ព្យាការីយេរេមី (១១)

ប្រជាជន​ក្បត់​សម្ពន្ធមេត្រី
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាម​រយៈ​លោក​យេរេមី​ដូច​ត​ទៅ: «ចូរ​ស្ដាប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធមេត្រី*​នេះ ហើយ​យក​ទៅ​ប្រកាស​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម គឺ​ប្រាប់​ពួក​គេ​ថា ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​ណា​មិន​ធ្វើ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធមេ​ត្រី​នេះ​ទេ អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ៤ យើង​បាន​ចង​សម្ពន្ធមេត្រី ​នេះ​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​គេ​រង​ទុក្ខ​យ៉ាង​ខ្លាំង។ យើង​បាន​ពោល​ទៅ​ពួក​គេ​ថា: “ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក​រាល់​ គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។ ៥ ដូច្នេះ យើង​នឹង​សំរេច​តាម​ពាក្យ ដែល​យើង​បាន​សន្យា​ដល់​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ថា ប្រគល់​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ​អោយ​ពួក​គេ។ សព្វ​ថ្ងៃ​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ស្រាប់​ហើយ»។ ខ្ញុំ​ក៏​ទូល​ព្រះអង្គ​​ថា «ពិត​មែន​ហើយ​ព្រះអម្ចាស់!»។

 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
«ចូរ​នាំ​ពាក្យ​​​​​ទាំង​អស់​នេះ​ទៅ​ប្រកាស​នៅ​តាម​ក្រុង​នានា​ ក្នុង​ស្រុក​​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡឹម​ថា: “ចូរ​ស្ដាប់​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សម្ពន្ធមេត្រី​នេះ ហើយ​នាំ​គ្នា​ប្រតិបត្តិ​តាម​ទៅ”! ៧ ដ្បិត​យើង​បាន​ទូន្មាន​ បុព្វបុរស​របស់​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ទល់​ថ្ងៃ​នេះ គឺ​តាំង​ពី​ដើម​រៀង​មក យើង​តែងតែ​ដាស់តឿន​ថា “ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​របស់​យើង!”។ ៨ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ដែរ ម្នាក់ៗ​នៅ​តែ​ចចេស​ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន។ ហេតុ​នេះ​យើង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធមេត្រី គឺ​ជា​សេចក្ដី​ដែល​យើង​បង្គាប់​ពួក​គេ​អោយ​ប្រតិបត្តិ​តាម តែ​ពួក​គេ​មិន​ប្រតិបត្តិ​តាម​ទេ»។

 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ប្រជាជន​នៅ​ស្រុក​យូដា និង​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​យើង។ ១០ ពួក​គេ​វិល​ទៅ​ ប្រព្រឹត្ត​អំពើ​បាប ដូច​ដូនតា​របស់​ពួក​គេ​នៅ​ជំនាន់​មុន​ដែរ គឺ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ តែ​នាំ​គ្នា​ជំពាក់​ចិត្ត​លើ​ព្រះ​ដទៃ ហើយ​គោរព​បំរើ​ព្រះ​ទាំង​នោះ​ទៀត​ផង។ កូន​ចៅ​អ៊ីស្រាអែល និង​កូន​ចៅ​យូដា​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​ របស់​ពួក​គេ»។

១១ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​ធ្លាក់​មក​លើ​ពួក​គេ ពួក​គេ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ពួក​គេ​នឹង​ស្រែក​អង្វរ​យើង តែ​យើង​មិន​ស្ដាប់​ពួក​គេ​ទេ។ ១២ អ្នក​ក្រុង​ទាំងឡាយ​នៅ​ ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម នឹង​នាំ​គ្នា​សែន បួងសួង​រក​ព្រះ​ឯ​ទៀតៗ​ដែល​ពុំ​អាច​ជួយ​សង្គ្រោះ​ពួក​គេ នៅ​គ្រា​មាន​ទុក្ខ​វេទនា​បាន​ឡើយ។ ១៣ យូដា​អើយ អ្នក​មាន​ព្រះ​ច្រើន​ដូច​ចំនួន​ក្រុង! យេរូសាឡឹម​អើយ អ្នក​មាន​អាសនៈ​សំរាប់​សែន​ព្រះ​បាល​ដ៏​គួរ​អោយ​អាម៉ាស់ ច្រើន​ដូច​ចំនួន​ផ្លូវ!»។

១៤ «រីឯ​អ្នក​វិញ កុំ​ទូលអង្វរ​អោយ​ប្រជាជន​នេះ​ធ្វើ​អ្វី! គឺ​កុំ​ស្រែក​អង្វរ ឬ​អធិស្ឋាន​អោយ​ពួក​គេ​ឡើយ ដ្បិត​ពេល​ពួក​គេ​មាន​ទុក្ខ ហើយ​នាំ​គ្នា​អង្វរ​រក​យើង ​យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ជា​ដាច់​ខាត»។

