ព្យាការីយេរេមី (១៣)

ក្រណាត់​ក្រវាត់​ចង្កេះ
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ទិញ​ក្រណាត់​ដ៏​ល្អ​យក​មក​ក្រវាត់​ចង្កេះ តែ​កុំ​បោក​ទឹក​ឡើយ»។ ២ ខ្ញុំ​ក៏​ទៅ​ទិញ​ក្រណាត់​យក​មក​ក្រវាត់​ចង្កេះ តាម​បញ្ជា​របស់​ព្រះអម្ចាស់។

 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​សា​ជា​ថ្មី​ថា៖ «ចូរ​យក​ក្រណាត់​ដែល​អ្នក ​បាន​ទិញ ហើយ​ក្រវាត់​នៅ​នឹង​ចង្កេះ​នោះ​មក រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទន្លេ​អឺប្រាត​ លាក់​ក្រណាត់​នោះ​ទុក​ក្នុង​កន្លៀត​ថ្ម​មួយ!»។ ខ្ញុំ​ក៏​ចេញ​ដំណើរ​ទៅ ហើយ​លាក់​ក្រណាត់​នៅ​ជិត​ទន្លេ​អឺប្រាត តាម​បញ្ជា​របស់​ព្រះអម្ចាស់។  យូរ​ថ្ងៃ​កន្លង​មក​ទៀត ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ទន្លេ​អឺប្រាត​យក​ក្រណាត់​ដែល​យើង​បាន​បង្គាប់​អោយ​អ្នក​លាក់​នោះ មក​វិញ!»។ ខ្ញុំ​ក៏​ទៅ​ទន្លេ​អឺប្រាត កាយ​យក​ក្រណាត់​ដែល​ខ្ញុំ​បាន​លាក់​ទុក​មក​វិញ តែ​ក្រណាត់​នោះ​ពុក​អស់​ប្រើ​ការ​លែង​កើត។

 ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «យើង​នឹង​ធ្វើ​អោយ​ចិត្ត​អួតអាង​របស់​ប្រជាជន​យូដា និង​ចិត្ត​ក្រអឺតក្រទម​របស់​អ្នក​ក្រុង​យេរូសាឡឹម​បាន​ដូច​ក្រណាត់​ពុក​នោះ​ដែរ។ ១០ ​ប្រជាជន​នេះ​អាក្រក់​ ណាស់ ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ គឺ​គេ​ធ្វើ​តាម​ចិត្ត​ចចេស​រឹងរូស​របស់​ខ្លួន​ដោយ​រត់​តាម​ព្រះ​ដទៃ ហើយ​​នាំ​គ្នា​គោរព​បំរើ និង​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ។ សូម​អោយ​ពួក​គេ​បាន​ដូច​ក្រណាត់​នេះ ដែល​យក​ទៅ​ប្រើ​ការ​លែង​កើត! ១១ មនុស្ស​ធ្លាប់​យក​ ក្រណាត់​មក​ក្រវាត់​ចង្កេះ​របស់​ខ្លួន​យ៉ាង​ណា យើង​ក៏​ជាប់​ចិត្ត​នឹង​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​ទាំង​មូល​យ៉ាង​នោះ​ដែរ ដើម្បី​អោយ​ពួក​គេ​ធ្វើ​ជា​ប្រជាជន​របស់​យើង ជា​កិត្តិនាម ជា​គ្រឿង​អលង្ការ និង​ជា​សិរីរុងរឿង​របស់​យើង តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង​សោះ» -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

ស្រា​ទំពាំងបាយជូរ និង​ព្រះពិរោធ
១២ «ចូរ​អ្នក​យក​ពាក្យ​នេះ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “ធម្មតា​គេ​តែង​ចាក់​ស្រា​ទំពាំងបាយជូរ​ក្នុង​ថង់​ស្បែក”។ ពួក​គេ​នឹង​តប​មក​អ្នក​វិញ​ថា “យើង​ដឹង​ហើយ​ថា គេ​តែង​ចាក់​ស្រា​ទំពាំងបាយជូរ​ក្នុង​ថង់​ស្បែក!”។ ១៣ ពេល​នោះ អ្នក​ត្រូវ​ពោល​ទៅ​ពួក​គេ​ដូច​ត​ទៅ: “ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា យើង​នឹង​បង្អក​ស្រា​ដល់​ប្រជាជន​ទាំង​អស់​នៅ​ស្រុក​នេះ ព្រម​ទាំង​ស្ដេច​របស់​ពួក​គេ​ដែល​ស្នង​រាជ្យ​ត​ពី​ដាវីឌ ពួក​បូជាចារ្យ ពួក​ព្យាការី និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​រហូត​ដល់​ស្រវឹង។ ១៤ យើង​នឹង​បណ្ដាល​អោយ​ពួក ​គេ​សម្លាប់​គ្នា ទាំង​ឪពុក ទាំង​កូន គឺ​យើង​មិន​ត្រា​ប្រណី មិន​មេត្តា ឬ​អាណិត​អាសូរ​ពួក​គេ​ទេ គ្មាន​អ្វី​រារាំង​យើង​មិន​អោយ​កំទេច​ពួក​គេ​ឡើយ”» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

