រែចំការខកចិត្តជាខ្លាំង
ហើយអស់សង្ឃឹមដោយឃើញដីបែកក្រហែង
ព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។
៥ សូម្បីតែប្រើសនៅតាមព្រៃក៏បោះបង់ចោល
កូនរបស់វាដែលទើបនឹងកើតមកនោះដែរ
ព្រោះគ្មានស្មៅសំរាប់ជាចំណីឡើយ។
៦ សត្វលាព្រៃនាំគ្នាឈរនៅតាមកំពូលភ្នំ
ហើយហិតខ្យល់ដូចឆ្កែព្រៃ
ភ្នែកវាស្លក់អស់ ព្រោះគ្មានស្មៅស៊ី។
៧ ឱព្រះអម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់
សូមអាណិតមេត្តាដល់យើងខ្ញុំផង
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ!
យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង
យើងខ្ញុំបានប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
៨ ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល
ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ
នៅពេលមានអាសន្ន។
ហេតុដូចម្ដេចបានជាព្រះអង្គនៅព្រងើយ
ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក
ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ?
៩ ហេតុអ្វីបានជាព្រះអង្គធ្វើហាក់ដូចជា
មនុស្សគ្មានកម្លាំងកំហែង
ឬដូចវីរបុរសដែលពុំអាចជួយសង្គ្រោះ
អ្នកដទៃទៀតដូច្នេះ?
ឱព្រះអម្ចាស់អើយ ព្រះអង្គគង់នៅ
កណ្ដាលចំណោមយើងខ្ញុំស្រាប់ហើយ
យើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ
សូមកុំបោះបង់ចោលយើងខ្ញុំឡើយ។
១០ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីប្រជាជននេះថា ពួកគេមិនចេះនៅស្ងៀមទេ គឺគេចូលចិត្តរត់ទៅរកព្រះនានា។ ព្រះអម្ចាស់មិនគាប់ព្រះហឫទ័យនឹងពួកគេទេ ព្រះអង្គនឹកឃើញកំហុសរបស់ពួកគេ ហើយព្រះអង្គដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កុំអង្វរយើង អោយត្រាប្រណីប្រជាជននេះធ្វើអ្វី! ១២ ទោះបីពួកគេតមអាហារ ក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេថ្វាយតង្វាយដុត និងតង្វាយផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេ អោយវិនាសដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។
១៣ ខ្ញុំទូលព្រះអង្គថា៖ «បពិត្រព្រះជាអម្ចាស់ ពួកព្យាការីប្រាប់ពួកគេថា “អ្នករាល់គ្នានឹងមិនជួបសង្គ្រាម មិនជួបទុរ្ភិក្សទេ! ផ្ទុយទៅវិញព្រះអម្ចាស់ នឹងប្រទានអោយអ្នករាល់គ្នាប្រកបដោយសេចក្ដី សុខសាន្តដ៏ពេញលេញក្នុងស្រុកនេះ”»។
១៤ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំវិញថា៖ «ព្យាការីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេអោយថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការដែលជាការបោកប្រាស់។ ១៥ ហេតុនេះហើយបានជាយើង ដែលជាព្រះអម្ចាស់ យើងសុំប្រកាសថា ព្យាការីដែលនាំគ្នាថ្លែងសេចក្ដីក្នុងនាមយើង ដោយយើងមិនបានប្រើ គឺប្រកាសថា គ្មានសង្គ្រាម ឬទុរ្ភិក្សនៅស្រុកនេះ មុខជាត្រូវវិនាសដោយសារសង្គ្រាម និងទុរ្ភិក្សមិនខាន។ ១៦ រីឯប្រជាជនដែលបាន ស្ដាប់ពាក្យរបស់ព្យាការីទាំងនោះ ក៏ត្រូវស្លាប់ដោយសារទុរ្ភិក្ស និងសង្គ្រាមដែរ ហើយសាកសពរបស់គេ នឹងត្រូវបោះបង់ចោលនៅតាមដងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ដ្បិតគ្មាននរណាកប់ខ្មោចពួកគេ ឬខ្មោចប្រពន្ធ និងខ្មោចកូនប្រុសស្រីរបស់គេឡើយ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។
១៧ចូរអ្នកប្រកាសពាក្យនេះថា:
“ទឹកភ្នែករបស់យើងហូរទាំងយប់ទាំងថ្ងៃ
ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី
គឺក្រុងនៃប្រជាជនរបស់យើង
ត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។
១៨ពេលចេញទៅស្រុកស្រែ
យើងឃើញសុទ្ធតែសាកសព
ដែលស្លាប់ដោយមុខដាវ
ពេលចូលក្នុងទីក្រុង
យើងឃើញសុទ្ធតែអ្នករងទុក្ខដោយទុរ្ភិក្ស។
ព្យាការី និងបូជាចារ្យធ្វើដំណើរឆ្លងកាត់ស្រុក
តែពុំយល់អ្វីឡើយ”»។
១៩ឱព្រះអម្ចាស់អើយ
តើព្រះអង្គពិតជាបោះបង់ចោលយូដាឬ?
តើព្រះអង្គស្អប់ក្រុងស៊ីយ៉ូនឬ?
ហេតុអ្វីបានជាព្រះអង្គវាយយើងខ្ញុំអោយរបួស
មើលមិនជាដូច្នេះ?
យើងខ្ញុំសង្ឃឹមថាបានសុខ
តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ
យើងខ្ញុំសង្ឃឹមថាបានជាសះស្បើយ
តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។
២០ឱព្រះអម្ចាស់អើយ យើងខ្ញុំសូមសារភាពថា
យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់
ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្ត
អំពើទុច្ចរិតដែរ។
យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹង
ព្រះហឫទ័យរបស់ព្រះអង្គ។
២១ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ
សូមមេត្តាកុំបំបាក់មុខយើងខ្ញុំ
សូមកុំធ្វើអោយក្រុងយេរូសាឡឹម
ដែលជាបល្ល័ង្កដ៏រុងរឿងរបស់ព្រះអង្គ
ត្រូវអាម៉ាស់។
សូមនឹកចាំពីសម្ពន្ធមេត្រី
ដែលព្រះអង្គបានចងជាមួយយើងខ្ញុំ
សូមកុំផ្ដាច់សម្ពន្ធមេត្រីនេះឡើយ។
២២ ក្នុងចំណោមព្រះដ៏ឥតបានការរបស់
ប្រជាជាតិទាំងឡាយ
គ្មានព្រះណាអាចធ្វើអោយភ្លៀងធ្លាក់បានទេ!
សូម្បីតែមេឃផ្ទាល់
ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។
ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ
មានតែព្រះអង្គទេដែលអាចបង្អុរភ្លៀងបាន
យើងខ្ញុំសង្ឃឹមលើព្រះអង្គតែមួយប៉ុណ្ណោះ
ត្បិតហេតុការណ៍ទាំងនេះកើតមកពីព្រះអង្គ។