អ៊ីស្រាអែល​ជា​ដើម​អូលីវ​របស់​ព្រះអម្ចាស់
១៥«ប្រជាជន​ជា​ទី​ស្រឡាញ់​របស់​យើង កំពុង​តែ
ប្រព្រឹត្ត​អំពើ​វៀចវេរ​យ៉ាង​ច្រើន​ឥត​គណនា
តើ​ពួក​គេ​មក​ក្នុង​ដំណាក់​យើង​ធ្វើ​អ្វី​ទៀត?
តើ​ពួក​គេ​នឹក​ស្មាន​ថា​នឹង​បាន​រួច​ខ្លួន
ដោយ​យក​យញ្ញបូជា​មក​អោយ​យើង
និង​បន់ស្រន់​យើង​ឬ?»។
១៦ព្រះអម្ចាស់​បាន​ដាក់​ឈ្មោះ​អោយ​អ្នក​ថា
“ដើម​អូលីវ​ស្រស់​បំព្រង មាន​ផ្លែ​ដ៏​ល្អ”
ប៉ុន្តែ ព្រះអង្គ​នឹង​ដុត​បំផ្លាញ​ដើម​អូលីវ​នេះ
ដោយ​ស្នូរ​សន្ធឹក​លាន់​ឮ​ឡើង​យ៉ាង​ខ្លាំង
ហើយ​មែក​របស់​វា​ត្រូវ​ហិនហោច​ខ្ទេចខ្ទី​អស់។

១៧ អ៊ីស្រាអែល​អើយ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​ដាំ​អ្នក ដូច​ដាំ​ដើម​អូលីវ។ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​នាំ​គ្នា​អុជ​ធូប​បួងសួង​ព្រះ​បាល។ ហេតុ​នេះ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ហើយ​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​អ្នក​ជា​មិន​ខាន។

អ្នក​ភូមិ​អាណាតូត​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​លោក​យេរេមី
១៨ ព្រះអម្ចាស់​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​អំពី​ឧបាយកល ដែល​ពួក​គេ​បម្រុង​នឹង​ធ្វើ​ចំពោះ​ខ្ញុំ។ ១៩ ពី​មុន​ខ្ញុំ​ប្រៀប​បាន ​នឹង​កូន​ចៀម​ដ៏​ស្លូត​ដែល​គេ​ដឹក​ទៅ​ទី​សត្តឃាត។ ខ្ញុំ​ពុំ​បាន​ដឹង​អំពី​គំរោងការ​ដែល​ពួក​គេ​គិត​បម្រុង​នឹង​ធ្វើ​ចំពោះ​ ខ្ញុំ​ទេ។ ពួក​គេ​និយាយ​គ្នា​អំពី​ខ្ញុំ​ថា “យើង​នាំ​គ្នា​រំលំ​ដើម​ឈើ​កំពុង​តែ​មាន​ផ្លែ​នេះ​ទៅ យើង​ដក​វា​ចេញ​ពី​ចំណោម​មនុស្ស​មាន​ជីវិត កុំ​អោយ​នរណា​នឹក​នា​ដល់​ឈ្មោះ​វា​ទៀត!”។

២០បពិត្រ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ព្រះអង្គ​ជា​ចៅក្រម​ដ៏​សុចរិត
ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស
យ៉ាង​ច្បាស់
ទូលបង្គំ​នឹង​ឃើញ​ព្រះអង្គ​រក​យុត្តិធម៌
ដោយ​ដាក់​ទោស​ពួក​គេ​ជា​មិន​ខាន
ទូលបង្គំ​ប្រគល់​រឿង​ហេតុ​របស់​ទូលបង្គំ
លើ​ព្រះអង្គ​ទាំង​ស្រុង។

២១ ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រឆាំង​នឹង​អ្នក​ភូមិ​អាណាតូត ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ដោយ​ពោល​មក​ខ្ញុំ​ថា “កុំ​ថ្លែង​ព្រះបន្ទូល​ក្នុង​នាម​ព្រះអម្ចាស់​ឡើយ បើ​មិន​ដូច្នោះ​ទេ​អ្នក​មុខ​ជា​ស្លាប់​ដោយ​ដៃ​ពួក​យើង​មិន​ខាន!”។ ២២ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គេ គឺ​ពួក​យុវជន​របស់​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ​នឹង​ស្លាប់​ដោយ​ទុរ្ភិក្ស។ ២៣ ក្នុង​ចំណោម​ពួក​គេ​ គ្មាន​នៅ​សេសសល់​នរណា​ម្នាក់​សោះ ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​ដាក់​ទោស​អ្នក​ភូមិ​អាណាតូត យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​ពួក​គេ»។