ព្រះបន្ទូលព្រមាន
១៥ពេលព្រះអម្ចាស់មានព្រះបន្ទូល
ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់
កុំវាយឫកខ្ពស់អោយសោះ!
១៦ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ជាព្រះរបស់អ្នករាល់គ្នា
មុនពេលព្រះអង្គនាំភាពងងឹតចូលមក
ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ
ដែលគ្របដណ្ដប់ដោយភាពអន្ធការ។
អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ
តែព្រះអង្គបានធ្វើអោយថ្ងៃនោះក្លាយទៅជា
យប់ដ៏សែនងងឹត
ព្រះអង្គធ្វើអោយពន្លឺថ្ងៃនោះក្លាយទៅជា
ពពកដ៏ខ្មៅងងឹត។
១៧ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ
នោះខ្ញុំនឹងទៅពួនយំ សោកស្ដាយ
ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។
ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង
ព្រោះហ្វូងចៀមរបស់ព្រះអម្ចាស់
ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
១៨ចូរទូលស្ដេច និងមាតារបស់ស្ដេចថា:
“សូមគង់ផ្ទាល់នឹងដីទៅ!
ដ្បិតមកុដរាជ្យរបស់ព្រះករុណា
បានធ្លាក់ចុះពីសិរសាហើយ”។
១៩ទ្វារក្រុងទាំងឡាយនៅតំបន់ខាងត្បូង
បិទអស់ហើយ គ្មាននរណាមកបើកទៀតទេ
ជនជាតិយូដាទាំងមូលត្រូវខ្មាំងនាំយកទៅជា
ឈ្លើយសឹកអស់គ្មានសល់។
២០«យេរូសាឡឹមអើយ ចូរងើបមុខឡើង
សម្លឹងមើលសត្រូវ ដែលមកពីទិសខាងជើង
តើហ្វូងចៀមដែលយើងបានប្រគល់អោយអ្នក
គឺប្រជាជនដែលធ្លាប់ធ្វើអោយអ្នកបានខ្ពស់មុខ
ទៅណាបាត់អស់ហើយ?
២១អ្នកធ្លាប់ចាត់ទុកខ្មាំងសត្រូវជាសម្ពន្ធមិត្ត
ពេលពួកគេមកបំផ្លាញអ្នក
តើអ្នកថ្លែងដូចម្ដេចទៅ?
អ្នកនឹងឈឺចាប់យ៉ាងខ្លាំង
ដូចស្ត្រីដែលហៀបនឹងសំរាលកូន។
២២ប្រសិនបើអ្នកនឹកគិតថា “ហេតុអ្វីបានជា
ព្រឹត្តិការណ៍នេះកើតមានចំពោះខ្ញុំ?”
នោះតោងដឹងថា
ខ្មាំងសត្រូវបកកេរខ្មាសរបស់អ្នក
និងរំលោភលើអ្នកដូច្នេះ
ព្រោះតែអ្នកមានកំហុសដ៏ច្រើនឥតគណនា។
២៣តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ
ហើយខ្លារខិនអាចដូរស្នាមនៅលើ
ស្បែករបស់វាបានឬទេ?
រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ
អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់
ហើយពុំអាចប្រព្រឹត្តល្អបានឡើយ។
២៤យើងនឹងកំចាត់កំចាយអ្នករាល់គ្នា
ដូចចំបើងត្រូវខ្យល់បក់ពីវាលរហោស្ថាន
ផាត់យកទៅ។
២៥យេរូសាឡឹមអើយ
នេះជាទារុណកម្មដែលយើងបម្រុងទុកសំរាប់អ្នក
ដ្បិតអ្នកបានបំភ្លេចយើង
ហើយបែរទៅផ្ញើជីវិតលើព្រះក្លែងក្លាយ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៦យើងនឹងលាត់សំពត់របស់អ្នកឡើង
រហូតដល់ក្បាល
ដើម្បីអោយគេឃើញកេរខ្មាសរបស់អ្នក។
២៧យើងបានឃើញការផិតក្បត់ តំរេកតណ្ហា
និងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នក
នៅតាមកំពូលភ្នំ និងនៅតាមទីវាល
យើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើម
របស់អ្នក!
យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខាន
ព្រោះអ្នកមិនព្រមជំរះខ្លួនអោយបានបរិសុទ្ធទេ
តើនៅដូច្នេះដល់កាលណាទៀត?»។